វេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល”

ភ្នំពេញ៖ សូមភាគីពាក់ព័ន្ធ សិក្សាឱ្យបានស៊ីជម្រៅ អំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ សំដៅធានាបានសុខដុមរមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងធ្វើការពិចារណា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងយ៉ាងនេះ ក្នុងឱកាសបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់។ ឯកឧត្តមនបន្តថា៖ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តាដែលមិនអាចខ្វះបាន ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវលក្ខខណ្ឌការងារ,ធានាបាននូវភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាព របស់បងប្អូនកម្មករ និយោជិត,និងធានាបាននូវនិរន្តភាពអាជីវកម្មពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។

ឯកឧត្តមជឿជាក់ថា វេទិកាត្រីភាគីនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាព និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ លើអនាគតនៃការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវអនុវត្តស្របតាមប្រកាស របស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លើគ្រប់ទិដ្ឋភាពរួម ទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ។

ឯកឧត្តម អ៊ិត សំហេង បានលើកទឹកចិត្តឱ្យបន្តយន្តការគាំទ្រហិរញ្ញវត្ថុ ពីពហុភាគី ប៉ុន្តែសូមជៀសវាងការធ្វើចលនាទាមទារ ឱ្យមានការកាត់ភាគទានពីកម្មករ និយោជិត តាមរយៈសហជីព ដើម្បីគាំទ្រហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ច ក្នុង និងក្រោយវិបត្តិកូវីដ-១៩នេះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមាន ដល់ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនកម្មករនិយោជិត។ ការជ្រើសរើស និងការបណ្តុះបណ្តាលអាជ្ញាកណ្តាល ការងារថ្មីៗ បន្ថែម គឺជាកត្តាចាំបាច់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំឱ្យវិទ្យាស្ថានជាតិការងារ ចាប់ផ្តើមរៀបចំការបណ្តុះបណ្តាល អាជ្ញាកណ្តាល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិការងារផងដែរ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner