ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកពិតជាចង់ជួបជាមួយលោក ចូ បៃដិន ដោយផ្ទាល់

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីអាមេរិកលោក ចូ បៃដិន ថា លោកពិតជាចង់ជួបលោក បៃដិន ផ្ទាល់ នៅពេលពួកលោកធ្វើកិច្ចពិភាក្សាគ្នាតាមរយៈតំណភ្ជាប់វីដេអូអនឡាញកាលពីដើមខែនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ។

លោក ពូទីន បាននិយាយជាការឆ្លើយតបទៅនឹងលោក បៃដិន ដោយនិយាយថា ពួកយើងពិតជានឹងជួបដោយផ្ទាល់… ខ្ញុំពិតជាចូលចិត្តបែបនោះ… និងថា លោកសោកស្តាយដែលពួកលោកមិនបានជួបមុខគ្នាផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុងរ៉ូម កាលពីចុងខែតុលាកន្លងទៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីទូរទស្សន៍រដ្ឋ Rossiya 1 ។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីតទ្រី ផេស្កូវ បាននិយាយថា វាលឿនពេកក្នុងការនិយាយអំពីជំនួបទល់មុខគ្នារវាងលោក ពូទីន និងលោក បៃដិន  ដោយលោកបានហៅវាថា ជា “សំណួរសម្រាប់ពេលអនាគត” ។ ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​បាន​ជជែក​គ្នា​តាមតំណភ្ជាប់​វីដេអូអនឡាញ​កាលពី​ថ្ងៃ​អង្គារសប្តាហ៍មុន ​ចំពេល​មាន​ភាព​តានតឹង​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី ​និង​អ៊ុយក្រែន។

នៅក្នុងវីដេអូដែលបានចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ផេស្កូវ បាននិយាយថា លោក ពូទីន មិនមានហេតុផលជាក់លាក់សម្រាប់សុទិដ្ឋិនិយម បន្ទាប់ពីបាននិយាយទៅកាន់លោក បៃដិន ដោយសារតែការបន្ត និងភាពខុសគ្នាយ៉ាងធ្ងន់ធ្ងររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជុំវិញ “ខ្សែបន្ទាត់ក្រហម” របស់ទីក្រុងមូស្គូ ដែលខ្លួនមិនចង់អោយលោកខាងលិចឆ្លងកាត់៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner