លោក ចូ បៃដិន៖ ការបញ្ជូនទាហានអាមេរិកទៅអ៊ុយក្រែន “មិនដែលមាននៅលើតុ” ទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា លទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ី គឺ “មិនដែលមាននៅលើតុ” ទេ ទោះបីជាសហរដ្ឋអាមេរិក និងអង្គការណាតូ នឹងតម្រូវឱ្យបញ្ជូនកងកម្លាំងបន្ថែមទៀតទៅកាន់ភាគខាងកើតនៃបណ្តាប្រទេសអង្គការណាតូក៏ដោយ ដើម្បីពង្រឹងការការពាររបស់ពួកគេ។

លោក បៃដិន បន្តថា លោកបានព្រមានសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អំពី “តម្លៃដ៏គួរឱ្យភ័យខ្លាច” ប្រសិនបើទីក្រុងមូស្គូឈ្លានពានអ៊ុយក្រែន។ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ចំពោះលោកប្រធានាធិបតី ពូទីន ថា ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានលើអ៊ុយក្រែននោះ ផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធំសម្រាប់សេដ្ឋកិច្ចប្រទេសរបស់រុស្ស៊ី នឹងទទួលរងនូវការបំផ្លិចបំផ្លាញ។ កាលពីពេលថ្មីៗនេះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ដើម្បីរៀបចំសម្រាប់ការវាយលុកយោធាទ្រង់ទ្រាយធំដែលអាចកើតមាន។

ជាមួយគ្នានោះ រុស្ស៊ីបានចោទប្រកាន់បកទៅអ៊ុយក្រែន និងសហរដ្ឋអាមេរិកវិញ អំពីអាកប្បកិរិយាបង្កអស្ថិរភាព ហើយបាននិយាយថា ខ្លួនត្រូវការការធានាសន្តិសុខនៅតាមព្រំដែនសម្រាប់ការការពារខ្លួន។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីខែមុន លោក ពូទីន បាននិយាយថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូក្នុងប្រទេសអ៊ុយក្រែន គឺជាខ្សែបន្ទាត់ក្រហមដែលលោកសង្ឃឹមថា នឹងមិនត្រូវបានឆ្លងកាត់នោះទេ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner