Cambodia2050 Ep31: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ

អត្ថបទដោយ៖
AMS

ប្រធានបទ៖ ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងការចូលរួមចំណែកកាត់បន្ថយកម្ដៅលើភពផែនដីជាមួយពិភពលោក

សំនួរ៖ សម្រាប់ការងារទាក់ទងទៅនឹង ការប្រែប្រួលអាកាសធាតុក៏ដូចជាការងារទាក់ទងទៅនឹងបរិស្ថាននេះផងដែរ នោក្នុងនាមក្រសួងបរិស្ថានជាសាមីក៏ដូចជា លោកបណ្ឌិតផ្ទាល់ជាប្រធាននាយកដ្ឋានផ្នែកការប្រែប្រួលអាកាសធាតុ ថាតើកម្ពុជាបានធ្វើកិច្ចការអ្វីខ្លះទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសនៅក្នុងការចូលរួមចំណែកកុំឲ្យមានបញ្ហាបរិស្ថានជាពិសេសគឺការប្រែប្រួលអាកាសធាតុនេះផងដែរ?

ជាដំបូងខ្ញុំបាទ! សូមបញ្ជាក់នូវចំណុចសំខាន់ៗ ដែលកម្ពុជាអាចចូលរួមលើឆាកអន្តរជាតិ ដើម្បីដោះស្រាយការងារការប្រែប្រួលអាកាសធាតុ។ កត្តាចម្បងដែលកំណត់ជាការវិនិច្ឆ័យសម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះគឺ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ប្រសិនបើកម្ពុជាពុំមានសុខសន្តិភាព និងស្ថេរភាពនយោបាយនៅទេ កម្ពុជាមិនអាចមានឱកាសក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម កុំថាឡើយការចូលរួមលើឆាកអន្តរជាតិដើម្បីដោះស្រាយការងារផ្សេងៗ ជាពិសេសគឺលើការងារការប្រែប្រួលអាកាសធាតុនេះ។ ជាមួយគ្នានេះដែរ ខ្ញុំសូមជម្រាបជូនផងដែរថា កម្ពុជាគឺជាប្រទេសមួយដែលមានឆន្ទៈខ្ពស់ ក្នុងការចូលរួមជាមួយអន្តរជាតិដើម្បីដោះស្រាយការងារផ្សេងៗក្នុងនោះ ការងារប្រែប្រួលអាកាសធាតុគឺជាកត្តាមួយចម្បង យើងឃើញហើយថាប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញទើបតែឆ្នាំ 1998 នោះទេគឺក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែយើងក្រឡេកមកមើលការងារប្រែប្រួលអាកាសធាតុវិញ យើងឃើញថាប្រទេសកម្ពុជាបានចុះហត្ថលេខាទៅលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុតាំងពីឆ្នាំ 1995 ហើយយើងចូលជាសមាជិកនៅឆ្នាំ 1996 មានន័យថានៅក្នុងអំឡុងពេលនោះ កម្ពុជាយើងពុំទាន់មានសុខសន្តិភាពពេញលេញនោះទេ ប៉ុន្តែកម្ពុជាបានបង្ហាញឆន្ទះខ្ពស់ ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិដើម្បីដោះស្រាយនូវបញ្ហាសកលមួយនេះ។

ជាងនេះទៅទៀត កម្ពុជាយើងបានចូលរួមជាសមាជិកនៃពិធីសារក្យូតូនៅឆ្នាំ 2002 ហើយនៅឆ្នាំ 2015 យើងមានព្រឹត្តិការណ៍ធំមួយគឺហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ក្នុងអំឡុងពេលនេះដែរ ជាព្រឹត្តិការណ៍មួយដ៏សំខាន់ដែលពិភពលោកបានសម្រេចជាកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាដោះស្រាយទៅលើការប្រែប្រួលអាកាសធាតុ ជាពិសេសយើងធ្វើយ៉ាងណាដើម្បីជំរុញ កុំឲ្យមានកំណើនកម្ដៅសីតុណ្ហភាពលើសពី 2 អង្សារ ឬក៏កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយកំណើនកម្ដៅ ឲ្យនៅត្រឹមតែ 1.5 អង្សាសេ.។ ចំពោះលើឆាកជាតិវិញតើយើងធ្វើអ្វីខ្លះ? ប្រទេសកម្ពុជាយើងបានចាប់ផ្ដើមដំបូង ទាំងទៅលើការអនុវត្តន៍គម្រោង ស្ដីពី ការប្រែប្រួលអាកាសធាតុក្នុងនាមជាសមាជិក ក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅពេលនោះគឺយើងបានរៀបចំនូវរបាយការណ៍ជាតិលើកទីមួយ ដើម្បីចូលរួមក្នុងការអនុវត្តអនុសញ្ញា។ ក្នុងអំឡុងពេលនោះយើងឃើញថា ទាំងបញ្ហាធនធានមនុស្សទាំងបញ្ហាបច្ចេកទេសទាំបញ្ហាហិរញ្ញវត្ថុ យើងនៅមានកម្រិតមែនទែន ដោយសារតែយើងមានការប្ដេជ្ញាចិត្ត ក៏ដូចជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យើងបានធ្វើការងារនេះជោគជ័យ រហូតដល់យើងអាចដាក់ជូននូវរបាយការណ៍ជាតិលើកទីមួយរបស់យើងនៅក្នុងឆ្នាំ 2002 ដោយមើលឃើញនូវភាពចាំបាច់នៃការងារប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលជាពិសេសតាមរយៈក្រសួងបរិស្ថាន យើងបានបង្កើតនូវការិយាល័យការប្រែប្រួលអាកាសធាតុនៅឆ្នាំ 2003 មានន័យថា យើងកើតចេញពីគម្រោង យើងបង្កើតចេញជាស្ថាប័នមួយច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងក៏ដូចជា អនុវត្តសកម្មភាពដើម្បីឆ្លើយតបទៅនឹងការងារការប្រែប្រួលអាកាសធាតុនេះផងដែរ។ នៅឆ្នាំ 2009 ក្រសួងបរិស្ថានក៏បានបង្កើតទៅជានាយកដ្ឋានប្រែប្រួលអាកាសធាតុ អញ្ចឹងយើងឃើញថា យើងបានវិវត្តពីគម្រោងទៅជាការិយាល័យប្រែប្រួលកាសធាតុ ពីការិយាល័យប្រែប្រួលកាសធាតុ ទៅជានាយកដ្ឋានប្រែប្រួលអាកាសធាតុ។

យើងមានការគាំទ្រពីដៃគូជាច្រើន ដើម្បីចូលរួមដោះស្រាយការងារការប្រែប្រួលអាកាសធាតុនេះ ទាំងពីដៃគូពហុភាគីទាំងដៃគូទ្វេភាគី ហើយយើងក៏មានអង្គការសង្គមស៊ីវិល ក៏ដូចជាម្ចាស់ជំនួយមូលនិធិជាច្រើន គាំទ្រព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តសកម្មភាព ក្នុងការឆ្លើយតបលើការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជា ដោយមើលឃើញពីភាពចាំបាច់នៃការប្រែប្រួលអាកាសធាតុនេះ យើងបានបញ្ជ្រាបការងារ ប្រែប្រួលអាកាសធាតុនេះ ទៅក្នុងគោលនយោបាយ ទៅក្នុងផែនការអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសយើងបានបញ្ជ្រាបការងារការប្រែប្រួលអាកាសធាតុ ចូលទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យើងបានបញ្ជ្រាបការងារការប្រែប្រួលអាកាសធាតុ ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល យើងក៏បានរៀបចំយុទ្ធសាស្ត្រជារយៈពេល 10 ឆ្នាំដែលហៅថា យុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុកម្ពុជា សំដៅជំរុញដល់ការអភិវឌ្ឍន៍ដោយមានការបញ្ចេញកាបូនតិច ភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាពផ្អែកទៅលើចំណេះដឹង ក្រោយពីយើងបានរៀបចំយុទ្ធសាស្ត្ររយៈពេល 10 ឆ្នាំនេះយើងក៏បានបញ្ជ្រាបនូវការងារប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ក្នុងពេលនោះយើងបានបញ្ជ្រាបការងារការប្រែប្រួលអាកាសធាតុទៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន 14 នៅលើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាងនេះទៅទៀតរាជរដ្ឋាភិបាល ក៏បានបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុនេះ ទៅក្នុងផែនការអភិវឌ្ឍន៍តាមថ្នាក់ក្រោមជាតិ ដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើការប្រែប្រួលអាកាសធាតុនេះមិនមែនគ្រាន់តែក្នុងកម្រិតជាតិ ប៉ុន្តែរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។ យើងក៏បានបញ្រ្ជាបការងារប្រែប្រួលអាកាសធាតុទៅក្នុងស្ថាប័នអប់រំ ស្ថាប័នសិក្សារសា្រវជ្រាវផងដែរ ដោយមើលឃើញពីភាពចាំបាច់ ថាយើងត្រូវតែពង្រឹងស្ថាប័នសិក្សាស្រាវជ្រាវដើម្បីជាមូលដ្ឋានក្នុងការផ្ដល់ជា ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តទៅដល់អ្នកធ្វើគោលនយោបាយ ឬក៏អ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីរៀបចំជាយុទ្ធសាស្ត្រជាផែនការសកម្មភាព ក៏ដូចជាសកម្មភាពនានាដើម្បីឆ្លើយតបទៅនឹងការងារប្រែប្រួលអាកាសធាតុនេះដែរ។ ហើយយើងក៏បានរៀបចំនូវរបាយការណ៍មួយចំនួន ដូចជាថ្មីៗនេះគឺរាជរដ្ឋាភិបាលបានដាក់ជូន នូវរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយជាមួយនឹងការងារប្រែប្រួលអាកាសធាតុ ហើយនៅក្នុងរបាយការណ៍នេះដែរ យើងក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយការងារប្រែប្រួលអាកាសធាតុ ដែលរបាយការណ៍នេះលើកទីមួយ យើងបានដាក់ជូននូវឆ្នាំ 2015 ហើយកាលពីឆ្នាំ 2020 នេះគឺយើងបានរៀបចំរបាយការណ៍ហៅថា បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុ ហើយយើងក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុគឺយើងអាចចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ 42 ភាគរយត្រឹមឆ្នាំ 2030 បើប្រៀបធៀបជាមួយនឹងការអនុវត្តនូវទំលាប់ធម្មតា។

ទាំងនេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការចូលរួមចំណែករបស់កម្ពុជាដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប៉ុន្តែយើងឃើញថា មានការសិក្សាមួយចំនួនបានបង្ហាញថា នៅពេលដែលយើងអនុវត្តន៍របាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុនេះ យើងឃើញថា យើងមិនអាចរក្សាកំណើនសីតុណ្ហភាព ឲ្យនៅក្រោម 2 អង្សាសេ ឬ 1.5 អង្សាសេបាននោះទេ អញ្ចឹងនៅលើពិភពលោកក៏បានរួមគ្នាថា យើងត្រូវតែគិតគូរអំពីការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីដោះស្រាយការងារការប្រែប្រួលអាកាសធាតុន​ ដោយមើលឃើញភាពចំបាច់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២០ ថាកម្ពុជានឹងរៀបចំផែនការរយៈពេលវែងប្រកបដោយអព្យាក្រឹត្យបទ។ ក្រោយពីប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថានក៏ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីសម្របសម្រួល និងដឹកនាំរៀបចំរបាយការណ៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យបទ ហើយយើងឃើញថា បច្ចុប្បន្ននេះយើងកំពុងតែដល់ដំណាក់កាលបញ្ចប់នៃរបាយការណ៍យុទ្ធសាស្ត្ររយៈពេលវែងនេះ។ យើងសង្ឃឹមថា នេះគឺជាភត្តាងមួយថែមទៀត ជាការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការងារប្រែប្រួលអាកាសធាតុនេះ៕

***********

វាគ្មិន៖ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានការប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner