ស្ថាប័នប៉ូលិសថៃ៖ ដាច់ខាតមិនឱ្យក្រុមប្រឆាំងយកទឹកដីថៃ ជាទីតាំងធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិប្រទេសថៃ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា បានបញ្ជាក់យ៉ាងច្បាស់ថា “គោលនយោបាយរាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលិសថៃ ដាច់ខាតមិនឱ្យក្រុមប្រឆាំងយកទឹកដីថៃជាទីតាំងធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសណាមួយឡើយ”។ សមត្ថកិច្ចប៉ូលិសថៃគ្រប់លំដាប់ថ្នាក់នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចប៉ូលិសកម្ពុជាជានិច្ច”។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិថៃ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីបញ្ជាការដ្ឋាននគរបាលជាតិថៃ ក្នុងទីក្រុងបាងកក នាពេលថ្មីៗកន្លងមកនេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស អនុញ្ញាតភ្ជាប់ Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលិសថៃ និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃ ដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនតាមព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ និងប៉ូលិសថៃដែលបានរួមសហការក្នុងការចាប់ក្រុមឧក្រិដ្ឋកម្មបរទេស ដែលបានយកទឹកដីកម្ពុជាបោកបញ្ឆោតយុវជនថៃ ស្ត្រីថៃតាមរយៈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទ (CALL CENTER) និងជាពិសេសថែមទាំងបានលួចចាប់ពង្រត់ស្រ្តីថៃ ដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗ ២០០០០-៣០០០០បាត ដែលរឿងនេះ កម្ពុជាពុំមានទាក់ទិនសោះនោះឡើយ។ ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់ប៉ូលិសថៃដែលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ក្រុមមេខ្យល់ក្នុងការនាំពលករខុសច្បាប់ចូលប្រទេសថៃ នូវកិច្ចសហការល្អរបស់ប៉ូលិសថៃ ដែលកន្លងមកបានដោះស្រាយ និងបញ្ចប់ឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងល្អប្រសើរ។ ត្រង់ចំនុចទាំងនេះបានពិសោធន៍ឱ្យឃើញ និងបានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាមិនមានពាក់ព័ន្ធ ហើយនិងមិនធា្លប់គាំទ្រដល់ការជួញដូរមនុស្ស ឬជួញដូរកម្លាំងពលកម្មខុសច្បាប់នោះឡើយ។ មូលហេតុនេះហើយបានជាមានការចូលរួមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងមានការចូលរួមបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យច្រើនឡើងបន្ថែមទៀត ដើម្បីជំរុញលើកស្ទួយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា កន្លងមកវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានអត្រាកើនឡើងដល់១៤ទៅ១៦ភាគរយជារៀងរាល់ឆ្នាំ។ បើក្នុងករណីមានច្បាប់តឹងរ៉ឹងត្រង់ចំណុចណាដែលជះផលអវិជ្ជមានដល់ការបម្រើលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងនឹងធ្វើការកែលម្អ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិន ម្ចាស់អាជីវកម្មប្រទេសទាំងពីរមានភាពងាយស្រួល ទទួលបានការគាំពារ ដោយឡែកបើនិយាយពីពលករខ្មែរចំណាកស្រុកក៏មានលទ្ធភាពអាចចូលមកធ្វើការនៅប្រទេសថៃឱ្យបានត្រឹមត្រូវតាមច្បាប់ដែរ។

ក្នុងជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងប៉ូលិសជាតិរបស់ប្រទេសថៃបានថ្លែងថា ពលករបរទេសស្ថិតនៅក្នុងតំបន់ភាគខាងកើតសុទ្ធសឹងជាពលករកម្ពុជាទាំងអស់។ ពួកគេបានចូលមកជួយជាកម្លាំងលើវិស័យកសិកម្មដូចជា ដាំអំពៅ និងការប្រមូលផលកសិកម្មតាមរដូវកាល។ អ្វីដែលលោកចង់ឃើញនោះ គឺការដែលមានមជ្ឈមណ្ឌលបម្រើបែប One Stop Service ក្នុងការផ្តល់លិខិតអនុញ្ញាតដល់ការធ្វើការងាររបស់ពលរដ្ឋកម្ពុជា ក្នុងនេះគួរមាននៅ កោះកុង ប៉ោយប៉ែត ដែលលោកធ្លាប់បានរៀបចំមកហើយក្នុងសម័យដែលលោកបានបំពេញតួនាទី និងទទួលខុសត្រូវក្នុងតំបន់ទាំងនោះនាកន្លងមក។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានសម្តែងការយល់ស្របក្នុងការផ្តួចផ្តើមឱ្យមាន One Stop Service តាមបណ្តាខេត្តជាប់ព្រំដែន និងបានថែ្លងបញ្ជាក់ពីការយកចិត្តដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការរៀបចំផ្តល់ភាពងាយស្រួលដល់ពលករខែ្មរចំណាកស្រុកតាមប្រព័ន្ធឌីជីថល (Mobile Safety App)។ ដោយឡែកឯកឧត្តមក៏បានជម្រាបជូនឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អំពីការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ស្តីពីការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងការប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនតម្រូវឱ្យចត្តាឡីស័កឡើយ។ ការបើកឡើងវិញនេះ គឺដោយយោងទៅលើភាពជោគជ័យនៃការគ្រប់គ្រងបានយ៉ាងល្អចំពោះស្ថានការណ៍នៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្មែរសម្រេចបានជាង១៤លាននាក់ នៃប្រជាជនគោលដៅ១៦លាននាក់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner