G7 ព្រមាន «ផលវិបាកដ៏ធំ» ប្រសិនបើរុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែន

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២ ធ្នូ​ក្រុម​ប្រទេស​អ្នក​មាន​ G7 ព្រមាន​ប្រទេស​រុស្សី​ថា​ពួកគេ​អាច​ប្រឈម​នឹង​ «ផលវិបាក​ដ៏​ធំ​» ប្រសិន​បើ​ពួកគេ​សម្រេច​ចិត្ត​វាយ​ប្រហារ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ នេះ​បើ​តាម​ការ​រាយការណ៍​ដំបូង​ដោយ​សារព័ត៌មាន​ Reuters ផ្អែក​ទៅ​លើ​សេចក្ដីថ្លែងការណ៍​ព្រាង​មួយ​។

ភ្នាក់​ងារ​ចារកម្ម​អាមេរិក​បាន​វាយ​តម្លៃ​ថា​រុស្សី​អាច​កំពុង​រៀប​ចំ​ផែនការ​ធ្វើ​វាយលុក​ពហុ​សមរភូមិ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ដើម​ឆ្នាំ​ក្រោយ​ ដែល​អាច​មាន​ការ​ចូល​រួម​ទាហាន​រហូត​ទៅ​ដល់​ ១៧៥.០០០ នាក់​។

រុស្សី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​និយាយ​ថា​លោក​ខាង​លិច​គឺ​កំពុង​មាន​បញ្ហា​ពី​រើស​អើង​រុស្សី​។ ទីក្រុង​មូស្គូ​និយាយ​ថា ការ​ពង្រីក​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​បាន​គំរាម​កំហែង​ដល់​ប្រទេស​រុស្សី និង​បាន​បំពាន​លើ​ការ​ធានា​ដែល​បាន​ផ្ដល់​ឱ្យ​ពួកគេ ខណៈ​ដែល​សហភាព​សូវៀត​បាន​ដួល​រលំ​នៅ​ឆ្នាំ ១៩៩១​។

ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ទាមទារ​ឱ្យ​មាន​ការ​ធានា​សន្តិសុខ​ស្រប​ច្បាប់​ថា NATO នឹង​មិន​ពង្រីក​មក​ភាគ​ខាង​កើត​បន្ថែម​ទៀត ឬ​ដាក់​អាវុធ​របស់​ខ្លួន​នៅ​ជិត​ទឹក​ដី​រុស្សី​ឡើយ​។ ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គ្មាន​ប្រទេស​ណា​អាច​វេតូ​លើ​ក្តី​សង្ឃឹម​របស់​អ៊ុយក្រែន​ដើម្បី​ចូល​រួម​អង្គការ​ណាតូ​បាន​ទេ​។

យោង​តាម​សេចក្ដីថ្លែងការណ៍​ខាង​លើ​ គណៈប្រតិភូ G-7 ដែល​កំពុង​ប្រជុំ​នៅ​ទីក្រុង​លីវ័រពូល​ របស់​អង់គ្លេស បាន​និយាយ​ថា ពួកគេ​បាន​រួបរួម​គ្នា​ក្នុង​ការ​ថ្កោលទោស​ការ​ប្រមូល​ផ្ដុំ​យោធា​របស់​រុស្ស៊ី​នៅ​ជិត​អ៊ុយក្រែន ហើយ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​មូស្គូ កាត់​បន្ថយ​ភាព​តាន​តឹង៕

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner