ការចំណាយលើវិស័យសុខភិបាល ធ្វើឱ្យប្រជាជនជាងកន្លះពាន់លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រ

ប្រជាជន​​ជាង​​កន្លះពាន់​លា​ន​​នាក់នៅទូទាំងពិភពលោក ធ្លាក់​ចូល​ទៅ​ក្នុងភាពក្រីក្រខ្លាំ​ង​កា​លពី​ឆ្នាំ​មុន ដោយសារ​ការ​ចំណាយ​ថ្លៃ​វិស័យ​សុខាភិបាល​ក្នុង​អំឡុង​ពេល​​រីក​រាលដាលនៃជំងឺ​កូ​វីដ-១៩។​  នេះ​បើយោ​ង​តាម​អង្គការ​សុខភាពពិភពលោក​ ​និងធនាគារ​ពិ​ភពលោ​ក។​

សេចក្តី​ថ្លែ​ង​ការ​ណ៍​រួមពីអង្គការទាំង​ពីរ ចេញផ្សាយ​កាលពី​ពី​ថ្ងៃអាទិត្យរៀបរាប់​ថា ជំងឺរា​ត​ត្បាត​បាន​និង​កំពុង​ប៉ះពាល់​​ដល់​សេវា​សុខភា​ពទូ​ទាំង​ពិ​ភ​ព​លោក និងបង្កឱ្យមា​ន​វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុ​ត​ចា​ប់តាំងពីទសវត្សរ៍ឆ្នាំ​ ១៩៣០ ដែល​ធ្វើឱ្យវាកាន់តែពិបាកស​ម្រាប់ប្រជាជនក្នុងការចំណាយលើកា​រថែ​ទាំ​សុខ​ភាព។

អគ្គនាយកអង្គការ​សុខភាព​ពិភព​លោក​ WHO លោក Tedros Adhanom Ghebreyesus ​បញ្ចាក់​​ថា​៖​ «​រដ្ឋា​ភិ​បាលទាំ​ងអ​ស់ ត្រូ​វ​តែចាប់ផ្តើម​​ និង​ពន្លឿនកិច្ចខិត​ខំ​ប្រឹ​ងប្រែងវិញ​លឿន​ៗ​ ដើម្បី​ធានា​ថា​ ប្រជា​​ព​ល​រដ្ឋ​​ម្នាក់ៗ​ អាចទទួលបានសេវាសុខភាព ដោយ​មិ​នភ័យខ្លាចពីផលវិបាកផ្នែកហិ​រ​ញ្ញវត្ថុ»​។

លោក Tedros បានជំរុញឱ្យ​រ​ដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់រប​​ស់ពួ​​កគេ​លើប្រព័ន្ធថែទាំសុខភាព និងបន្តឆ្ពោះទៅរក​ការ​គ្រ​បដណ្តប់សុខភាពជា​សកល ដែលអង្គការសុខភា​ពពិ​ភពលោកបាន​កំណ​ត់ ពោល​គឺ​​​ម​នុ​ស្ស​គ្រ​ប់​រូ​​ប ទទួលបានសេវាសុខភាព ដែលពួ​កគេត្រូវការ​ ដោយ​គ្មា​ន​ការ​លំបាក​ផ្នែក​ហិ​រ​ញ្ញ​វ​ត្ថុ​។​

លោក​បាន​បន្ថែម​ថា​៖ «​មុន​ការ​រាតត្បាត​ជំងឺ​រាតត្បាត ប្រទេស​ជា​ច្រើន​មាន​ការ​រីក​ចម្រើន។ ប៉ុន្តែ​វាមិ​ន​រឹ​ង​មាំ​គ្រប់​គ្រា​​ន់ទេ​។​ ​លើ​ក​នេះ ​យើងត្រូវ​តែ​ក​សាង​​ប្រព័ន្ធសុខាភិបាលដែលរឹង​មាំ​គ្រ​ប់គ្រាន់ ដើម្បី​ទ​ប់​ទ​ល់​នឹ​ង​កា​រ​ប៉ះ​ទ​ង្គិចនានា ដូចជាជំងឺរាតត្បាតបន្ទាប់ ហើយបន្តដំណើរឆ្ពោះទៅរកការ​គ្រ​ប​ដ​ណ្ត​ប់​សុ​ខ​ភាព​ជា​សកល​»​។​

ការថែទាំសុខភាព គឺ​ជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរ​ដ្ឋ​អា​មេ​រិក ដែលជាប្រទេសមួយក្នុង ចំណោ​ម​ប្រទេសឧស្សាហកម្មមួយចំនួ​ន​ ដែលមិនមានការធានា​រ៉ា​ប់​រ​ងជាសកលសម្រាប់ពលរដ្ឋរបស់ខ្លួន។

នៅទូទាំងពិភពលោក ជំងឺរាតត្បាតបានធ្វើឱ្យអ្វីៗកាន់តែអាក្រក់ឡើង​ ហើយការ​ចែក​ចាយ​វ៉ាក់សាំង​បាន​ធ្លាក់​ចុះជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ ដោយចំនួនអ្ន​ក​ស្លាប់ ដោយសា​រ​ជំងឺ​របេង និង​គ្រុន​ចាញ់ក៏​បាន​​កើន​ឡើង​។

លោក Juan Pablo Uribe នាយកសកលស​​​ម្រាប់សុខភាព អាហារូបត្ថម្ភ និង​ប្រជាជន​នៅ​ធនាគារ​ពិភព​លោក​បាន​និយាយថា៖​ «​ខណៈ​ពេល​សារពើពន្ធមានកម្រិត​ ​រដ្ឋាភិបាលនឹងត្រូវ​ធ្វើ​កា​រ​ជ្រើស​រើស​ដ៏​លំ​បា​ក​ដើម្បី​កា​រពារ និងបង្កើនថវិកាសុ​ខភា​ព​»​។

លោក​បាន​បន្តថា​៖ «សូម្បីតែមុន​ពេ​លការរាតត្បាតនៃជំងឺកូ​វី​ដ-១៩ វិបត្តិ​នេះ​ បាន​វាយប្រហារមនុស្សជិត ​១ ពាន់​លា​ន​នាក់ កំ​ពុ​ង​ចំណា​យ​ច្រើ​ន​ជាង ១០ ភាគ​រ​យ​នៃ​ថ​វិ​កា​គ្រួសារ​រ​ប​ស់​ពួ​ក​គេលើសុខភាព​។ ​នេះ​មិន​​អា​ច​​ទទួល​យក​បាន​ទេ ជា​​ពិ​សេស​ចាប់​តាំង​ពី​ប្រជាជន​​ក្រីក្រ​​​បំ​ផុត​​ទទួល​រង​ផ​ល​​ប៉ះ​ពា​ល់​ខ្លាំង​បំផុត»​។

​កា​​រសិក្សារបស់មជ្ឈមណ្ឌ​ល​ស្រា​វជ្រា​វ PEW ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក​ ​ដែល​បានចេញផ្សាយនៅក្នុងខែ មីនា​ឆ្នាំនេះ​ថា​ ជំងឺ​រាត​ត្បាតកូវីដ​​ បាន​ជំរុញ​ប្រជាជន​ឥណ្ឌាចំ​នួន ​៣២ លាន​នាក់​ចេ​ញពី​វ​ណ្ណៈក​ណ្តាល ​ដែល​ត្រូវ​បាន​កំណត់ថា​ ជា​អ្នក ដែល​​រក​ប្រាក់​ចំ​ណូល​បានពី ១០ ទៅ ២០ ដុល្លារ​ក្នុ​ង​មួយថ្ងៃ។

ប្រភពដដែល​ ក៏​បាន​ប៉ាន់ប្រមាណថាវិប​​ត្តិនេះ បានបង្កើនចំនួ​ន​អ្នកក្រីក្ររបស់ប្រទេសឥណ្ឌា បង្កើន​ចំនួន​អ្នក​ ដែ​ល​មាន​ប្រាក់​ចំណូល​ ២​ ដុល្លារ ឬ តិច​ជាងនេះ ដល់​ទៅ​៧៥ លាននាក់​​​។

ទន្ទឹមនឹងនេះដែរ របាយការណ៍ថ្មីមួយ ដែលបានចេ​ញផ្សា​យ​​កា​លពីថ្ងៃ ព្រហស្បតិ៍ ដោយ​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជា​តិ​ (UNICEF) បាននិយាយថា​ ​កុមារ​ចំ​នួន ១០០ លាន​នា​ក់ប​ន្ថែ​ម​ទៀ​ត​ ត្រូវ​បានគេ​ប៉ា​ន់ប្រ​មាណថា ​កំពុងរស់នៅក្នុងភាពក្រី​ក្រ​ព​ហុវិ​​មាត្រ​ ដោ​​យ​សារតែ​ជំងឺ​រា​ត​ត្បាត ដែល​ជា​ការ​កើ​ន​ឡើ​ង ១០ ភា​គ​រយចាប់តាំ​ងពីឆ្នាំ ២០១៩​។

លោក Henrietta Fore នាយកប្រតិបត្តិរបស់អង្គការ UNICEF បាននិយាយថា ផលប៉ះពា​ល់​រី​ក​រាលដា​ល​នៃកូវីដ​ កាន់តែ​បន្ដ​អាច​​បង្កើនភាពក្រីក្រ បង្កើន​វិសម​ភាព និងការគំរាម​កំ​ហែ​ង​ដល់​សិ​ទ្ធិរ​បស់កុមារ។

លោក​ បាន​បន្តថា​៖ «ខ​ណៈពេ​ល ដែល​ចំ​នួនកុមា​រ ដែល​ស្រេ​កឃ្លាន ចេញពីសាលារៀន ត្រូវ​គេ​រំលោភ​បំពា​ន រស់នៅក្នុ​ង​ភា​ពក្រីក្រ ឬបង្ខំឱ្យរៀបការមានការកើ​ន​ឡើង​ ចំនួនកុមារ ដែលមា​ន​ល​ទ្ធ​ភា​ព​ទ​ទួល​បា​ន​ការ​ថែទាំ​សុ​ខ​ភា​ព វ៉ាក់សាំង អាហារគ្រប់គ្រាន់ និងសេវា​សំ​​ខាន់ៗ កំ​ពុ​ងធ្លាក់ចុះ​ផងដែរ​»​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner