កូរ៉េខាងត្បូងត្រៀមខ្លួនចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP

កូរ៉េ​ខាង​ត្បូង​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​-ប៉ាស៊ីហ្វិក​គ្រប់​ជ្រុងជ្រោយ និង​វឌ្ឍនភាព (CPTPP)។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Hong Nam-ki រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ។

លោក​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​គោលនយោបាយ​មួយ​ថា៖ «កូរ៉េ​ខាង​ត្បូង​នឹង​ផ្ដួចផ្ដើម​នីតិវិធី​ពាក់ព័ន្ធ​មួយ​ចំនួន ដោយ​ផ្អែក​លើ​ស្មារតី​នៃ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​ក្លាយ​ជា​សមាជិក​របស់ CPTPP»។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ CPTPP មាន​សមាជិក​ ១០ប្រទេស​ដូច​ជា​ កាណាដា ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ នូវែលហ្សេឡង់ ប៉េរូ និង​សិង្ហបុរី។

CPTPP ដើម​ឡើយ​កិច្ចព្រមព្រៀង​អន្តរ-ប៉ាស៊ីហ្វិក​ (TPP) ​ដោយ​កាល​នោះ​ក៏​មាន​អាមេរិក​ដែរ។ ក្រោយ​ពី​អាមេរិក​ដក​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ២០១៧ ជប៉ុន​បាន​ផ្ដួចផ្ដើម​ក្នុង​ការ​កែ​សម្រួល​កិច្ចព្រមព្រៀង​ TPP នេះ ឱ្យ​ទៅ​ជា​ CPTPP តែ​ម្ដង។

នៅ​ពេល​នេះ​ ក្រៅ​ពី​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន​ តៃវ៉ាន់ ក៏​ដូច​ជា​ចក្រភពអង់គ្លេស ក៏​ស្នើ​សុំ​ក្លាយ​ជា​សមាជិក CPTPP នេះ​ដែរ៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner