ក្រុមកសិករឥណ្ឌាត្រឡប់ទៅផ្ទះសំបែងវិញ បន្ទាប់ពីធ្វើការតវ៉ាអស់រយៈពេលជាងមួយឆ្នាំ

​​ញូវដេលី៖ ​កសិករ​ឥណ្ឌា​រាប់​ពាន់​នាក់​​វេច​អីវ៉ាន់​របស់​ខ្លួន​ និង​រុះ​រើ​​តង់​នៅ​ជាយ​ក្រុង​ញូវ​ដេលី​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​​មុន​ បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​អស់​រយៈពេ​ល​មួយ​ឆ្នាំ​ ប្រឆាំង​នឹង​គោល​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាលឥណ្ឌា​​។​

​ការ​ដក​ថយ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ណារិនដ្រា ​មូឌី​ (Narendra Modi) ​កាល​ពី​ខែ​មុន​ ប្រកាស​​​​ឱ្យ​សភា​លុប​ចោល​ច្បាប់កសិកម្ម​​ដ៏​ចម្រូង​ចម្រាស​ចំនួន​បី​ ដែលក​សិករ​​ជា​បាតុករ​អះអាង​ថា​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​គ្រប់​គ្រង​វិស័យ​កសិកម្ម​របស់​ប្រទេសនេះ​​។​​

កសិករ​​ឥណ្ឌា​បោះតង់​ធ្វើ​កា​រ​តវ៉ា​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២០ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​កសិកម្ម​ថ្មី​ ដែល​វា​ជា​បញ្ហាប្រ​ឈម​ធំ​បំផុត​មួយ​ចំពោះ​រដ្ឋាភិបាល​របស់​លោក​​ Modi ​ចាប់​តាំង​ពី​​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០១៤ ​។​​

លោក​ Sativinder Singh ​ដែល​ជា​អ្នកចូលរួម​​តវ៉ា​មួយរូប​​​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​ថា​៖​​ «​យើង​​បាន​​ប្ដេជ្ញា​​ថា​​នឹង​​តវ៉ា​​ឲ្យ​​តែ​មាន​ចំណាត់​ការ​។​ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ដែល​រដ្ឋាភិបាល​​ទទួល​យក​ការ​ទាមទារ​របស់​យើង ​ហើយ​យើង​នឹង​ត្រឡប់​ទៅ​ផ្ទះ​របស់​យើង​វិញ​»​។​

ដំបូង​ឡើយ​ ក្រុម​បាតុករ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​កន្លែង​បោះ​តង់​ បើ​ទោះ​បី​ជា​មាន​ការ​លុប​ចោល​ច្បាប់​ ហើយ​ធ្វើ​ការ​ទាមទារ​ផ្សេង​ទៀត​ រួម​ទាំង​ការ​ធានា​ផ្នែក​ច្បាប់​សម្រាប់​អត្រា​គោល​អប្បបរមា​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ពួក​គេ​​។​

រដ្ឋា​ភិបាល​​និយាយ​ថា​ ខ្លួន​នឹង​បង្កើត​គណៈកម្មាការ​មួយ​ស្តី​ពី​ការ​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ដំណាំ ​និង​​សន្យា​ថា​នឹង​បញ្ឈប់​ការ​កាត់​ទោស​កសិករ​ចំពោះ​ការ​ដុត​បំផ្លាញ​ដំណាំ ​ដែល​គេ​ចោទ​ថា​ជា​ប្រភព​នៃ​ការ​បំពុល​ខ្យល់​អាកាស​ដល់​​រដ្ឋធានី​ដេលី​រាល់​រដូវ​រងា​។​

ជាមួយ​គ្នា​នោះ​ រដ្ឋាភិបាល​ក៏​បាន​យល់​ព្រម​បង់​ប្រាក់​សំណង​ដល់​គ្រួសារ​កសិករ​ជាង​ ៧០០ ​នាក់​ដែល​​ស្លាប់​ក្នុង​អំឡុង​បាតុ​កម្ម​ និង​ដក​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ដែល​ដាក់​ប្តឹង​អ្នក​តវ៉ា​​​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner