ដំណើររដ្ឋមន្ត្រីការបរទេសអាមេរិកនៅអាស៊ីអាគ្នេយ៍ វិស័យសន្តិសុខស្ថិតក្នុងចំណោមរបៀបវារៈសំខាន់

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក អង់តូនី ប្លីងខិន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ជា​លើក​ដំបូង​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី។ លោក​នឹង​ទៅ​កាន់​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ណេដ ប្រាយ​ស៍ (Ned Price) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ាន​ទាំង​ ៣នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ជុំ​វិញ​ពិភពលោក​របស់​លោក ប្លីងខិន ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​នេះ លោក​ចេញ​ដំណើរ​ទៅ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ជឿនលឿន​ទាំង ៧ ឬ ប្រទេស​ G-7 នៅ​ប្រទេស​អង់គ្លេស។ បន្ទាប់​ពី​ទៅ​អង់គ្លេស លោក​នឹង​ហោះ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ មុន​នឹង​ចេញ​ទៅ​ហាវ៉ៃ​នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ។

អំឡុង​ពេល​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ លោក ប្លីងខិន នឹង​ពិភាក្សា​អំពី​វិស័យ​ចំនួន ៤សំខាន់​ៗ​រួម​មាន សន្តិសុខ សុខភាព​សាធារណៈ សេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រជាជន​ នឹង​ប្រជាជន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក ដានីញ៉ែល គ្រីធិនប្រ៊ីង (Daniel Kritenbrink) ឧបការី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា។

ឧបការី​រដ្ឋមន្ត្រី​អាមេរិក​បាន​សង្ខេប​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​ថា ក្រៅ​ពី​វិស័យ​ ៤សំខាន់ៗ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក៏​នឹង​លើក​រឿង​វិបត្តិ​អាកាសធាតុ បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​ជាពិសេស​ទៅ​ទៀត​នេះ​គឺ វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ លោក​ គ្រី​ធិន​ប្រ៊ីង បាន​លើកឡើង​ថា លោក​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​ ៣នេះ អំពី​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​តាម​ដង​ទន្លេ​មេគង្គ។

នៅ​សមុទ្រ​ចិន​ខាង​ត្បូង ខាង​អាមេរិក​ជា​រឿយ​ៗ​តែងតែ​អះអាង​ពី​ជំហរ​របស់​ខ្លួន​ថា ខ្លួន​ឈរ​ជាមួយ​អាស៊ាន​ជានិច្ច​ នៅ​ពេល​ណា​ដែល​ចិន​បង្ក​ជា​ការ​គំរាមកំហែង​ក្រោម​រូបភាព​នានា។ បន្ថែម​ពី​នេះ​ទៅ​ទៀត អាមេរិក​ក៏​បាន​លើកឡើង​ជា​ច្រើន​ដង​ថា ខ្លួន​គាំទ្រ​ទៅ​ដល់​ការ​អនុវត្ត​គោលការណ៍​ «សេរីភាព​នាវាចរណ៍ និង​សេរីភាព​ផ្នែក​ហោះហើរ​លើ​ដែន​អាកាស»។

ចំណែក​ឯ​បញ្ហា​មេគង្គ​វិញ ជា​ករណី​ថ្មី​មួយ ដោយ​អ្នក​តាមដាន​មួយ​ចំនួន​យល់​ថា ករណី​នេះ​អាច​នឹង​ក្លាយ​ជា​មុខ​ព្រួញ​មួយ​នៃ​ការ​ប្រកួត​ប្រជែង​រវាង​អាមេរិក និង​ចិន។ ជា​រឿយ​ៗ​អាមេរិក​តែងតែ​ចោទ​ចិន​ថា ប្រទេស​មហាអំណាច​អាស៊ី​មួយ​នេះ​កំពុង​តែ​បំផ្លាញ​បរិស្ថាន​ទន្លេ​មេគង្គ តាម​រយៈ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ ដែល​ចិន​ហៅ​ថា ទន្លេ​ឡានឆាង។

ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​វិញ បើ​តាម​លោក គ្រីតធិនប្រ៊ីង រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ពិភាក្សា​ជាមួយ​សមភាគី​អំពី​លទ្ធភាព​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាស៊ាន​តាម​រយៈ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក។

លើ​វិស័យ​សុខាភិបាល​ អាមេរិក​នឹង​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​ការ​ស្ដារ​ពី​ជំងឺ​ឆ្លង​សកល​កូវីដ-១៩ ចំណែក​ឯ​ទំនាក់ទំនង​រវាង​ប្រជាជន នឹង​ប្រជាជន អាមេរិក​នឹង​ពង្រីក​ដល់​ការ​ផ្លាស់​ប្ដូរ​យុវជន​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អាស៊ីអាគ្នេយ៍​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក គ្រីធិនប្រ៊ីង បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹង​ជំរុញ​ឱ្យ​សមភាគី​របស់​លោក​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ការ​ការពារ​ប្រជាធិបតេយ្យ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក ប្លីងខិន បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល អាមេរិក​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​មក​លើ​តំបន់​អាស៊ីអាគ្នេយ៍។ ក្រោយ​ពេល​ដែល​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឡើង​កាន់​តំណែង គេ​តែងតែ​សង្កេត​ឃើញ​ថា មន្ត្រី​កំពូល​ៗ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​នេះ។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក បៃដិន​ផ្ទាល់​ក៏​បាន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ៗ​ទៀត​ដូច​ជា កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជា​ដើម។ សកម្មភាព​នេះ​គឺ​ខុស​ពី​រដ្ឋាបាល​​របស់​លោក ដូណាល់ ត្រាំ ដែល​មិន​សូវ​ជា​​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អាស៊ីអាគ្នេយ៍​ប៉ុន្មាន​នោះ​ទេ។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner