ទំនាក់ទំនងរុស្សី-ឥណ្ឌា៖ ហេតុអ្វីបានជាកិច្ចព្រមព្រៀងសព្វាវុធពូទីន-ម៉ូឌីជាបញ្ហាសម្រាប់ចិន និងស.រ.អា

ទំនាក់ទំនង​​រវាង​​ឥណ្ឌា និង​រុស្សី​អាច​មាន​​ភាព​ស្មុគស្មាញ​ដោយ​សារ​ការ​ប្រែប្រួល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ ប៉ុន្តែ​ជំនួប​កំពូល​កាល​ពី​សប្ដាហ៍​មុន​រវាង​នាយករដ្ឋមន្ត្រី​ណារិនដ្រា ម៉ូឌី និង​ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន​ បាន​បង្ហាញ​ពី​វិសាលភាព​រវាង​​ភាគី​ទាំង​ពីរ​នៃ​​​បំណង​រក្សា​ភាព​ជិត​ស្និទ្ធ បើ​ទោះបី​ជា​វា​ហាក់បីដូច​​ជា​​បង្ក​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក និង​ចិន​យ៉ាងណាក្ដី​​។

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤​ ប្រទេស​រុស្សី​បាន​ពង្រឹង​ទំនាក់​ទំនង​យោធា និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្កោល​ទោស​របស់​បស្ចិម​ប្រទេស ចំពោះ​ការ​ដណ្ដើម​កាន់​កាប់​តំបន់​ឧបទ្វីប​គ្រីមៀ និង​ការ​គាំទ្រ​ការ​បះបោរ​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​។ ថ្មីៗ​នេះ អាមេរិក​បានរំលឹក​ដល់​​ក្រុង​មូស្គូ​ថា​ពួកគេ​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន។

រីឯ​ប្រទេស​ឥណ្ឌា​វិញ​បាន​បង្កើន​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ជាមួយ​ប្រទេស​លោក​ខាងលិច រួម​ទាំង​ការ​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​សន្តិសុខ Quad ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​ជប៉ុន និង​អូស្ត្រាលី ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​។ បន្ថែម​ពី​លើ​នេះ​ ក្នុង​រយៈ​ពេល ១៩ ខែ​ចុង​ក្រោយ​នេះ កង​ទ័ព​ចិន​និង​ឥណ្ឌា​ បាន​ជាប់​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ ដែល​ជា​រឿយៗ​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​ បង្ក​ឱ្យ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​។

ខណៈ​ពេល​ដែល​រុស្សី​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ទៅ​កាន់​សមភាគី​ឥណ្ឌា ដែល​បាន​ត្អូញត្អែរ​ទៅ​វិញ​អំពី​ «អរិភាព​ដោយ​មិន​មាន​ហេតុផល​នៅ​ព្រំដែន​ខាង​ជើង​របស់​យើង​» ដោយ​ចិន​ កិច្ចប្រជុំ​រវាង​ភាគី​ទាំង​ពីរ​មាន​លទ្ធផល​ជា​កិច្ចព្រមព្រៀង​ជា​ច្រើន​។

មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ២៨ លើ​វិស័យ​ច្រើន​ដូចជា ធ្យូងថ្ម ការ​សាងសង់​នាវា លោហវិទ្យា​ និង​ប្រេង។ ទីក្រុង​មូស្គូ និង​ញូវដេលី​ក៏​បាន​សន្យា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ដល់ ៣០ ពាន់​លាន​ដុល្លារ និង​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក​រហូត​ដល់ ៥០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២៥​។

កិច្ចប្រជុំ​របស់​លោក​ពូទីន និង​លោក Modi ក៏​បាន​ផ្តល់​កិច្ចសន្យា ដែល​អនុញ្ញាត​ឱ្យ​ឥណ្ឌា​ផលិត​កាំភ្លើង AK-203 រុស្សី​ជាង ៦០០.០០០ ដើម​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​។ ប្រទេស​ទាំង​ពីរ​ក៏​បាន​បន្ត​កិច្ចព្រមព្រៀង​បច្ចេកទេស​យោធា​ផង​ដែរ ដែល​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​បច្ចេកវិទ្យា​យោធា​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​រយៈ​ពេល ១០ ឆ្នាំ​ទៀត​។

យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​រុស្សី​ ប្រទេស​រុស្សី​បាន​លក់​អាវុធ​ឱ្យ​ឥណ្ឌា​យ៉ាង​ហោច​ណាស់ ៧០ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩១ មក​ ហើយ​ខណៈ​ពេល​ដែល​ការ​លក់​ទាំង​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ដោយ​សារ​ការ​ព្យាយាម​ផលិត​ក្នុង​ស្រុក​របស់​ឥណ្ឌា​ ប្រទេស​ទាំង​ពីរ​បាន​បន្ត​ធ្វើ​ការ​រួម​គ្នា​លើ​គម្រោង​មួយ​ចំនួន​ ដូចជា​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ និង​នាវា​បំបាំង​កាយ​។

កាល​ពី​ឆ្នាំ​ ២០១៨ ឥណ្ឌា​បាន​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ជំនាន់​ថ្មី S-400 របស់​រុស្សី​ ដែល​នៅ​ឆ្នាំ​នេះ​ទើប​តែ​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា​។ ការ​បញ្ជា​ទិញ​ប្រព័ន្ធ​ S-400 បាន​ធ្វើ​ឱ្យ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​ស្មុគស្មាញ​ ដោយ​សារ​ឥណ្ឌា​គ្រោង​ដាក់​ពង្រាយ​កង​វីរសេនា​ធំ​ប្រព័ន្ធ​ S-400 ចំនួន​ពីរ​ទៅ​កាន់​តំបន់​ព្រំដែន​មាន​ជម្លោះ​ជា​មួយ​ចិន​ ធ្វើ​ឱ្យ​ប្រទេស​ចិន​ ដែល​ដូច​ឥណ្ឌា​បាន​ទិញ​ប្រព័ន្ធ​ S-400 ពី​រុស្សី​ ធ្វើ​ការ​ដាក់​ពង្រាយ​ឆ្លើយ​តប​វិញ​នៅ​តំបន់​ស៊ីនជាំង​ និង​ទីបេ​។

បន្ថែម​ពី​លើ​នេះ​សហរដ្ឋអាមេរិក​គឺ​មាន​ជំហរ​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​បាន​ទិញ​ប្រព័ន្ធ S-400​។ ក្រោម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​នឹង​សត្រូវ​របស់​អាមេរិក​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម (CAATSA) ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៧​ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ប្រព័ន្ធ​ S-400 នៅ​ប្រទេស​ចិន​ និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ក្នុង​អង្គការ​ណាតូ​តួកគី​។

ខណៈ​ពេល​ដែល​សមាជិក​សភា​អាមេរិក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មិន​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​ឥណ្ឌា​ក្នុង​នាម​ជា​សមាជិក Quad គេ​មិន​ទាន់​ច្បាស់​ថា​អាមេរិក​នឹង​លើកលែង​ប្រទេស​ឥណ្ឌា​ពី​ការ​ដាក់​ទណ្ឌកម្ម​ដែរ​ឬ​ទេ​ ដោយ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា​ពួកគេ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​អាមេរិក​ ទំនង​ជា​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​លើ​ឥណ្ឌា ដោយ​សារ​អាវុធ​ទាំង​នេះ​បាន​ជួយ​ពង្រឹង​សមត្ថភាព​របស់​ឥណ្ឌា​ក្នុង​ការ​ប្រឆាំង​ចិន​។

ប៉ុន្តែ​បើ​ទោះ​បី​ជា​អាមេរិក​លើកលែង​ទណ្ឌកម្ម​ CAATSA  ក៏ដោយ ភាព​តានតឹង​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ស្មុគស្មាញ​។ សហរដ្ឋអាមេរិក អ៊ុយក្រែន​ និង​អង្គការ​ណាតូ​ បាន​ចោទ​ប្រកាន់​រុស្សី​ថា​កំពុង​ប្រមូល​ផ្ដុំ​ទាហាន​នៅ​តាម​ព្រំដែន​អ៊ុយក្រែន ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រហារ​លុក ឈ្លានពាន​ចូល​អ៊ុយក្រែន​។តែទោះជាយ៉ាងណាក្ដី​ រុស្សី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​បាន​ចោទ​ប្រកាន់​អង្គការ​ណាតូ​ថា​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន​ ដោយ​ធ្វើ​ការ​ពង្រីក​សមាជិក​មក​អឺរ៉ុប​ខាង​កើត​។ ភាព​តាន​តឹង​នេះ​អាច​បង្ក​ឱ្យ​អាមេរិក​កាន់​តែ​ប្រឆាំង​ការ​លក់​អាវុធរបស់​​រុស្សី​ ហើយ​អាច​ឈាន​ដល់​ការ​ចាត់​វិធានការ​លើ​ប្រទេស​ឥណ្ឌាផងដែរ​​៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner