អភិបាលខេត្តបាត់ដំបង ចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកនិងមានគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋានភូមិឃុំ-ស្រុក ជាមួយនិងអាជ្ញាធរខេត្ត (មានវីដេអូ )

ថ្លែងនៅក្នុងវេទិការពិគ្រោះយោបល់ពង្រឹងនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាង រដ្ឋបាលខេត្តបាត់ដំបងនិងអង្គការសង្គមស៊ីវិល ដែលកំពុងតែប្រតិបត្តិការនៅក្នុងខេត្ត នៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ទាំងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចាត់ទុកអង្គការសង្គមស៊ីវិល សមាគម និងNGOនានា ទាំងជាតិក្តី អន្តរជាតិក្តី គឺជាដៃគូក្នុងការអភិវឌ្ឍន៍ ជាដៃគូក្នុងការធួយលើកស្ទួយនូវកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្ត។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចាត់ទុកការជួបជុំគ្នាលើកដំបូងនេះ ក្នុងខណៈដែលរូបឯកឧត្តមទើបតែមកទទួលមុខតំណែងជាអភិបាលខេត្តនៅទីនេះ ដោយក្នុងនោះឯកឧត្តមបានថ្លែងគូសបញ្ជាក់បន្ថែមថា៖បើទោះបីការរៀបចំជួបជុំដោយប្រថុចញ៉ុចក្តីតែរំពឹងថាលើកក្រោយៗទៀត យើងនិងរៀបចំបានល្អជាងនេះ។

        អ្វីដែលឯកឧត្តម បានផ្តោតជាសំខាន់នោះគឺរូបឯកឧត្តមផ្ទាល់ចង់បានការរៀបចំបែបនេះនិងចង់ឲ្យមានការជួបជុំជាមួយនិងអង្គការសង្គមស៊ីវិលបានច្រើនជាងនេះ។បើតាមការកត់សម្គាល់របស់ឯកឧត្តម គឺនៅក្នុងខេត្តបាត់ដំបងមានអង្គការសង្គមស៊ីវិល សមាគមនិង NGO សរុបប្រមាណជាង ៣០០ដែលកំពុងប្រតិបត្តិការក្នុងខេត្ត។ តែពេលនេះ យើងមានតែ១០០អង្គការប៉ុណ្ណោះដែលត្រូវបានផ្តោតឲ្យចូលរួមដោយសារតែបញ្ហាទីកន្លែងចង្អៀត និងតម្រូវពីបរិបទកូវីដផង។

          ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ដោយសង្កត់ធ្ងន់ឲ្យដឹងថា៖ការដែលផ្តល់ឱកាសឲ្យយើងបានជួបជុំគ្នាបែបនេះ វាគឺជាការល្អសម្រាប់ផ្តល់ពេលវេលានិងឱកាសឲ្យយើងជជែកគ្នា និងបានដោះស្រាយអ្វីដែលជាកង្វល់ អ្វីដែលជាបញ្ហាប្រឈម អ្វីដែលយើងត្រូវដោះស្រាយជាមួយគ្នាគឺវាប្រសើរជាជាងយើងដើរនិយាយ នាំគ្នានិយាយក្រៅឆាក?។ បើទោះបីយើងជួបការលំបាកយ៉ាងម៉េច? គឺយើងអាចសួរនាំគ្នាទៅវិញទៅមក ពីការងាយស្រួល ពីការលំបាកផ្សេងៗនិងលើកជាសំណូមពរ ដើម្បីដោះស្រាយជាមួយគ្នា។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៌បានថ្លែងគូសបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួននិងបានចាត់ទុកថា៖ គោលបំណងនៃអង្គការសង្គមស៊ីវិល សមាគមនិងNGOនានានៅថ្ងៃនេះគឺពិតជាបង្ហាញ ពីគោលបំណងរបស់ខ្លួន ដែលមិនខុសពីអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង កន្លងមកនោះទេ គឺទាំងសង្គមស៊ីវិលទាំងសមាគម និងNGO ជាតិនិងអន្តរជាតិនានា ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត គឺមានគោលដៅក្នុងការអភិវឌ្ឍន៍និងក្នុងគោលបំណងដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្ត ដូចជាអាជ្ញាធរខេត្តផងដែរ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖គ្រប់អង្គការដៃគូសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត បើយើងមានគោលបំណងនិងមានគោលដៅជាក់លាក់ក្នុងការជួយអភិវឌ្ឍន៍ខេត្ត ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងយើងមានគោលបំណងរួមដូចគ្នាបែបនេះ គឺចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាក្នុងការពិនិត្យលទ្ធភាពរបស់ខ្លួន ក្នុងការជួយដល់ខេត្តនិងប្រជាជន តាមរយៈសកម្មភាពគម្រោងដែលខ្លួនមានតាមរយៈសកម្មភាពមនុស្សធម៌ តាមរយៈការជួយកែលម្អរៀបចំក្នុងក្រុង និងអនាម័យបរិស្ថាននិងគម្រោងជាក់ស្តែងរបស់ខ្លួនដទៃទៀត ឬនៅតាមមូលដ្ឋានជាក់ស្តែង របស់គម្រោងខ្លួន ដែលមានលទ្ធភាពជួយដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក និងភូមិ-ឃុំ ទាំងនោះ៕ ( អត្ថបទ-រូបភាព៖អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner