ទឹកធ្លាក់អន្លង់រុនជាតំបន់ទេសចរណ៍គួរចូលកម្សាន្តមួយកន្លែងនៅលើខ្នងភ្នំគូលែន

ខេត្តសៀមរាប​៖​ភ្នំ​គូលែន​ជាទី​តាំង​ប្រវត្តិសាស្ត្រ និង ក៏​ជា​ភ្នំ​សក្ការបូជា​នៅក្នុង​ប្រទេស​កម្ពុជា​។​នៅ​ទីតាំង​ដ៏​ពិសិដ្ឋ​មួយ​នេះ​បាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ និង​ស្ថានីយ៍​បុរាណ​ជាច្រើន​កន្លែង​។​ក្រៅពីនេះ​ក៏មាន​តំបន់​ទឹកធ្លាក់​គួរ​ជាទី​កម្សាន្ត​មនោ​រម្យ​ជាច្រើន​កន្លែង​ទៀត​។​


អ្នកទេសចរ​កាលបើ​បាន​ទៅ​កម្សាន្ត​នៅ លើ​ខ្នងភ្នំ គូលែន ហើយ​មិនគួរ​មើលរំលង​ទឹកធ្លាក់ អន្លង់​រុន​ដែល​បាន​បង្កប់​ទៅដោយ​កន្លែង​កម្សាន្ត​ដ៏​ពិសេស​មួយ​ផងដែរ​។​ទឹកធ្លាក់​មួយកន្លែង​នេះ​សព្វថ្ងៃ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​
ដោយសារ​មាន​អំណោយផល​ល្អ មាន​ទេសភាព​ស្រស់ត្រកាល អមដោយ​ព្រៃឈើ​សងខាង និង​ទឹក​ហូរ​កាត់​ថ្ម​ថ្លាឈ្វេង ត្រជាក់ស្រេង គេ​អាច​ចុះ​ងូត​លេង​យ៉ាង​សប្បាយរីករាយ​។ ជាមួយនឹង​ជម្រៅ​ទឹក​រាក់ៗ ហូរ​ជ្រែក​ចង្វែក​ផ្ទាំង​ថ្ម​ធ្លាក់​មកក្រោម​ឮសូរ​សម្លេង​ឥត​ដាច់​ដូចជា​សង្វាក់​តន្ត្រី​ធ្វើឱ្យ​អ្នកទេសចរ​រំភើប​ហើយ​មិន​ចង់​ឃ្លាតឆ្ងាយ​សោះឡើយ​។​
ទីកន្លែង​នេះ​ក្រៅពី​មាន​កញ្ចុះ​ដែល​ប្រជា​សហគមន៍​នៅក្នុង​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល​បាន​សាងសង់ឡើង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រហើយ អ្នកទេសចរ​អាច​អង្គុយ​តាម​ផ្ទាំង​ថ្ម​ធំៗ​ក្រោម​ប្លម់​ដើមឈើ បរិភោគ​អាហារ ឬ​អង្គុយ​គយគន់​ទេសភាព​នៅ​កន្លែង​នេះ​ដោយ​ក្តី​យ៉ាង​សប្បាយរីករាយ​។​


ក្រៅពីនេះ​នៅ​ផ្នែក​ខាងក្រោម​មិន​ឆ្ងាយ​ប៉ុន្មាន មាន​ទីវាល​លេង​ជា​ដីខ្សាច់​ម៉ត់​ស​ស្អាត​ដែលមាន​ទឹកធ្លាក់​ពីលើ​ថ្ម​បែក​ទឹក​សំពោង​យើង​អាច​ចុះ​ងូត​លេង​បាន​។​នៅ​ទីវាល​កន្លែង​នេះ​យើង​ក៏​អាច​អង្គុយ​ញ៉ាំ​បាយ​ក្រោម​ដើមឈើ​ធំៗ​ចោល​ម្លប់​ត្រឈឹងត្រឈៃ ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រស់ស្រាយ ជា​លក្ខណៈ​គ្រួសារ មិត្តភក្តិ និង​គូស្នេហ៍​។​
លោក លាស់ ឆាត គណៈកម្មាធិការ​សហគម​ន៍​ធំ​ពពេល​បានឱ្យដឹងថា​អ្នកទេសចរ​មក​កម្សាន្ត​ទឹកធ្លាក់​អន្លង់​រុន​អាច​បោះតង់ សម្រាក​នៅពេល​យប់​នៅ​កន្លែង​នេះ​បាន​ដោយមាន​សុ​វត្តិភាព​។​ក្រៅពីនេះ​គេ​អាច​កុម្ម៉ង់​អាហារ​ដូចជា ជ្រូក​កណ្តុរ​អាំង មាន់​អាំង​ដែលជា​ប្រភេទ​អាហារ​ពិសេស​ប្រចាំ​សហគមន៍​បរិភោគបាន​ទៀតផង​។​
ជាមួយគ្នានេះ​លោក លាស់ វណ្ណា ប្រធាន​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ពពេល បានបញ្ជាក់​ប្រាប់ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ទឹកធ្លាក់​អន្លង់​រុន មាន​ភ្ញៀវទេសចរ​ចូល​កម្សាន្ត​បន្តបន្ទាប់ តែ​មិន​ច្រើន​ទេ​។​
​លោក​ចង់ឱ្យ​ភ្ញៀវទេសចរ​ងាក​មក​ចាប់អារម្មណ៍​តំបន់​កម្សាន្ត​ទឹកធ្លាក់​កន្លែង​ពីព្រោះថា​មាន​ទី​កម្សាន្ត​ទឹកធ្លាក់ ទេសភាព​ព្រៃភ្នំ សម្លេង​សត្វព្រៃ​និង​បរិយាកាស​ប្រកបដោយ​បរិសុទ្ធ​។​


លោក ឈឿ​ម តាំង មេឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្តសៀមរាប​បានបញ្ជាក់​ប្រាប់ឱ្យដឹង​ផង​ថា បច្ចុប្បន្ន​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន លោក​បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​រូ​ម​គ្នា​សម្អាត​អនាម័យ និង​មិនត្រូវ​ចោល​សំរាម​ផ្តេសផ្តាស​នោះឡើយ​។​លោក​ចាត់ទុកថា​ការដែល​បរិស្ថាន​ស្អាត​នឹង​ធ្វើឱ្យ​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​ទាំងនេះ​សុទ្ធសឹងតែ​គេ​នាំ​ចំណូល​មក​សហគមន៍​ទាំងអស់​។​


គួរ​បញ្ជាក់ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅលើ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ដោយ​គម្រោង​បាន​យកចិត្តទុកដាក់​ពង្រឹង​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ មាន​ទាំង​កិច្ចការងារ​បដិសណ្ឋារកិច្ច ការនាំ​ភ្ញៀវ​និង​ការអភិរក្ស​ជាដើម​។​លើសពីនេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាមរយ​:​បង្កើនការ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ​ផងដែរ​៕​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner