លោកស្រី គឹម ញឹប អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ជូនពលរដ្ឋក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ

ភ្នំពេញ៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន គ្រប់ប្រភេទ កំពុងតែរីកដោះដាលជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទទ្ទឹងនឹងនេះហេដ្ឋារចនា ផ្លូវ ថ្នល់ ក៏កំពុងអភិវឌ្ឍន៍នៅគ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋផងដែរ ។
បើយើងក្រឡេកទៅមើលភូមិសាស្រ្តខណ្ឌដង្កោ ក្រោមការគ្រប់គ្រងរបស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានធ្វើឲ្យគ្រប់បណ្តាសង្កាត់ កំពុងកើតមានប្រព័ន្ធផ្លូវបេតុង និងប្រព័ន្ធលូបង្ហូរទឹក ខ្វាត់ខ្វែង ដើម្បីបំពេញតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ផ្លូវបេតុង ចំនួន ១ខ្សែ ត្រូវបានបើកការដ្ឋានស្ថាបនា ក្រោមវត្តមានលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ផ្លូវបេតុងដែលត្រូវបើកការដ្ឋានស្ថាបនា ប្រវែង ៥៦២ម៉ែត្រ ក្រាលឆ្អឹងដែក ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នាឱកាសនោះលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ថ្លែងឲ្យដឹងថា ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវនយោបាយ ឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ហើយបានកែប្រែប្រទេសទាំងមូល ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ។ នៅក្នុងរាជធានីភ្នំពេញយើងបច្ចុប្បន្ន គឺមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធគួរឲ្យកត់សម្គាល់ ក្នុងនោះ រួមមាន ការសាងសង់អគារខ្ពស់ៗ ផ្លូវក្រវ៉ាត់ក្រុងធំៗ ស្ពានអាកាសធំៗ ស្ពានដែក ផ្លូវដែកថ្មីៗជាច្រើនខ្សែ ផ្លូវថ្នល់តូចធំ ផ្លូវក្រោមដី ប្រព័ន្ធលូបង្ហូរទឹក ប្រឡាយទឹក ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ជាក់ ស្តែង ផ្លូវបេតុង ចំនួន ១ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនានាថ្ងៃនេះ អាចនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិផងដែរ ។
ជាមួយគ្នានេះផងដែរ
លោកស្រី គឹម ញឹប ក៏បានធ្វើការណែនាំគណៈកម្មការគ្រប់គ្រងគម្រោងខណ្ឌ ដែលជាម្ចាស់គម្រោងត្រូវតែតាមដាន និងយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះក្រុមហ៊ុនទទួលការក្នុងការអភិវឌ្ឍគម្រោងនៅគ្រប់ដំណាក់កាលទាំងអស់ចាប់តាំងពីដំណើរការបើកការដ្ឋានដំបូង រហូតដល់បញ្ចប់ការដ្ឋានជាស្ថាពរ និងត្រូវតែជួសជុលឡើងវិញ ករណីមានការខូចខាត ។ ត្រូវតែធ្វើការណែនាំ និងហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ក្រុមហ៊ុន ដែលមិនបានអនុវត្តតាមកិច្ចសន្យាទៅក្នុងសៀវភៅតាមដានការដ្ឋាន ។ ចំពោះក្រុមហ៊ុន ត្រូវខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវក្រមសីលធម៌ និងគោរពឲ្យបានជាដាច់ខាតនូវបទដ្ឋានបច្ចេកទេស និងផែនការការងារ ដែលមានចុះក្នុងកិច្ចសន្យាទទួលការ ដែលខ្លួនបានចុះហត្ថលេខាកន្លងមក ។ ចំណែកបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមតាមដានការអនុវត្តការងាររបស់ក្រុមហ៊ុនផងដែរ ពីព្រោះថា បងប្អូនគឺជាអ្នកទទួលផលផ្ទាល់ បើឃើញការអនុវត្តរបស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍បន្ទាន់ជូនលោក ចៅសង្កាត់ ឬ សាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួល ។ ប៉ុន្តែបងប្អូនក៏ត្រូវតែជួយសម្រួលដល់អ្នកទទួលការ ដើម្បីបំពេញការងាររបស់ខ្លួនដោយជោគជ័យផងដែរ គឺ មិនត្រូវបង្កនូវការរំខានណាមួយនាំឲ្យរាំងស្ទះដល់ដំណើរការអនុវត្ត គម្រោងឡើយ ។ ដោយឡែក មន្ត្រីបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យមើលលើលក្ខណៈបច្ចេកទេសក្នុងករណីពិនិត្យមើលឃើញមានលក្ខណៈណាមួយខុសពីបទដ្ឋានបច្ចេកទេស ត្រូវឲ្យក្រុមហ៊ុនធ្វើការកែតម្រូវជាបន្ទាន់ ធ្វើយ៉ាងណាអោយស្ថាបនាបផ្លូវបានល្អ និងប្រើប្រាស់បានយូរអង្វែង ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner