ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ហិរញ្ញប្បទានឥតសំណង ប្រមាណជិត ២២លានដុល្លារ របស់ប្រទេសជប៉ុន សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តពោធិ៍សាត់ ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,ឯក-ឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី មីយ៉ាហារ៉ា អាយ អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA បានឲ្យដឹងថា៖ការបើកការដ្ឋាននៅថ្ងៃនេះ មានបីម្រោងគឺ
(១)៖សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅ ដែលមានប្រវែង ៨.៣ គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាត ដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ។

(២)៖ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍ សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់
គ្រងគណនេយ្យ។

(៣)៖ផ្តល់ជាជំនួយបច្ចេកទេស សម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារ ដែលបានសាងសង់ និងការគ្រប់គ្រងផលិតកម្ម។ គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ ត្រឹមខែសីហា ឆ្នាំ ២០២៣។
នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុន ផ្តល់ដល់រដ្ឋាករទឹក ខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ ក្នុងឆ្នាំ ២០១៤។ គម្រោងនេះ នឹងចូលរួមគាំទ្រយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសម្រេចគោលដៅរបស់ខ្លួន ដូចបានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយនៅត្រឹមឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជននឹងសម្រេចបាន១០០%។

JICA បានអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើន ជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញ រដ្ឋាករទឹកស្វយ័ត សៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹក សាធារណៈ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ការគ្រប់គ្រង និងរដ្ឋបាល។ លើសពីនេះ JICA ក៏បានផ្តល់ជំនួយ ហិរញ្ញប្បទានសម្បទាន ដល់រដ្ឋាករទឹកស្វយ័តភ្នំពេញ និងសៀមរាប ដែលជាអង្គភាពស្វយ័ត ដើម្បីសាងសង់បរិក្ខារផ្គត់ផ្គង់ទឹកស្អាតផងដែរ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner