សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការបន្តសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការបន្តនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ។

តាមដីកាចេញដោយ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សវនាការបន្តខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ លោក កឹម សុខា ត្រូវចូលទៅកាន់សាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨:៣០នាទីព្រឹក។

សម្រាប់សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការនេះវិញ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា ហើយមានលោកប្លង់សុផលព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» គប់គិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជាតាមប្រទេសយូហ្គោស្លាវី និងសែប៊ី៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner