សហភាពអឺរ៉ុបព្រមានរុស្ស៊ីថា នឹងប្រឈមមុខនូវទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើវាយប្រហារអ៊ុយក្រែន

ព្រុចសែល៖ នៅពេលដែលភាពតានតឹងកើនឡើងនៅតាមព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី ប្រទេសមហាអំណាចលោកខាងលិចកំពុងថ្លឹងថ្លែងថាតើទណ្ឌកម្មអ្វីដែលពួកគេអាចនឹងដាក់លើរដ្ឋាភិបាលទីក្រុងមូស្គូ។ ហើយនៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានអះអាងដែរថា ប្លុកនេះក៏កំពុងធ្វើការជាមួយអាមេរិក និងអង់គ្លេស សម្រាប់បញ្ជីដាក់ទណ្ឌកម្មផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានគោលនយោបាយការបរទេសអឺរ៉ុបលោក ចូសេប បូរ៉េល បានបញ្ជាក់ដូច្នេះថា សហភាពអឺរ៉ុបមានការឯកភាពគ្នាក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន… ហើយច្បាស់ណាស់ថា ការឈ្លានពានណាមួយលើអ៊ុយក្រែន នឹងបង្កជាផលវិបាកនយោបាយ និងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់រុស្ស៊ី។ មន្រ្តីសហភាពអឺរ៉ុបបានប្រាប់កាសែតរ៉យទ័រថា ទណ្ឌកម្មអាចរួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិសម្រាប់សមាជិកដ៏មានឥទ្ធិពល នៃមន្រ្តីឥស្សរជនផ្នែកនយោបាយរបស់រុស្ស៊ី។ ទណ្ឌ កម្មនេះដែរ ក៏អាចមានទាំងការហាមឃាត់លើបណ្តាញធនាគារ និងហិរញ្ញវត្ថុទាំងអស់ជាមួយរុស្ស៊ី រួមទាំងគម្រោងបំពង់បង្ហូរឧស្ម័ន ណត ស្ទី្រម ធូ (Nord Stream 2)ផងដែរ។

សូមជម្រាបថា សហរដ្ឋអាមេរិក​-សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយមានគោលដៅចម្បងលើវិស័យថាមពល ធនាគារ និងឧស្សាហកម្មអាវុធ ហើយបច្ចុប្បន្នក៏កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមផងដែរ ក្នុងករណីរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីចារកម្មអាមេរិកជឿថា អាចនឹងកើតឡើងនៅដើមឆ្នាំ២០២២៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner