សិក្ខាសាលា ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យលើគម្រោងប្លង់គោលប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ

រតនគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យ លើគម្រោង ប្លង់គោលប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម មួង ប៉ាង អភិបាលស្តីទីខេត្តរតនគិរី តាមរយៈប្រព័ន្ធអនឡាញ Zoom និងមានការចូលរួមពីប្រធានមន្ទីរអង្គភាព និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូប ។

ឯកឧត្តមបណ្ឌិត ប៉ែន សុផល មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ជាមតិយោបល់ ដើម្បីពិភាក្សាគ្នា ជាមួយនឹងឯកសារដែលក្រុមការងារបច្ចេកទេសបានត្រៀមរួចរាល់ ថា តើមានគំនិតបែបណា ក្នុងការរៀបចំ ការអភិវឌ្ឍស្រុករបស់ខ្លួនទៅថ្ងៃខាងមុខ ព្រោះមានតែថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ផ្ទាល់ទេ ដែលដឹងអំពីស្ថានភាពជាក់ស្ដែង នៅក្នុងទីតាំងរបស់ខ្លួន ។ ឯកឧត្តមបន្ថែមថា ចំណុចដែលមូលដ្ឋានចង់បាន ដើម្បីអភិវឌ្ឍទីកន្លែងរបស់ខ្លួន ពិតជាមានសារៈសំខាន់សំរាប់ក្រុមការងារដើម្បីជាចំណុចសិក្សា ដើម្បីវិភាគ បង្កើតជាចក្ខុវិស័យ ជាយុទ្ធសាស្រ្ដ និងកំណត់ការប្រើប្រាស់ដីឱ្យមានប្រសិទ្ធិភាព ។

ឯកឧត្តម មួង ប៉ាង បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួន នៃគម្រោងប្លង់ប្រើប្រាស់ដីស្រុកទាំងពីរ ដែលមានគោលដៅដូចខាងក្រោម៖

១. តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហ៍កម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព
២. តម្រង់ទិសការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកសមាហរណកម្ម ក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ
៣. លើកកម្ពស់អត្ដសញ្ញាណវប្បធម៌ជាតិ តាមរយៈការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច កិច្ចការពារបរិស្ថាន និងការអភិវឌ្ឍបៃតង
៤. ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីទាក់ទាញការគាំទ្រវិនិយោគសាធារណៈ និងឯកជន
៥. គ្រប់គ្រង ការពារ ប្រើប្រាស់ អភិវឌ្ឍដី និងធនធានធម្មជាតិដោយកំណត់ ឲ្យបានច្បាស់លាស់ ជាមុន នូវតំបន់សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌
៦. ទប់ស្កាត់ និងបង្ការហានិភ័យនៃគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner