លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Kentucky ដើម្បីស្ទាបស្ទង់ពីទំហំនៃការខូចខាតដោយសារព្យុះកំបុតត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ រូបលោកនឹងធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ទៅកាន់រដ្ឋ Kentucky ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែការវាយប្រហារពីខ្យល់ព្យុះកំបុតត្បូងនាពេលថ្មីៗនេះ ដើម្បីស្ទាបស្ទង់ពីទំហំនៃការខូចខាតនៅក្នុងរដ្ឋមួយនេះ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ទន្ទឹមនេះ​ លោក ចូ បៃដិន ក៏បានអនុម័តលើការប្រកាសអាសន្ននៅក្នុងរដ្ឋTennessee និងរដ្ឋ Illinois ផងដែរ ខណៈដែលរដ្ឋទាំងពីរនេះស្ថិតក្នុងចំណោមរដ្ឋមួយចំនួននៅអាមេរិកកណ្តាល ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារព្យុះកំបុតត្បូងកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការរបស់លោក បៃដិន ក៏អនុញ្ញាតឱ្យទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធនៃនាយកដ្ឋានសន្តិសុខមាតុភូមិ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ ដើម្បីកាត់បន្ថយការលំបាក និងការឈឺចាប់ដែលបណ្តាលមកពីគ្រាអាសន្នដល់ប្រជាជនក្នុងតំបន់។ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារព្យុះកំបុតត្បូងនៅសហរដ្ឋអាមេរិកបានកើនដល់ ៨៨នាក់ហើយ ខណៈអាជ្ញាធរកំពុងបន្តការជួយសង្រ្គោះកម្មកររាប់សិបនាក់ នៅឯរោងចក្រមួយកន្លែងក្នុងរដ្ឋ Kentucky ដែលត្រូវបានគេជឿជាក់ថា នៅរស់រានមានជីវិត។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ព្យុះកំបុតត្បូងជាច្រើនបានវាយប្រហារលើតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក ក្នុងនោះរួមមានរដ្ឋដទៃទៀត រដ្ឋអាកាន់សាស់ រដ្ឋថេនណេសី រដ្ឋអ៊ីលីណយ រដ្ឋមីស៊ូរី រដ្ឋមីស៊ីស៊ីពី រួមទាំងរដ្ឋឃិនថាក់គី ដែលមានអ្នកស្លាប់ច្រើនជាងគេដល់ទៅ ៧៤នាក់ និង១០៩នាក់ទៀតកំពុងបាត់ខ្លួន នៅឡើយ ហើយនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង៕ ប្រភព៖ CGTN និង Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner