សហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មលើកងទ័ព ចំពោះការវាយប្រហារដោយដ្រូននៅទីក្រុងកាប៊ុលនោះទេ

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ Lloyd Austin ​​សម្រេច​ចិត្ត​ប្រឆាំង​នឹង​ការ​ដាក់​វិន័យ​លើ​សមាជិក​ណាមួយ​នៃ​យោធា​សហរដ្ឋ​អាមេរិក​ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​​កាល​ពី​ខែ​សីហា​នៅ​រដ្ឋ​ធានី​កាប៊ុល​ ដែល​​សម្លាប់​ជន​ស៊ីវិល​ ១០ ​នាក់​ រួម​ទាំង​ក្មេង​ ៧ ​នាក់​ក្នុង​ចំណោម​នោះ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែមស៍​កាល​ពី​ថ្ងៃ​ចន្ទ​។​

មន្ត្រី​ជាន់​ខ្ពស់​មន្ទីរ​​បញ្ចកោណ​និយាយ​ប្រាប់​កាសែត​ញូវយ៉ក​ថែមស៍​ជាអ​នាមិក​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​រដ្ឋ​មន្រ្តី​ Austin ធ្វើ​​ឡើង​ក្រោម​អនុសាសន៍​ពី​​មេបញ្ជាការ​យោធា​អាមេរិក​​ពីរ​នាក់​រួម​មាន​លោក​ Kenneth F. McKenzie Jr.​ ​ប្រធាន​បញ្ជាការយោ​ធា​កណ្តាល​​ និង​លោក​ Richard D. Clarke ​ប្រធាន​បញ្ជាការប្រ​តិបត្តិការ​ពិសេស​ ដែល​មិន​ឱ្យ​ដាក់​វិន័យ​លើ​បុគ្គលិក​ណា​​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​។​​

ការ​ត្រួត​ពិនិត្យ​ផ្ទៃ​មួយ​ក្នុង​របស់​មន្ទីរ​បញ្ចកោណ​​កាល​ពី​ខែ​មុន​និយាយ​ថា​ ការ​ទម្លាក់​គ្រាប់​បែក​កាល​ពី​​ថ្ងៃ​ទី​​ ២៩ ​ខែ​សីហា​នៅ​ក្នុង​រដ្ឋ​ធានី​អាហ្វហ្គានីស្ថាន​ មិន​បំពាន​ច្បាប់​នៃ​សង្គ្រាម​ទេ​ ហើយ​ក៏​មិន​បណ្តាល​មក​ពី​ការ​ប្រព្រឹត្ត​ខុស​ឬ​ការ​ធ្វេស​ប្រហែស​ព្រហ្មទណ្ឌ​ដែរ​។​

លោក​ John Kirby ​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ និយាយ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ត្រួត​ពិនិត្យ​កាល​ពី​ខែ​មុន​គឺ​ជា​ភារកិច្ច​របស់​មេបញ្ជាការអាមេរិក​ ក្នុង​ការ​ស្តី​បន្ទោស​មន្ត្រី​យោធា​ជុំ​វិញ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ប្រសិន​បើ​ចាំ​បាច់​។​​ ​

អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា​៖​ «​អ្វី​​ដែល​​យើង​​​ឃើញ​​នៅ​​ទី​នេះ​ គឺ​​ជា​​ការ​​បំបែក​​ដំណើរ​ការ​ និង​​ការ​​ប្រតិបត្តិ​​តាម​​នីតិវិធី​ មិន​មែន​​​ជា​​លទ្ធផល​​នៃ​​ការ​​ធ្វេស​ប្រហែស ​​​​​លទ្ធផល​​នៃ​​ការ​​ប្រព្រឹត្ត​​ខុស​ ឬ​​លទ្ធផល​​នៃ​​ការ​​ដឹក​​​នាំ​​មិន​​ល្អ​នោះ​ទេ​»។ ​លោក​បន្ត​ថា៖​ «​ដូច្នេះ​ បន្ត​ខ្ញុំ​មិន​នឹក​​​ថា​ មាន​បញ្ហា​នៃ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ធ្វើ​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ទី​ ២៩ ​ខែ​សីហា​នោះ​ទេ​»​។​

យ៉ាង​ណា​មិញ​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃដិន​ (Joe Biden) ​ទទួល​ស្គាល់​កាល​ពី​ខែ​កញ្ញា​ថា​ ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ បាន​សម្លាប់​ជន​ស៊ីវិល​ពិត​មែន​។​ ប៉ុន្តែ​ដំបូង​ឡើយ​ ក្រុម​យោធា​​ការ​ពារ​ការ​វាយ​ប្រហារ​នេះ​ដោយ​និយាយ​ថា​ វា​ជា​ការ​វាយ​ប្រហារ​ដោយ​សុចរិត​លើ​ក្រុម​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អាយស៊ីស ​(ISIS) ​ដែល​កំពុង​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​​​លើ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​ ជា​កន្លែង​ដែល​ទាហាន​អាមេរិក​កំពុង​ធ្វើ​ប្រតិបត្តិការ​ជម្លៀស​ខ្លួន​ដ៏​ធំ​មួយ​។​

លោក​រដ្ឋ​មន្រ្តី​ Austin ​ផ្ទាល់​​ ក៏​​​សុំ​ទោស​​ចំពោះ​​ការ​​បំ​ផ្ទុះ​​គ្រាប់​បែក​​​នេះ​ ហើយ​​សន្យា​​ថា​​នឹង​​មាន​​ការ​​ពិនិត្យ​​យ៉ាង​​ហ្មត់​ចត់​​អំពី​​ឧប្បត្តិ​ហេតុ​។​

កាល​​ថ្ងៃ​ទី​ ០៣ ​ខែ​វិច្ឆិកា​ អគ្គអធិការ​កងទ័ព​អាកាស​អាមេរិក​លោក ​Sami Said ​​និយាយ​ថា​ ការ​ទម្លាក់​គ្រាប់​បែក​នេះ​គឺ​ជា ​«​កំហុស​សុទ្ធ​សាធ​»​ ដែលបណ្តាលមកពីកំហុសប្រតិបត្តិជាបន្តបន្ទាប់ រួមទាំងបញ្ហាទំនាក់ទំនងផងដែរ។ យ៉ាង​ណា​មិញលោក​ Said ​​និយាយ​​នៅ​​ពេល​​​នោះ​​ថា​​​៖​ «​​ប៉ុន្តែ​​វា​​មិន​​មែន​​ជា​ការ​​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ ការ​​ប្រព្រឹត្ត​​ដោយ​​ចៃដន្យ​ ឬ​ការ​​ធ្វេស​ប្រហែស​​នោះ​​ទេ​»​។​

​ការ​លើក​ឡើង​​របស់​លោក​ Said ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស​ រួម​ទាំង​សហភាព​សេរីភាព​ស៊ីវិលអា​មេរិក​ដែល​​និយាយ​ថា​ ការ​រក​ឃើញ​នេះ​មិន​បាន​ផ្តល់​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​នូវ​តម្លា​ភាព​​ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​ជា​​ទី​ស្រឡាញ់​របស់​ខ្លួន​ ដោយ​សារ​តែ​កំហុស​របស់​យោធា​អាមេរិក​នោះ​ទេ​។​

សមាជិក​គ្រួសារ​នៃ​ជនរងគ្រោះ​​និយាយ​ប្រាប់​សារព័ត៌មាន​​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថា​ មនុស្ស​ ១០ ​នាក់​ដែល​ស្លាប់​មាន​​អាយុ​ចន្លោះ​ពី​ ២ ​ទៅ​ ៤០ ​ឆ្នាំ​។​ ​លោក​ Zemari Ahmadi ​ដែល​​ធ្លាប់​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​ជំនួយ​អាហារូបត្ថម្ភ​ និង​ការ​អប់រំ​អន្តរជាតិ​ (NEI) ​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​យោធា​អាមេរិក​សង្ស័យ​ថា​លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ ហើយ​មាន​ផ្ទុក​ជាតិ​ផ្ទុះ​ក្នុង​ឡាន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​លើ​យោធា​ខ្លួន​​នៅ​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​។​

​តាម​សម្ដី​លោក​ Aimal Ahmadi ​ដែល​ជា​ប្អូន​ប្រុស​លោក​ Zemari ​ជន​រងគ្រោះ​រូប​នេះ​ស្លាប់​ជាមួយ​កូន​ៗ​ ៧ ​នាក់​ រួម​ទាំង​សមាជិក​គ្រួសារ​លោក​ពីរ​នាក់​ទៀត​ នៅ​ពេល​បើក​ឡាន​ចូល​ផ្ទះ​ ហើយ​មាន​កូន​ៗ​រត់ម​ក​ទទួល​ មុន​ពេល​ការ​វាយ​ប្រហារ​កើត​ឡើង​។​ ​

ស្ថាបនិក​​ និង​​ប្រធាន​អង្គការ​ NEI ​លោក​ Steven Kwon ​​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់​មន្ទីរ​បញ្ចកោណ​ ដែល​មិន​ដាក់​បុគ្គលិក​យោធា​អាមេរិក​ណាម្នា​ក់ឱ្យ​ទ​ទួល​ខុស​ត្រូវ​ចំពោះ​ការ​ទម្លាក់​គ្រាប់បែ​ក​នេះ​​ ហើយ​និយាយ​ថា​ វា​ជា​រឿង​គួរ​ឱ្យភ្ញា​ក់​ផ្អើល​។​

លោក​និយាយ​កាល​ពី​ថ្ងៃច​ន្ទ​ថា​៖​ «​តើ​​យោធា​​របស់​​យើង​​ឆក់​​យក​​ជីវិត​​ប្រជាជន​​អាហ្វហ្គានីស្ថាន​​ដ៏​​មាន​​តម្លៃ​​១០​​នា​ក់​​ដោយ​សារ​កំហុស​​ឆ្គង​​​ ថែម​ទាំង​​មិន​​មាន​​នរណា​​ម្នាក់​​ទទួល​​ខុស​​ត្រូវ​​តាម​​វិធី​​ណា​​មួយ​ ដោយ​របៀប​ណា​​?​»​។​

​ទោះ​បី​យ៉ាង​នេះ​ក្ដី​​ លោក​ Kirby ​​ប្រាប់​អ្នក​យកព័ត៌មាន​​​ថា ម​ន្ទីរបញ្ចកោណ​កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​ NEI ​ដើម្បី​ប្រញាប់​ផ្លាស់​ទី​សមាជិក​គ្រួសារ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ផ្តល់​ការ​ទូទាត់​សំណង​ដល់​ពួក​គេ​ ដោយ​មិន​បាន​បញ្ជាក់​ចំនួន​នោះ​ទេ​។​​

ការ​​វាយ​ប្រហារ​ដោយ​ដ្រូន​ក្នុង​ខែ​សីហា​ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ជិត​អាកាស​យាន​ដ្ឋាន​ក្នុង​​ក្រុង​កាប៊ុល​​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ខេត្ត​ Khorasan ISKP (ISIS-K) ​ដែល​សម្លាប់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ជាង ​១៥០ ​នាក់​ រួម​ទាំង​សមាជិក​បុគ្គលិក​អាមេរិក​ចំនួន​ ១៣​ នាក់​ផង​ដែរ​។​

​ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner