រុស្ស៊ីជំទាស់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងបញ្ហាសន្តិសុខ

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ ជំទាស់​លើ​ដំណោះ​ស្រាយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ដែល​បង្ហាញ​ថា​ការ​ប្រែប្រួ​ល​អាកាសធាតុ​​​ជា​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​។​

សេចក្ដីជំទាស់​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សំណើ​​ដឹក​នាំ​ដោយ​អៀរឡង់​ និង​នីហ្សេ​​ ​អំពាវ​នាវ​ឱ្យ​មាន​ការ​បញ្ចូល​ព័ត៌មាន​ស្តី​ពី​​ផល​ប៉ះពាល់​សន្តិសុខ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ទៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រឹក្សា​សម្រាប់​ការ​គ្រប់​គ្រង​ជម្លោះ ​និង​ចូល​ទៅ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​បេសកកម្ម​នយោបាយ​ ត្រូវ​បាន​បោះឆ្នោត​ព្រម​ព្រៀង​ភាគ​ច្រើន​​ដោយ​​​​ប្រទេស​ចំនួន ​១១៣ ​លើ​ ១៩៣ ​នៃ​សមាជិក​របស់​អង្គការ​សហប្រជាជន​ជាតិ​គាំទ្រ​សេច​ក្ដី​សម្រេច​នេះ​។​

​វិធានការ​​ស្នើ​ឱ្យ​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​យក​​ហានិភ័យ​សន្តិសុខ​ទាក់ទ​ង​នឹង​អាកាសធាតុ​​ធ្វើ​​ជា «​ធាតុ​ផ្សំ​សំខាន់»​ នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ការពារ​ជម្លោះ​ និង​រាយការណ៍​អំពី​របៀប​ដោះ​ស្រាយ​ហានិភ័យ​ទាំង​នោះ​នៅ​ក្នុង​ចំណុច​ក្តៅ​ជាក់​លាក់​។​​

​សេចក្តី​​សម្រេច​ដែល​ស្នើ​ឡើង​​និយាយ​ថា​ ខ្យល់​ព្យុះ​ខ្លាំង​ ការ​កើន​ឡើង​នៃ​នីវ៉ូ​ទឹក​សមុទ្រ​ ទឹក​ជំនន់​ញឹក​ញាប់​ និង​គ្រោះ​រាំង​ស្ងួត​ និង​ឥទ្ធិពល​ផ្សេង​ទៀត​នៃ​ការ​ឡើង​កំដៅ​ អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​សង្គម​ និង​ជម្លោះ​ដែល​អាច​ «​បង្ក​ហានិភ័យ​ដ៏សំ​ខាន់​ដល់​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​ពិភព​លោក​»​។​​ ​

​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​លោក​ Vassily Nebenzia ​​ត្អូញត្អែរ​ថា​ដំណោះ​ស្រាយ​ដែល​​ស្នើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ នឹង​ប្រែ​ក្លាយ​ជា​បញ្ហា​វិទ្យាសាស្ត្រ​ និង​សេដ្ឋកិច្ច​ ទៅ​ជា​សំណួរ​នយោបាយ​ ដោយ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ប្រឹក្សា​ពី​​ប្រភព​នៃ​ជម្លោះ​នៅ​កន្លែង​ផ្សេង​ៗពិត​ប្រាកដ​ ហើយ​ផ្តល់​ឱ្យ​ក្រុម​ប្រឹក្សា​នូវ​លេស​ដើម្បី​ធ្វើ​អន្តរាគមន៍​លើ​ប្រទេស​ស្ទើរ​តែ​គ្រប់​ទាំង​អស់​​​នៅ​លើ​ភព​ផែនដី​។​

យ៉ាង​ណា​មិញ​ អ្នក​ស្រី​ Byrne Nason ​អ្នកការ​ទូត​អៀរ​ឡង់​និយាយ​ថា​​៖​ «​ថ្ងៃ​នេះ​គឺ​​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​ប្រឹក្សា​ដើម្បី​ទទួល​ស្គាល់​ ជា​លើក​ដំបូង​នូវ​ការ​ពិត​នៃ​ពិភព​លោក​ដែល​យើង​កំពុង​រស់​នៅ​ ហើយ​ថា​ការ​ប្រែ​ប្រួល​អាកាសធាតុ​កំពុង​បង្កើន​អសន្តិសុខ​ និង​អស្ថិរភាព​»។​ ​

លោក​ Abdou Abarry ​ឯកអគ្គ​រដ្ឋ​ទូត​នីហ្សេ​និយាយ​ថា​៖​ «​កម្លាំង​នៃ​ការ​ជំទាស់​អាច​រារាំង​ការ​អនុម័ត​​​។ ​ប៉ុន្តែ​មិន​អាច​លាក់​តថភាព​របស់​យើង​បាន​ទេ​»​។​

​​ប្រភព៖ ABC News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner