អ៊ីរ៉ង់ថាអឺរ៉ុបមិនបានផ្ដល់ដំណោះស្រាយល្អ សម្រាប់ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ភាគី​ប្រទេស​អឺរ៉ុប​ចំនួន​បី​រួមមាន​ បារាំង អាល្លឺម៉ង់​ និង​អង់គ្លេស​ ​បរាជ័យ​ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ សម្រាប់​ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥​។

អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ និង​អ្នក​ចរចា​លោក​អាលី បាហ្គារី កានី​បាន​និយាយ​បាន​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ថា​៖ «ភាគី​អឺរ៉ុប​បរាជ័យ​ក្នុង​ការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ណា​មួយ​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​ដក​ទណ្ឌកម្ម​»​។

ការ​អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​អង់គ្លេស​និយាយ​ថា​អ៊ីរ៉ង់​នៅ​តែ​មាន​ពេល​វេលា​ដើម្បី​ជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ហៅ​កាត់​ថា JCPOA ប៉ុន្តែ​នេះ​គឺ​ជា «ឱកាស​ចុង​ក្រោយ​» របស់​ពួកគេ​។

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោកស្រី​លីស ត្រាស់​បាន​និយាយ​ថា​៖ «នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​អ៊ីរ៉ង់​ក្នុង​ការ​ចូល​មក​តុ​ចរចា​ជា​មួយ​នឹង​ដំណោះ​ស្រាយ​ជាក់​ស្ដែង​លើ​បញ្ហា​នេះ ដែល​ត្រូវ​ស្រប​តាម​លក្ខខណ្ឌ​នៃ​ JCPOA​។ នេះ​ជា​ឱកាស​ចុងក្រោយ​របស់​ពួកគេ ហើយ​វា​សំខាន់​ណាស់​ដែល​ពួកគេ​ធ្វើ​ដូច្នេះ។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ទេ​»។

ភាគី​បារាំង អាល្លឺម៉ង់​ និង​ អង់គ្លេស​បាន​និយាយ​ថា​អ៊ីរ៉ង់​ធ្វើ​សំណើ​ថ្មី បន្ទាប់​ពី​សំណើ​កាល​ពី​ពីរ​សប្ដាហ៍​ត្រូវ​បាន​ពួកគេ​រិះគន់​ថា​មិន​អាច​ទទួល​យក​បាន​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្យួរ​ការចរចា​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ចរចា​ធ្វើ​ដំណើរ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​រដ្ឋាភិបាល​រាង​ខ្លួន​។ ការ​ចរចា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ បាន​បញ្ចប់​មួយ​ម៉ោង​ក្រោយ​ពី​បាន​ចាប់​ផ្ដើម​វិញ​ បន្ទាប់​ពី​ភាព​តាន​តឹង​កើន​ឡើង​ជុំវិញ​ការ​ទាមទារ​របស់​អ៊ីរ៉ង់​៕

ប្រភព៖ The Times of Israel

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner