អូស្ត្រាលី និងកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិគិតជាទឹកប្រាក់ចំនួន ៧១៧ លានដុល្លារ

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក​ Scott Morrison ​និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក​​ Moon Jae-in ​​កាល​ពី​ថ្ងៃ​ចន្ទ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​ការពារ​ជាតិ​គិតជា​ទឹក​ប្រាក់​ចំនួន​ ៧១៧  ​លាន​ដុល្លារ​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​របស់​លោក​ Moon ​ទៅ​កាន់​រដ្ឋ​ធានី​កង់បេរ៉ា​។​

​ក្រោម​កិច្ច​ព្រម​ព្រៀង​​​​​ថ្មី​ ​​​ក្រុមហ៊ុន​​ការពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង​ Hanwha ​នឹង​ផ្តល់​​ដល់​​កង​ទ័ព​​អូស្ត្រាលី​​នូវ​​អាវុធ​​ កាំភ្លើង​ធំ​ ​​យាន​ជំនិះ​ និង​​រ៉ាដា​។​ វា​គឺ​ជា​កិច្ច​សន្យា​ការពារ​ជាតិ​ដ៏​ធំ​បំផុត​​ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​រវាង​អូស្ត្រាលី ​និង​ចិន​កើន​ឡើង​កាន់​តែ​​ខ្លាំង​​​។​

​លោក​ Morrison ​​និយាយ​ថា​ កិច្ចព្រមព្រៀង​​នឹង​​បង្កើត​ការងារ​ប្រហែល ​៣០០ ​​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ លោក​និយាយ​ថា​៖​ «​កិច្ច​​សន្យា​​ដែល​​យើង​​​​ចុះ​​ហត្ថលេខា​​ថ្ងៃ​​នេះ​ ខ្ញុំ​​គិត​​ថា​​និយាយ​​ច្រើន​​អំពី​​អ្វី​​ដែល​​យើង​​ជឿ​​ថា​​ជា​​សមត្ថភាព​​របស់​​ឧស្សាហកម្ម​​ការពារ​​ជាតិ​​កូរ៉េ​»​។ ​

នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បន្ត​ថា​៖​ «​វា​ជា​ជំពូក​សំខាន់​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ការពារ​ជាតិ​​អូស្ត្រាលី ​នៅ​ពេល​ដែល​យើង​បន្ត​កសាង​សមត្ថភាព​អធិបតេយ្យ​ភាព​របស់​យើង​ ហើយ​កូរ៉េ​គឺ​ជា​ដៃ​គូ​ដ៏​សំខាន់​ក្នុង​ដំណើរ​នោះ​ ដោយ​មិន​ត្រឹម​តែ​នៅ​ក្នុង​ការ​រៀប​ចំ​សន្តិសុខ​របស់​យើង​ទេ​ ប៉ុន្តែ​ក៏​នៅ​ក្នុង​ការ​កសាង​សមត្ថភាព​អធិបតេយ្យ​ភាព​របស់​យើង ​និង​ក្នុង​ការ​ផលិត​វិស័យ​ការពារ​ជាតិ​ផង​ដែរ​»​។​​

លោក​​ប្រធានា​ធិបតី​ Moon ​​និយាយ​ថា​ កូរ៉េខាងត្បូង​​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​អូស្ត្រាលី​ដែរ​ នៅ​ពេល​​និយាយ​អំពី​ទស្សន​​វិស័យ​​ភូមិសាស្ត្រ​​នយោបាយ​​របស់​​ខ្លួន​​​។​​ មេដឹក​​​នាំ​​រូប​​នេះ​​បន្ត​ថា​ ដំណើរទស្សនកិច្ច​នៅ​ទីក្រុង​កង់បេរ៉ា​របស់​លោក​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ផល​ប្រយោជន៍​ជាតិ​របស់​ប្រទេស​កូរ៉េ​ និង​ដើម្បី​លើក​កម្ពស់​សន្តិភាព​ និង​វិបុល​ភាព​នៅ​ក្នុង​តំបន់​។​ ​​

យ៉ាង​ណាមិញ​ ​លោក​ Moon ​​ក៏​​និយាយ​ផង​​ដែរ​​​ថា​ ទំនាក់​ទំនង​​របស់​​កូរ៉េខាងត្បូង​​ជាមួយ​​ចិន​​​ក៏​មាន​​សារៈ​សំខាន់​ ជា​ពិសេស​​នៅ​ពេល​និយាយ​អំពី​ការ​​បន្ត​​សន្តិភាព​​ជាមួយ​​កូរ៉េ​ខាង​ជើង​។​ លោក​និយាយ​ថា​៖​ «​ដូច្នេះ​ កូរ៉េ​ខាង​ត្បូង​ផ្តោត​លើ​សម្ព័ន្ធ​ភាព​ដ៏​រឹង​មាំជា​មួយ​សហរដ្ឋ​អាមេរិក​ និង​ជាមួយ​ប្រទេស​ចិន​​​។ ​យើង​​ចង់​​បាន​​ទំនាក់​​ទំនង​​ចុះ​​សម្រុង​​​គ្នា​»​។​

នា​​ពេល​​ថ្មី​​ៗ​​នេះ ​​​អូស្ត្រាលី​​​ប្រកាស​កិច្ច​ព្រម​ព្រៀង​សាង​សង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​ក្នុង​ភាព​ជា​ដៃ​គូ​មួយ​ដែល​មាន​ឈ្មោះថា​ AUKUS ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស ដែ​ល​ជា​ទង្វើ​រង​​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន​។​​ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner