កូនឈើព្រៃលិចទឹកដើមរាំងនិងកូនឈើចម្រុះចំនួន៤.០០០ដើម និងដើមឫស្សីអត់បន្លាចំនួន១.០០០ដើមត្រូវបានដាំឡើងវិញ នៅចំណុចក្រពើស្គម ជាដីព្រៃត្រូវបានដកហូត ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (មានវីដេអូ)

      អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចម្រុះខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃខណ្ឌជលផល និងខណ្ឌព្រៃឈើ ក្នុងខេត្តបាននាំយកកូនឈើព្រៃលិចទឹកនិងដើមឫស្សីចំនួន៥ពាន់ដើម ដើម្បីយកទៅដាំឡើងវិញ នៅដែនព្រៃលិចទឹក ដែលទទួលរងដោយការទន្ទ្រានរានយកដីព្រៃលិចទឹក(តំបន់៣) ប្រមាណជិត៩០០ហិកតា ដោយក្រុមមនុស្សអគតិ និងជនខិលខូចដែលមានមេក្លោងនៅពីក្រោយខ្នង ដើម្បីកាន់កាប់ដោយខុសច្បាប់កន្លងមក ហើយត្រូវបានរាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការដកហូតរឹបអូសដីព្រៃទាំងអស់នោះជាសម្បត្តិវិញនិងត្រូវដាំកូនឈើព្រៃលិចទឹក នៅតំបន់ដីព្រៃដែលបានដកហូត ស្ថិតនៅក្នុងភូមិសាស្ត្រ នៃឃុំព្រៃចាស់ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ទី ១៤  ខែ ធ្នូ  ឆ្នាំ ២០២១នេះ។

      ក្នុងការដឹកនាំចុះទៅដាំកូនឈើព្រៃលិចទឹកនៅចំណុចខាងលើនេះ ក្រោមមានវត្តមានរបស់ឯកឧត្ដម  ពុំ  សុីថា  ប្រតិភូរាជរដ្ឋាភិបាល  ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងឯកឧត្ដម  សុខ  លូ  អភិបាល ខេត្ត បាត់ដំបង ដោយបាន ដឹកនាំ  ក្រុម ការងារ ចម្រុះ ខេត្ត  ប្រធានមន្ទីរ សំខាន់ៗអង្គភាពជំនាញ  និង កងកម្លាំង ទាំង ៣ប្រភេទ  ដើម្បីធ្វើការដាំដុះ និងស្តារដីព្រៃលិចទឹកតំបន់៣ ទីនេះឡើងវិញ ក្រោយពីបានធ្វើការបង្ក្រាប  និងឃាត់ខ្លួន មនុស្សពាក់ព័ន្ធពីការកាប់បំផ្លាញព្រៃនិងបានដកហូតមកជាសម្បត្តិរដ្ឋ  កាលពីថ្ងៃទី ៦ ខែ ធ្នូ  ឆ្នាំ ២០២១  សរុបចំនួន  ៨៩៤ ហិកតា  គឺជាដែនព្រៃលិចទឹក តំបន់៣ ដែលត្រូវបានហាមឃាត់និងកំណត់ដោយច្បាប់(ចំណុចក្រពេីស្គម )ដោយ បាននាំយកកូនឈើព្រៃលិចទឹកចម្រុះ ចំនួន៥ពាន់ដើម ដើម្បីយកទៅដាំនៅទីនោះ។

      តាមការគូសបញ្ជាក់ពីលោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបង បានឲ្យដឹងថា៖កូនឈើដែលបានយកមកដាំនេះ គឺជាកូនឈើនៃព្រៃលិចទឹកដោយក្នុងនោះមានកូនឈេី ចម្រុះដូចជា៖កូនដេីមរាំងទឹក ,ដើមសណ្តាន់  ចំនួន  ៤ពាន់ដេីម និងដើមឫស្សី ចំនួន១ពាន់ដើម។

      ក្នុងការចុះទៅដាំកូនឈើព្រៃលិចទឹក នៅចំណុចក្រពើស្គម ខាងលើនេះ ឯកឧត្តម សុខ លូបានធ្វើការណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសលោកនាយខណ្ឌលផល និងលោកនាយខណ្ឌព្រៃឈើ សូមឲ្យបន្តនូវការយកចិត្តទុកដាក់ក្នុងការបណ្តុះកូនឈើនិងរកកូនឈើព្រៃលិចទឹកចម្រុះ ដើម្បីយកមកដាំនៅទីនេះបន្ថែមទៀត។ ហើយក៏ត្រូវយកចិត្តទុកដាក់ ក្នុងការបន្តដាំ នៅឆ្នាំក្រោយៗជាបន្តបន្ទាប់ថែមទៀតផងដែរ។

         សូមបញ្ជាក់ថា៖ កន្លងមកនេះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងក្នុងកិច្ចប្រជុំជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារអន្តរក្រសួង ដោយបានបង្ហាញឲ្យដឹងថា៖ ដែនព្រៃលិចទឹកជាប់និងចំណុចបឹងទន្លេសាបស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន២០៦.៩៥៣ហិកតា ។ក្នុងនោះផ្ទៃដីដែលជនខិលខូចបានកាប់បំផ្លាញនិងទន្ទ្រានរានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិកាន់កាប់ដោយខុសច្បាប់មានចំនួន ២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២.២២១ហិកតា។និងប្រជាពលរដ្ឋ ដែលបានប៉ះពាល់ចូលទន្ទ្រានកាន់កាប់មានចំនួន ២.៥១៤គ្រួសារ ក្នុងភូមិសាស្ត្រឃុំ ចំនួន ១៧ឃុំ នៃស្រុកចំនួន០៤ដែលមានភូមិសាស្ត្រ ជាប់និងចំណុចបឹងទន្លេសាប រួមមាន៖ស្រុកមោងឫស្សី, ស្រុកថ្មគោល, ស្រុកឯកភ្នំ និងស្រុកសង្កែ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner