ផ្សិតប៉ាឬផ្សិតច្រម៉ាស់សម្បូរដុះនៅ រដូវរងាក្នុងតំបន់ភ្នំគូលែន

ខេត្តសៀមរាប​៖​នៅ​រៀងរាល់​ដល់​ខែ​រដូវរងា​ឈានចូល​មកដល់​ប្រជា​សហគមន៍​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល​ស្ថិតនៅ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​តែង​នាំគ្នា​ចេញទៅ​រក​ផ្សិត​ម្យ៉ាង​ដែល​អ្នកស្រុក​ហៅថា ផ្សិត​ប៉ា ឬ​ផ្សិត​ច្រ​ម៉ាស់​ដើម្បី​ទុក​លក់​និង​ទុក​បរិភោគ​ពីព្រោះថា​ជា​ប្រភេទ​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ​ខុសប្លែក​ពី​ផ្សិត​ដទៃទៀត​។​


​ ​ បើតាម​ក្រុម​ប្រជា​សហគមន៍​ដែល​ចេញ​ទៅរក​ផ្សិត​នេះ​បានឱ្យដឹងថា ផ្សិត​ប៉ា ឬ​ផ្សិត​ច្រ​ម៉ាស​នេះ​គឺ​វា​បាន​ដុះ​ចេញ​មកពី​ដើម​ប៉ា ឬ​ដើម​ច្រ​ម៉ាស់​ដែល​ដុះ​លើ​ព្រៃភ្នំ ។​នៅពេល​ដើមឈើ​ប្រភេទ​នេះ​បាន​ងាប់​ពុកផុយ​ច្រើន​ឆ្នាំ វា​បាន​ដុះ​ចេញ​ជា​ផ្សិត​រៀងរាល់​ដល់​រដូវរ​ងា​ឈានចូល​មកដល់​។​
អ្នកស្រី អ៊ែ​ម ហៀ​ង ដែល​បានចេញ​ទៅរក​ផ្សិត​ប៉ា​ក្នុងព្រៃ​លើ​ភ្នំ​គូលែន​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បានឱ្យដឹង​ថា ឱ្យតែ​ដល់​រដូវ​ខែរងា​ជាពិសេស​អំឡុង​ចុងខែ​វិច្ឆិកា​ដល់​ខែមករា​គាត់​តែង​ចេញទៅរ​កដក​ផ្សិត​ប៉ា​ឬ​ផ្សិត​ច្រ​ម៉ាស​នេះ​គ្រាន់​ទុក​ធ្វើ​ម្ហូប​និង​លក់​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់គាត់​។​ក្នុង​មួយថ្ងៃ​គាត់​អាច​ដក​ផ្សិត​នេះ​បាន​ចាប់ពី​១-៦​គីឡូក្រាម​ហើយ​អាច​លក់​ក្នុងតម្លៃ​មួយ​គីឡូ​ម​ក្រាម​ថ្លៃ ៨០០០​រៀល​។​


​ ​ស្ត្រី​អ្នកស្រុក​រស់នៅ​លើ​ខ្នងភ្នំ​គូលែន​រូបនេះ​បន្ត​ឱ្យដឹងថា “​ផ្សិត​នេះ​ដុះ​លើ​ដើមឈើ ឬ​មែកឈើ​ដែល​ងាប់​ពុកផុយ​ច្រើន​ឆ្នាំ​។​វា​ដុះ​ប្រជ្រៀត​គ្នាច្រើន​ដោយ​គេ​អាច​ដក​បាន​ច្រើន​ក្នុង​មួយកន្លែងៗ​ដែល​វា​ដុះ ។​ផ្សិត​មួយបែប​នេះ​វា​ដុះ​តែ​ខែរងា​ទេ ហើយ​បើ​អស់​រដូវរងា​វា​ក៏​លែងចេញ​ផ្សិត​បន្តទៀត​ដែរ​”​។​
ទាក់ទិន​នឹង​ប្រភេទ​ផ្សិត​នេះ​អ្នកស្រី អ៊ែ​ម ហៀ​ង បានឱ្យដឹង​បន្ថែមថា ផ្សិត​ប៉ា ឬ​ផ្សិត​ច្រ​ម៉ាស់​គេ​អាច​ទុក​បានតែ​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​យ៉ាងយូរ​វា​នឹង​ចាស់​អស់ បរិភោគ​មិនកើត​ទេ​។​បើ​ចង់ឱ្យ​ផ្សិត​នេះ​មិន​ងាយ​ចាស់​គេ​ត្រូវ​កាត់​ដើម​វា​ចោល​ហើយ​បើ​គេ​មិន​កាត់ចោល​ទេវា​ងាយ​ចាស់​បរិភោគ​ទៅ​ស្វិត​មិន​ឆ្ងាញ់​សោះឡើយ​។​


ដោយឡែក​អ្នកស្រី គង់​ផានី ដែលជា​អ្នកទទួល​ទិញ​ផ្សិត​សម្រាប់​លក់​បន្ត​មួយរូប​ស្ថិតនៅក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​រៀបរាប់​ឱ្យដឹងថា​គាត់​បានទទួល​ទិញ​ផ្សិត​នេះ​សម្រាប់​យកទៅលក់​បន្តទៅ​តាម​ភោជនីយដ្ឋាន​និង​បណ្តា​ខេត្ត​មួយចំនួនទៀត​ដោយ​ក្នុង​មួយថ្ងៃ​អាច​ទិញ​បាន​១០-២០​គីឡូក្រាម​។​ផ្សិត​នេះ​គេ​ចូលចិត្ត​ទិញ​ទៅ​បរិភោគ ពិសេស​ជនជាតិ​ថៃ​ចូលចិត្ត​ទិញ​ទៅ​បរិភោគ​ខ្លាំងណាស់ ហើយ​តម្លៃ​ប៉ុន្មាន​ក៏​គេ​ហ៊ាន​ទិញ​ដែរ​។​


ស្ត្រី​អ្នកទិញ​ផ្សិត​លក់​រូបនេះ​បានបញ្ជាក់​បន្ថែមថា ផ្សិត​ប៉ា ឬ​ផ្សិត​ច្រ​ម៉ាស់​នេះ​គេ​អាច​យកទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ណាស់​ដូចជា យកទៅ​ឆា យកទៅ​ធ្វើ​សម្លរ​ប្រហើរ យកទៅ​ធ្វើ​ស៊ុប និង​ច្នៃ​ធ្វើ​ម្ហូប​ច្រើន​ប្រភេទ​ទៀត​តាម​ដែល​គេ​ចូលចិត្ត​។​
បើតាម​លោក ឈឿ​ម តាំង មេឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្តសៀមរាប​បានឱ្យដឹង​ថា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក​តែង​រក​អនុផល​ព្រៃឈើ​ដូចជា ដកហូត​ផ្សិត រក​ទឹកឃ្មុំ និង​ចិញ្ចឹមសត្វ​ដូចជា​ជ្រូក​កណ្តុរ មាន់​ទា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​តាមរយៈ​ការ​អនុផល​ព្រៃឈើ និង​ការ​ចិញ្ចឹមសត្វ​នេះ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់ កាន់តែ​ប្រសើរឡើង​និង​ពួកគាត់​លែង​ចូល​ព្រៃ​កាប់​ឈើ​បរបាញ់​សត្វ​ដែលជា​ការបំផ្លាញ​ធនធានធម្មជាតិ​ដូច​កាលពីមុន​ទៀតឡើយ​។​


សូមរំលឹកដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានគាំទ្រសហគមន៍តំបន់ការពារ

ធម្មជាតិចំនួនពីរគឺសហគមន៍ព្រៃធំពពេលនិងសហគមន៍ព្រៃធំអន្លង់ធំនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនដោយគម្រោងបានយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិមានទាំងកិច្ចការងារបដិសណ្ឋារកិច្ចការនាំភ្ញៀវនិងការអភិរក្សជាដើម។លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយ:បង្កើនការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់និងឃ្មុំព្រៃផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner