ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចនៅពេលព្រឹក ដូច្នេះសូមកុំទាន់ផ្តួចផ្តើមគំនិតនៅពេលនេះ។ ទន្ទឹមនឹងនេះ មិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ ពិសេសជាមួយថ្នាក់លើឡើយ ហើយចូរកុំបដិសេធការផ្តល់ជូនណាមួយពីថ្នាក់លើ។ អ្វីៗអាចនឹងដំណើរការល្អប្រសើរណាស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចនេះ។ ក្នុងនោះ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យវាយតម្លែ និងការពារទស្សនៈរបស់ខ្លួនបានពេញលេញ។ ក្រៅពីនេះ សូមលោកអ្នកសំឡឹងមើលឳកាសដែលនៅក្បែរខ្លួនជាជាងរំពឹងឳកាសពីឆ្ងាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកមានដំណើរល្អប្រសើរណាស់។ ការបោះជំហានសម្រាប់កិច្ចការងារថ្មី ឬការបណ្តាក់ទុន និងសូម្បីតែការផ្លាស់ប្តូរទីកន្លែងការងារក្តី។ ទាំងនេះមិនមែនមានន័យថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ ប៉ុន្តែអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខដោយជោគជ័យ ហើយមនុស្សនៅជុំវិញខ្លួននឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងផងដែរ។ ប្រការចំបាច់បំផុតក្នុងពេលនេះ គឺសូមកុំឃ្លាតឆ្ងាយពីការគម្រោងផែនការ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ដើម្បីទទួលបានគំនិតទូលាយសម្រាប់ការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែអ្នកប្រហែលជាពិបាកក្នុងការធ្វើទំនាក់ទំនង ឬបង្ហាញលទ្ធផលការងាររបស់អ្នកចំពោះមិត្តរួមការងារ ថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏មិនអាចពឹងពាក់អ្នកដទៃបានដោយងាយស្រួលនោះទេ។ អាស្រ័យហេតុនេះ សូមព្យាយាមបំពេញការងារដោយខ្លួនឯង និងពឹងផ្អែកជាពិសេសជាមួយចំណេះដឹង បទពិសោធន៍ និងពត៌មានទាំងឡាយដែលអ្នកទទួលបាន។ ក្រៅពីនេះ សូមលោកអ្នកពិនិត្យពិចារណាឲ្យបានច្រើនដងចំពោះរាល់ការផ្តល់ជូនទាំងឡាយណាដែលទាក់ទងនឹងស្ថានភាពទ្វេរមុខ។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពថ្ងៃនេះសន្យានឹងផ្តល់ជូនលោកអ្នកនូវភាពចម្រើនលូតលាស់ក្នុងអាជីព និងការប៉ងប្រាថ្នានានា។ លោកអ្នកក៏គួរយកចិត្តទុកដាក់ដោយបន្តដំណើរការការងារជានិច្ច ការបន្ថយល្បឿនហាក់មិនជាជម្រើសល្អប្រសើរបំផុតនោះទេ ដោយសារលោកអ្នកត្រូវចំណាយពេលវេលា និងយុទ្ធសាស្រ្តដើម្បីសម្របទៅនឹងស្ថានភាពនានានៅមជ្ឈដ្ឋានខាងក្រៅ។ ក្នុងពេលនេះ លោកអ្នកក៏នឹងមានការចល័តគំនិត និងការចែករំលែកចំណេះដឹង និងយោបល់នានាបានដោយសេរី និងមិនបង្ករភាពអាក់អន់នោះទេ។ ក្រៅពីនេះ សូមយកចិត្តទុកដាក់នឹងសុខសុវត្ថិភាពជីវិតផ្ទាល់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកពឹងផ្អែកខ្លាំងជាមួយគំនិតច្នៃប្រឌិត។ ក្នុងនោះ សូមរៀបចំគម្រោងផែនការសកម្មភាព និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន។ វិន័យនានាក្នុងការអនុវត្តការងារមានសារសំខាន់។ លោកអ្នកមិនអាចធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមនុស្សនៅក្នុងរង្វង់ការងារ ហើយក៏កុំបង្ហាញការប្រថុយប្រថានរបស់អ្នកឲ្យគេបានដឹងនោះដែរ គឺសូមប្រយ័ត្នចំពោះការជឿទុកចិត្ត។ ក្នុងនោះដែរ លោកអ្នកមិនគួរចូលរួម ឬធ្វើការរិះគន់មតិយោបល់ ឬការងាររបស់មិត្តរួមការងាររបស់អ្នកឡើយ។ យកល្អ គួររក្សាគំលាតពីការពិភាក្សារឿងរ៉ាវផ្ទាល់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការធ្វើទំនាក់ទំនង ការចរចា និងការតាំងបង្ហាញលទ្ធផលការងារនានា។ ក្នុងនោះហោរាណែនាំឲ្យអ្នកមានភាពក្លាហាន និងត្រូវមានភាពដាច់ខាតចំពោះគំនិតយោបល់របស់ខ្លួន។ អ្នកគួរព្យាយាមការពារមតិយោបល់របស់ខ្លួន ដោយពឹងទៅលើពត៌មានពិតប្រាកដ ហើយធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនក្នុងការដឹកនាំរបស់អ្នកដទៃ។ ដោយឡែក ភាគច្រើនលោកអ្នកអាចតស៊ូនឹងបញ្ហាដែលនឹងកើតឡើង ហើយមានលទ្ធភាពដោះស្រាយដោយសន្តិវិធី។ ក្រៅពីនេះ​ លោកអ្នករំពឹងថាទទួលបានពត៌មានថ្មីដែលជាទីគាប់ចិត្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការបំពេញការងារឲ្យបានទាន់ពេលវេលា។ អ្វីដែលអ្នកប្រាថ្នានឹងទទួលបានការគាំទ្រ និងអាចសម្រេចបានលទ្ធភាពគួរជាទីមោទនក្រៃលែង។ ក្នុងនោះ លោកអ្នកប្រហែលជាទទួលបានដំណឹងល្អដែលអ្នកបានរំពឹងទុកជាយូរណាស់មកហើយ។ ចំពោះសេចក្តីផ្ទាល់ខ្លួនក៏នឹងអាចទទួលបានក្នុងថ្ងៃនេះ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងចិត្ត ចូរសំដែងភាពពិតទាំងឡាយនៅក្នុងចិត្ត។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមជាមួយមនុស្សចាស់នៅក្នុងផ្ទះ។ គួររក្សាអាកប្បកិរិយាជាពិសេស ពីព្រោះភាពអវិជ្ជមានកំពុងមានសញ្ញាណចំពោះទំនាក់ទំនង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការពិភាក្សាអំពីអាជីពនាពេលអនាគតនោះទេ។ យកល្អគួរតែពិភាក្សាក្នុងការសន្ទនាចំពោះតែប្រធានបទដែលមិនត្រូវការការសម្រេចចិត្តជាបន្ទាន់។ ក្រៅពីនេះ សូមកាត់បន្ថយការទាមទារនានាពីអ្នកដទៃ។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយមនុស្សក្រោមបង្គាប់យាយីពីការឈ្លោះប្រកែក ឬការបញ្ចេញមតិ កលល្បិច។ សូមរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ ក្រៅពីនេះ ចំពោះការធ្វើដំណើរជិតឆ្ងាយនានានឹងទទួលបានសុខសុវត្ថិភាពល្អប្រសើរណាស់ ដូច្នេះមិនចាំបាច់ត្រូវបារម្ភចំពោះការចាកចេញណាមួយឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មគួរជាទីមោទនក្រៃលែង។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ភាពរឹងទទឹង និងអារម្មណ៍ឆេវឆាវមិនអាចប្រើប្រាស់បានទេ បើទោះជាលោកអ្នកត្រឹមត្រូវក្តី។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ឬចុះហត្ថលេខាទាមទារការពិនិត្យជាក់ស្តែង។ លើសពីនេះ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ​ ប្រហែលមិនមែនជាពេលវេលាល្អបំផុតនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ បញ្ហាប្រទាក់ក្រឡាផ្តើមចេញពីភាពយល់ច្រលំ ដូច្នេះសូមធ្វើការដោយម៉ត់ចត់ និងដោះស្រាយបញ្ហាតូចធំឲ្យបានចប់សព្វគ្រប់។ ដោយឡែក អ្នកគួរចំណាយពេលវេលាបង្ហើយការងារដែលនៅសល់លើតុ កុំប្រមូលផ្តុំនាំឲ្យលំបាកទៅពេលក្រោយ។ ថ្ងៃនេះសុខភាពរបស់អ្នកហាក់ប្រឈមនឹងបញ្ហាតិចតួច ពិសេសសូមឈប់សម្រាក លំហែកាយខ្លះទើបជាការល្អប្រសើរបំផុតចំពោះអារម្មណ៍។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ ថ្ងៃនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ និងចាប់យកឳកាសសំខាន់នានាបាន ដូច្នេះជៀសវាងធ្វើកិច្ចការប្រញាប់ប្រញាល។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ពីព្រោះចិត្តរបស់លោកអ្នកកំពុងទទួលឥទ្ធិពលពីខាងក្រៅ។ ក្រៅពីនេះ សូមកុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើអាចគួរតែផ្អាកសិន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អប្រសើរ ក្នុងនោះសូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពិសេសថ្នាក់លើ។ ចំពោះមតិរិះគន់ ឬគំនិតយោបល់ណាមួយក្តី គួរតែត្រូវផ្អែកទៅលើភស្តុតាង​ និងទិន្នន័យទើបអ្នកមិនជួបបញ្ហា។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា ហេតុដូច្នេះស្ថានភាពតានតឹងនានានឹងអាចធូរស្រាលទៅវិញ។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ ម្សាញ់ មមី ចរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងលុយកាក់ និងសម្ភារៈនឹងកើតឡើងស្របគ្នា្កក្នុងថ្ងៃនេះ។ លើសពីនេះលោកអ្នករំពឹងថាទទួលបានការគាំទ្រយ៉ាងស្មោះត្រង់។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner