អាមេរិក និងឥណ្ឌូនេស៊ីចុះ MOU លើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ

សហរដ្ឋអាមេរិក និង​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ (MOU) លើ​កិច្ច​សហប្រតិបត្តិការ​ផ្លូវសមុទ្រ​ ដោយ​ក្នុង​នោះ​ដែរ​រួម​មាន​ការ​ធ្វើ​សមយុទ្ធ​រួម​រវាង​កងទ័ព​ជើង​ទឹក​ប្រទេស​ទាំង​ពីរ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ផ្លូវ​សមុទ្រ​ខុស​ច្បាប់។

បន្ថែម​ពី​នេះ​ទៅ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ចុះ​ MOU ចំនួន ២បន្ថែម​ទៀត​ដោយ​ក្នុង​នោះ​រួម​មាន​ ការ​បន្ត​កម្មវិធី​ទីភ្នាក់ងារ​សន្តិភាព​អាមេរិក Peace Corps ដែល​ជា​កម្មវិធី​ក្នុង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ហើយ​ MOU មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ ដែល​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​យុវជន​ក្មេងៗ​ប្រទេស​ទាំង​ពីរ។

អនុស្សរណៈ​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រី​អប់រំ​ឥណ្ឌូនេស៊ី​លោក Nadiem Makarim និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក អាន់តូនី ប្លីនកែន។

លោក ប្លីនកែន ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ចុះ​ MOU ទាំង​នេះ​នឹង​ជួយ​លើកកម្ពស់​ឱ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ទៅ​មុខ​មួយ​កម្រិត​ទៅ​ទៀត​។

ក្រៅ​ពី​នេះ​ដែរ អ្នកស្រី ម៉ារស៊ូឌី ​ប្រាប់​អ្នក​សារពត៌មាន​​ថា ក្នុង​គោលបំណង​នៃ​ការ​រឹត​ចំណង​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ ឥណ្ឌូនេស៊ី និង​អាមេរិក​នឹង​ចាប់​ផ្ដើម​រៀប​ចំ​កិច្ចប្រជុំ​ថ្នាក់​ឧត្ដម​មន្ត្រី ទម្រង់ ២+២ ដែល​ជា​កិច្ចប្រជុំ​រវាង​មន្ត្រី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារ​ជាតិ​៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner