អេម៉ារ៉ាត់អារ៉ាប់រួមព្យួរបញ្ជាទិញអាវុធរាប់ពាន់លានដុល្លារ ជាសញ្ញាធុញទ្រាន់នឹងភាពតានតឹងរវាចិន និងអាមេរិក

អេម៉ារ៉ាត់​អារ៉ាប់​រួម​ (UAE) បាន​ព្យួរ​កិច្ចព្រមព្រៀង​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ F-35 របស់​អាមេរិក​ ដែល​សញ្ញា​មួយ​បង្ហាញ​ថា​ក្រុង​អាប៊ូដាប៊ី​កំពុង​ធុញ​ទ្រាន់​នឹង​ការ​ប៉ុនប៉ង​​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​រារាំង​ការ​នាំ​ចូល​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ចូល​ក្នុង​ប្រទេស​អារ៉ាប់​នេះ​។

«UAE បាន​ជូន​ដំណឹង​ដល់​សហរដ្ឋអាមេរិក​ថា​ ខ្លួន​នឹង​ព្យួរ​ការ​ពិភាក្សា​ដើម្បី​បញ្ជា​ទិញ​យន្តហោះ​ F-35​» មន្ត្រី​នៃ​UAEមួយរូប​ បាន​ប្រាប់​សារព័ត៌មាន​ស៊ីអិនអិន​ បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «តម្រូវ​ការ​បច្ចេកទេស ការ​រឹត​បន្តឹង​ប្រតិបត្តិការ​អធិបតេយ្យភាព និង​ការ​វិភាគ​តម្លៃ/អត្ថប្រយោជន៍ បាន​នាំ​ឱ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​នេះ​»​។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «សហរដ្ឋអាមេរិក​គឺ​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ចម្បង​របស់​ UAE សម្រាប់​តម្រូវ​ការ​ការពារ​ជាតិ​ជាន់​ខ្ពស់​ ហើយ​ការ​ពិភាក្សា​សម្រាប់​ F-35 អាច​បើក​ឡើង​វិញ​នៅ​ពេល​អនាគត​»​។

ការ​ជាប់​គាំង​នេះ​គឺ​បង្ក​ឡើង​ដោយ​សារ​ច្បាប់​អាមេរិក​បាន​ដាក់​តម្រូវ​ការ​លើ​អ្នក​នាំ​ចូល​អាវុធ​ទំនើប​ៗ​ពី​អាមេរិក​ឱ្យ​ជួយ​ការពារ និង​ថែ​រក្សា​បច្ចេកវិទ្យា​សម្ងាត់​ក្នុង​អាវុធ​ទាំង​នេះ​។ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​សម្ពាធ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​ UAE ឱ្យ​ដក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន Huawei ចេញ​ពី​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន​ ដោយ​អះអាង​ថា​បច្ចេកវិទ្យា​ក្រុមហ៊ុន​នេះ​អាច​បង្ក​ហានិភ័យ​សន្តិសុខ​ដល់​ប្រព័ន្ធ​អាវុធ​ទាំង​នេះ​។

ប៉ុន្តែ​មន្ត្រី​ UAE មិន​សូវ​ជឿ​ការ​អះអាង​របស់​អាមេរិក​អំពី​បញ្ហា​សន្តិសុខ​ទាំង​នេះ​ ហើយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ខំ​ឱ្យ​ពាក់ព័ន្ធ​ក្នុង​ «សង្គ្រាម​ត្រជាក់​ថ្មី» រវាង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត និង​សម្ព័ន្ធ​មិត្ត​សំខាន់​បំផុត​៕

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner