អ្នកសារព័ត៌មានអាមេរិក៖ ចិនបារម្ភខ្លាចអាមេរិកដួលរលំអំឡុងពេលព្រឹត្តិការណ៍កុប្បកម្ម ៦មករា

ចិន​បារម្ភ​ខ្លាច​ក្រែង​សហរដ្ឋអាមេរិក​ដួល​រលំ​ អំឡុង​ពេល​ព្រឹត្តិការណ៍​កុប្បកម្ម​ ៦ មករា​ឆ្នាំនេះ​ ដែល​ជា​ព្រឹត្តិការណ៍មាន​មនុស្ស​​មួយ​ក្រុម​ចូល​វាយ​​ប្រហារ​​​វិ​មាន​សភា​អាមេរិក ឬ​វិមាន​កាពីតូល។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ លោក Bob Woodward និង​លោក Robert Costa ប្រាប់​ទៅ​កាន់​សារព័ត៌មាន Nikkei Asian Review នៅ​ក្នុង​ខែ​ធ្នូ​នេះ។

អ្នក​ទាំង​ពីរ​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា «គ្រោះថ្នាក់» ឬ ជា​ភាសា​អង់គ្លេស​ថា «Peril» ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។

ព្រឹត្តិការណ៍​ ៦មករា បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​ពិភពលោក​យ៉ាង​ខ្លាំង​ ដោយ​ការវាយ​ប្រហារ​​ចូល​ទៅ​ក្នុង​វិមាន​កាពីតូល​របស់​ក្រុម​បាតុករ​​មួយ​ក្រុម​នោះ​បាន​ចាក់​បញ្ចាំង​ផ្ទាល់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​សហរដ្ឋអាមេរិក។ នៅ​វិមាន​កាពីតូល មាន​ពិធី​រាប់​សន្លឹក​ឆ្នោត​ជា​ផ្លូវការ ដែល​គ្រោង​នឹង​ប្រកាស​ថា លោក ចូ បៃដិន ជា​ប្រធានាធិបតី​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ឆ្នាំ២០២០។

ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយ​ចោទ​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ មាន​ភាព​មិន​ប្រក្រតី។ លុះ​នៅ​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០២១ ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​បាន​សម្រុក​ចូល​ទៅ​កាន់​វិមាន​សភា ដែល​បណ្ដាល​ឱ្យ​អំពើ​ហិង្សា​បាន​កើត​ឡើង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ សៀវភៅ​របស់​លោក Woodward និង​លោក Costa បាន​រៀបរាប់​ថា ប្រមុខ​សេនាធិការ​ចម្រុះ​អាមេរិក លោក Mark Milley ទទួល​បាន​ដំណឹង​ពី​ព័ត៌មាន​ចារកម្ម​តាំង​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០២០ថា ខាង​ចិន​ជឿ​ថា អាមេរិក​មាន​ផែនការ​ក្នុង​ការ​វាយប្រហារ​ប្រទេស​មហាអំណាច​អាស៊ីបូព៌ា​មួយ​នេះ។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម លោក Milley បាន​ទូរស័ព្ទ​ទៅ​កាន់​សមភាគី​របស់​លោក​គឺ លោក Li Zuocheng ប្រមុខ​សេនាធិការ​ចម្រុះ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA)។ ការ​ទូរស័ព្ទ​ទៅ​ប្រាប់​លោក Li នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ធានា​ទៅ​ខាង​ចិន​ថា អាមេរិក​មិនមាន​ផែនការ​ណា​មួយ​ក្នុង​ការ​បង្ក​សង្គ្រាម​នោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​សៀវភៅ​ខាង​លើ​នេះ។

ក្រោយ​ពី​ព្រឹត្តិការណ៍​ ៦ មករា​ បាន​កើត​ឡើង​ សៀវភៅ​ខាង​លើ​អះអាង​ថា កងទ័ព​ចិន និង​រុស្ស៊ី ហើយ​សូម្បី​តែ​ទ័ព​អ៊ីរ៉ង់ សុទ្ធ​តែ​ត្រៀម​ជើង​ព្រួល​ ក្រែង​ល​មាន​ការ​វាយប្រហារ​មួយ​កើត​ឡើង​ចេញ​ពី​អាមេរិក។

លោក Woodward បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkei Asian Review ថា៖ «វិបត្តិ​ទាំង​អស់​នេះ​ហើយ សុទ្ធ​តែ​ជា​រឿង​ដែល​យើង​មិន​បាន​ដឹង​»។

នៅ​ថ្ងៃ​ទី៨ ខែ​មករា ប្រមុខ​កងទ័ព​អាមេរិក​លោក Milley ក៏​ទូរស័ព្ទ​ទៅ​កាន់​ខាង​ចិន​ម្ដង​ទៀត ដោយ​ធានា​ទៅ​ចិន​ថា អាមេរិក​នឹង​មិន​ធ្វើ​អ្វី​ចិន​នោះ​ទេ។ នៅ​កាល​នោះ​ ចិន​មាន​ព្រួយបារម្ភ​ថា អាមេរិក​អាច​នឹង​ដួលរលំ។

ក្នុង​សៀវភៅ​របស់​លោក Woodward និង​លោក Costa បាន​សរសេរ​ថា៖ «លោក Li ចាក់​សំណួរ​ទៅ​កាន់​លោក Milley។ តើ​មហាអំណាច​អាមេរិក​អស្ថិរភាព​ ឬ យ៉ាង​ណា​? ដួលរលំ​មែន​ឬ? តើ​មាន​រឿង​អ្វី​កើត​ឡើង? តើ​យោធា​អាមេរិក​មាន​ផែនការ​ប្រុង​ធ្វើ​អ្វី​ទេ?»។ ស្ថិត​ក្នុង​ស្ថានភាព​នោះ​ ខាង​អាមេរិក​នៅ​តែ​លួងលោម​ចិន​ថា ខ្លួន​នឹង​មិន​ធ្វើ​អ្វី​នោះ​ទេ។

ក្រោយ​ពី​សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ មាន​មតិ​ជា​ច្រើន​ជាពិសេស​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ឱ្យ​លោក ចូ បៃដិន ដក​លោក Milley ចេញ ដោយសារ​តែ​មេ​ទាហាន​រូប​នេះ​មាន​គំនិត​ក្បត់​ជាតិ ឱ្យ​ព័ត៌មាន​ទៅ​កាន់​បរទេស។

ក្រោយ​ៗ​មក​ទៀត​ លោក Milley បាន​បកស្រាយ​នៅ​ចំពោះ​មុខ​​ព្រឹទ្ធសភា​អាមេរិក​ថា ការ​ទាក់ទង​តាម​ទូរស័ព្ទ​របស់​លោក​ជាមួយ​ខាង​ចិន ធ្វើ​ឡើង​ក្នុង​គោលបំណង​បន្ធូរ​ស្ថានការណ៍​តានតឹង​ជាមួយ​ចិន ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ជា របៀប​មួយ​របស់​ «ប្រទេស​មហាអំណាច ដែល​មាន​អាវុធ​នុយក្លេអ៊ែរ»។

លោក ដូណាល់ ត្រាំ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ថា លោក​មិន​ដែល​គិត​ថា​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​នោះ​ទេ។

«ខ្ញុំ​មិន​ដែល​គិត​ថា​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​ទេ ក្រៅ​ពី​សង្គ្រាម​ដែល​ខ្ញុំ​បាន​ឈ្នះ​រួច​ស្រេច​ហើយ​នោះ​គឺ សង្គ្រាម​ពាណិជ្ជកម្ម»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​លោក ត្រាំ ចុះ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា។

ជាមួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​ហៅ​អ្នក​និពន្ធ​ទាំង​ពីរ​ថា ជា​មនុស្ស​ក្លែង​បន្លំ ហើយ​សៀវភៅ​បែប​នេះ មិន​គួរ​ឱ្យ​បោះពុម្ព​ផ្សាយ​នោះ​ទេ។ បន្ត​ពី​នេះ​ទៀត លោក​ត្រាំ បាន​ហៅ លោក Milley ថា ជា​ «មនុស្ស​ល្ងង់» ហើយ​គួរ​តែ​ឡើង​ទៅ​កាន់​តុលាការ ដើម្បី​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក Song Zhongping ដែល​ជា​អ្នក​ជំនាញ​យោធា​ចិន​មួយ​រូប​​បាន​ប្រាប់​សារព័ត៌មាន Global Times របស់​ចិន​ថា លោក​ហាក់​មិន​សូវ​ជឿ​ពី​ការ​សរសេរ​របស់​អ្នក​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ប៉ុន្មាន​នោះ​ទេ។ លោក​យល់​ថា​ នេះ​ជា​រឿង​នយោបាយ​ក្នុង​ស្រុក​អាមេរិក​ច្រើន​ជាង​។

«ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អាមេរិក​កាន់​តែ​ខិត​មក​ដល់។ សារព័ត៌មាន CNN បាន​ចុះ​ផ្សាយ​ថា លោក ត្រាំ ហាក់​ដូច​ជា​មាន​បំណង​ក្នុង​ការ​ឈរ​ឈ្មោះ​ម្ដង​ទៀត​ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៤។ មាន​មនុស្ស​ជា​ច្រើន​បារម្ភ​ខ្លាច​ គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ ហើយ​គេ​ក៏​មិន​ចង់​ឃើញ​ លោក ត្រាំ ឈ្នះ​ឆ្នោត​ដូច​គ្នា។ ចុង​ក្រោយ​ ត្រាំ អាច​បង្ក​ជា​ការ​គំរាមកំហែង​ដល់​គណបក្ស​ប្រជាធិបតេយ្យ។ នេះ​ប្រហែល​ជា​ហេតុផល​មួយ​ក្នុង​ការ​សាយភាយ​ពាក្យ​ចចាមអារ៉ាម​ដូច្នេះ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Song៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner