កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ មានវិសាលភាពអនុវត្តនៅគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) កាលរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំនៃរដ្ឋបាលខេត្តសៀមរាប។

លោក ពៅ ពិសិដ្ធ មានប្រសាសន៍ថា ដើម្បីធានាឱ្យមានសង្គតិភាពក្នុងការគ្រប់គ្រងអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ និងយោងតាមសេចក្តីសម្រេចលេខ៥០៤សខល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក នៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ក្រុមការងារបច្ចេកទេសន ក្រសួងសុខាភិបាល សហការជាមួយក្រុមការងារអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល ព្រមទាំងអនុគណៈកម្មការពាក់ព័ន្ធ បានរៀបចំជានីតិវិធីប្រតិបត្តិស្តង់ដានេះឡើងដើម្បីដាក់ឱ្យអនុវត្ត។ លោក បន្តថា មន្ត្រីអាកាសចរណ៍ស៊ីវិល ត្រូវប្រមូលនិងផ្ដល់ព័ត៌មានជើងហោះហើរ និងទិន្នន័យអ្នកដំណើរ (Flight Manifest) ដល់ផ្នែកពាក់ព័ន្ធនោះ ដើម្បីឲ្យក្រុមការងារអាចតៀមចាត់ចែងក្រុមគ្រូពេទ្យយកសំណាកដើម្បីធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រថយន្តសម្រាប់ដឹកអ្នកដំណើរដែលគ្មានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ទៅកាន់កន្លែងធ្វើចត្តាឡីស័កដែលបានកំណត់ ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចជាដើម។

លោកវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានលើកឡើងថា ចំពោះអ្នកដំណើរត្រូវត្រៀមរួចជាស្រេចនូវឯកសារ ដើម្បីបង្ហាញដល់អាជ្ញាធរពាក់ព័ន្ធ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេសដែលមានលិខិតឆ្លងដែនបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ.១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូរីដ-១៩ ពេញលេញហើយ ឬវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមីខ្លួន ឬប្រទេសសំណាក់ចុងក្រោយ មុនចាកចេញមកកាន់កម្ពុជា គឺត្រូវមានសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរជាមុន (Health Declaration of Travelers) សលាកប័ត្រចូល-ចេញ (Arrival / Departure Card) លិខិតរាយការណ៍របស់គយ (Customs Declaration) ឯកសារពាក់ព័ន្ធផ្សេងទៀត ដែលតម្រូវដោយអាជ្ញាធរកម្ពុជាជាដើម។ លើសពីនេះ អ្នកដំណើរជាជនបរទេសត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្នា (Insurance consortium) តំណាងដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ តាមរយៈគេហទំព័រ https://www.forteinsurance.com/covid 19-insurance/ ឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ (សម្រាប់អ្នកដំណើរជា ជនបរទេស មិនបានចាក់វ៉ាក់សាំងកូដ-១៩ ពេញលេញ) ក្នុងដំណើរការនៃការបើកព្រំដែនឡើងវិញរបស់កម្ពុជា ប្រព័ន្ធបណ្ណធ្វើដំណើរឌីជីថល (Digital Travel Pass) អាចនឹងត្រូវបានរៀបចំនិងដាក់ឱ្យដំណើរការ សម្រាប់ធ្វើការផ្លាស់ប្ដូរក្នុងក្របខណ្ឌយន្តការអន្តរជាតិ ឬ ទ្វេរភាគី និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេស៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner