អាល្លឺម៉ង់៖ អាជ្ញាធរវាយឆ្មក់លើក្រុមជ្រុលនិយមកូវីដ ជុំវិញការគំរាមសម្លាប់អភិបាលរដ្ឋ Saxony

ប៉ូលីស​នៅក្នុ​ង​រដ្ឋ​ Saxony ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់​ ​បើក​ការ​វាយ​ឆ្មក់​ជា​​បន្ត​បន្ទាប់​លើ​​សកម្មជន​​ប្រឆាំង​វ៉ាក់សាំង​ស្ដាំ​ជ្រុល​និយម​ក្រោយ​ពី​មាន​ការ​គំរាម​សម្លាប់​អភិបាល​រដ្ឋ​នេះ​គឺ​លោក​ Michael Kretschmer ​ចំពោះ​ការ​គាំទ្រ​វិធាន​ការ​ទ​ប់​ស្កាត់​កូវីដ-១៩​របស់​លោក​។​

Saxony ​គឺ​ជា​រដ្ឋ​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​។​ ​ប៉ូលីស​ក្នុង​រដ្ឋ​ Saxony ​​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​រួម​ទាំង​អង្គភាពពិសេស​​ប្រឆាំង​ក្រុម​​​ជ្រុល​​និយម​ Soko Rex ​កំពុង​វាយ​ឆ្មក់​ទីតាំង​ជា​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​អភិបាល​រដ្ឋ​។​ ​

​អ្នក​នាំ​ពាក្យ​ការិយាល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​រដ្ឋ​ (LKA) រដ្ឋ Saxony ​និយាយ​ថា​ លំនៅ​ដ្ឋាន​ចំនួន​ប្រាំ​ និង​កន្លែង​ធ្វើ​ការ​មួយ​ត្រូវ​បាន​ឆែក​ឆេរ​ ហើយ​ប៉ូលិស​បាន​រឹប​អូស​អាវុធ​ បំណែក​នៃ​អាវុធ​មួយ​ចំនួន​។​

​សារ​គំរាម​លោក​ Kretschmer ​ត្រូវ​បាន​ចែក​ចាយ​ក្នុង​​កម្មវិធី​តេឡេក្រាម​។​ ​​​លោក​ Kretschmer ​និ​យាយ​ថា​គ្រប់​មធ្យោបាយ​ផ្លូវច្បា​ប់​គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ប្រឆាំង​​នឹង​ការ​គំរាម​កំហែង​បែប​នេះ​។​ ​លោក​​បន្ត​​ថា​​​៖ ​«​​អ្នក​​នៅ​​ការិយាល័យ​​សាធារណៈ​​មិន​​គួរ​​ខ្លាច​​ក្នុង​​ការ​​និយាយ​​​ពី​​គំនិត​​របស់​ខ្លួន ​​និង​​ធ្វើ​​ការងារ​​របស់​ខ្លួន​​ឡើយ​​​»​​​។​

លោក​ Kretschmer ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត​សាសនា​កណ្តាល​ ដែល​ស្ថិត​ក្នុង​ជួរ​រដ្ឋាភិបាល​ជាតិ​រហូត​ដល់​សប្តាហ៍​មុន​ ដើម​ឡើយ​ប្រឆាំង​នឹង​​វិធានការ​រឹត​បន្តឹង​កូវីដ​។​ ប៉ុន្តែ​ចាប់​តាំង​ពី​ Saxony ​​ក្លាយ​ជា​រដ្ឋ​មួយ​ក្នុង​ចំនោម​រដ្ឋ​អាល្លឺម៉ង់​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​វីរុស​នេះ​ លោក​ក៏​ផ្លាស់​ប្តូរ​ចិត្ត​វិញ​។​

កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​ថ្មី​របស់​​អាឡឺម៉ង់​ដាក់​សេចក្តី​ព្រាង​ច្បាប់​មួយ​​តម្រូវ​ឱ្យ​បុគ្គលិក​សុខាភិបាល​ និង​ទាហាន​ទាំង​អស់​ទទួល​​វ៉ាក់សាំង​នៅ​និទាឃ​រដូវ​ក្រោយ​ ហើយ​លោក​អធិការបតី​ Scholz ​​គាំទ្រ​ឱ្យ​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ទទួល​វ៉ាក់​សាំង​នៅ​ដើម​ឆ្នាំ​ ២០២២​។​

ការណ៍​នេះ ​បណ្ដាល​ឱ្យ​មាន​ការ​តវ៉ា​ជាច្រើន​​ក្នុងប្រ​ទេស​អាល្លឺម៉ង់​ប្រឆាំង​នឹង​វិធានការណ៍​​រឹត​បន្តឹង​របស់​អាជ្ញាធរ​។​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ មាន​ពលរដ្ឋ​​ប្រហែល​ ៣៥០០ ​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ Magdeburg ​ភាគ​ខាង​កើត​ ដោយ​ស្រែក​ថា​ «​សន្តិភាព​ សេរីភាព​ គ្មាន​របប​ផ្តាច់​ការ​»​។​ របាយការណ៍​​និយាយ​ថា​ យ៉ាង​ហោច​ណាស់​សារ​គំរាម​កំហែង​រាប់​សិប​​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​អ្នក​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ស្ថាប័ន​សាធារណៈ​ផង​ដែរ​។​  

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner