ប្រជាជនមីយ៉ាន់ម៉ាចំនួន ៧០០នាក់ បានរត់ភៀសខ្លួនទៅទីក្រុង Mae Sot ស្ថិតនៅភាគខាងលិចប្រទេសថៃ

អត្ថបទដោយ៖
AMS OneMinute

ប្រជាជនមីយ៉ាន់ម៉ាចំនួន ៧០០នាក់ បានរត់ភៀសខ្លួនទៅទីក្រុង Mae Sot ស្ថិតនៅភាគខាងលិចប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមយោធាមីយ៉ាន់ម៉ាកំពុងកាន់អំណាច និងក្រុមកងកម្លាំងប្រដាប់អាវុធជនជាតិការ៉ែន (KNU) កាលពីសប្ដាហ៍មុន។

កងកម្លាំង KNU និងកងទ័ពភូមាបានប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែន ដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រពីដីថៃ។ មានប្រជាជនមីយ៉ាន់ម៉ាប្រមាណ ២ ៥០០នាក់បានភៀសខ្លួនចូលដីថៃ ដោយក្នុងនោះមានកុមារចំនួន ៥៤៥នាក់។ នេះបើតាម មន្ត្រីគណៈកម្មការសម្ព័ន្ធជំនួយ (Aid Alliance) ជាស្ថាប័នរបស់ក្រុមជនភៀសខ្លួនភូមាដែលមានមូលដ្ឋាននៅថៃ។

អាជ្ញាធរខេត្តតាក ប្រទេសថៃបានឱ្យដឹងថា ខាង KNU បានបង្ហោះក្នុងបណ្ដាញហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៥ ធ្នូថា ខ្លួនបានសម្លាប់ទាហានភូមាចំនួន ៤នាក់ និងបង្កឱ្យ ៤នាក់ទៀតរងរបួស ខណៈដែលក្រុមរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានផ្សាយថា ទាហានរបស់អាជ្ញាធរយោធាមីយ៉ាន់ម៉ា ១៨នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីណាមួយនោះឡើយ។

ប្រភព៖ ABC

ads banner