សម្តេចក្រឡាហោម ស ខេង សម្ពោធជាផ្លូវការ នូវមណ្ឌលទទួលពលករកំរៀងដែលជាមណ្ឌលលំដាប់ទី២នៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងនិងអំពើជួញដួរមនុស្សបាន មានប្រសាសន៍ថា៖ មណ្ឌលទទួលពលករកំរៀង គឺជាកន្លែងសម្របសម្រួលប្រមូលនូវទិន្នន័យកំណត់នូវអត្តសញ្ញាណរកជនរងគ្រោះដើម្បីផ្ដល់សេវាឱ្យបានសមស្រប និងទាន់ពេលវេលានៅពេលដែលបងប្អូនមានបំណងនិងការសម្រេចចិត្តចង់ធ្វើទេសន្តប្រវេសន៍ និងចៀសវាងពីការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

       ការថ្លែងរបស់សម្តេចក្រឡាហោម បែបនេះគឺធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមណ្ឌលទទួលពលករកំរៀង ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏ជាមណ្ឌលធំលំដាប់ទី២នៅកម្ពុជា ដែលត្រូវបានសម្ពោធ និង ដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះ ។

       ក្នុងរបាយការណ៍ស្វាគមន៍ របស់ ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា៖គិតមកដល់ពេលនេះរដ្ឋបាលខេត្តបាត់ដំបង មានពលរដ្ឋ ដែលជាពលករធ្វើចត្តាឡីស័កសរុបជាង៦៩ពាន់នាក់និងក្នុងនោះជាង៦៨ពាន់នាក់ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក។

      ដោយឡែក លោកនាយកអង្គការការីតាសប្រចាំកម្ពុជា ក៏បានថ្លែងឲ្យដឹងអំពីបេសកកម្មរបស់ខ្លួននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ជាក់ស្ដែងនូវក្នុងកិច្ចសហការគាំទ្រការកសាង និងការដំណើរការមណ្ឌលទទួលពលករកំរៀងដែលបានដាក់ឲ្យដំណើរការនិងសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

      លោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងគូសបញ្ជាក់ឲ្យដឹង

ថា៖មណ្ឌលទទួលពលករកំរៀងមានរចនាសម្ព័ន្ធ ជាអគារបើកចំហរ ដែលមានទំហំ ១០ម៉ែត្រគុណ៣០ម៉ែត្រ អមដោយបន្ទប់ការងារ បន្ទប់ធ្វើសម្ភាសន៍ បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារៈ បន្ទប់ទឹកបង្គន់អនាម័យ ប្រព័ន្ធសម្អាតនូវទឹកកខ្វក់ ផ្ទះបាយ ក្លោងទ្វារ ស្រះទឹក ប្រព័ន្ធអគ្គីសនីនិងបំពាក់ដោយគ្រឿងបរិក្ខាចាំបាច់មួយចំនួនទៀត។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា៖មណ្ឌលទទួលពលករកំរៀង គឺ៖ជាកន្លែងផ្ដល់ប្រឹក្សាយោបល់និងផ្ដល់ជម្រើសសម្រាប់ការរស់់នៅដែលមានសេចក្ដីសុខ សេចក្ដីថ្លៃថ្នូរនិងមានសិទ្ធិពេញលេញក្នុងការទទួលបានផលប្រយោជន៍ដោយស្របច្បាប់នៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ។

       សម្ដេចប្រធានគណៈកម្មាធិការជាតិប្រឆាំងនិងអំពើជួញដូរមនុស្សក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ មណ្ឌលទទួលពលករកំរៀងនេះ គឺ៖អាចនិយាយបានថា ជាមជ្ឈមណ្ឌលពលករ(ធំ)ទី២ របស់ រាជរដ្ឋាភិបាល បន្ទាប់ពីមជ្ឈមណ្ឌលនៅប៉ោយប៉ែតដែលយើងកំពុងរកវិធីសម្រាប់ការគ្រប់គ្រង និងកិច្ចក្នុងដំណើរការដែលឆ្លើយតបនិងប្រកបដោយប្រសិទ្ធភាព។

     សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការកោតសរសើរចំពោះអង្គការដៃគូជាតិ និងអន្តរជាតិនានា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋមានលទ្ធភាពដោះស្រាយនូវជីវភាព ដោយមិនចាំបាច់ធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

     ជាមួយគ្នានេះផងដែរ សម្ដេច ស ខេង បានផ្ដាំផ្ញើរដល់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយផ្ដល់ នូវ ការគាំទ្រដល់ការដឹកនាំ ណែនាំ និងជួយដោះស្រាយបញ្ហាប្រឈមបន្ទាន់ ក៏ដូចជាជួយសហការផ្ដល់នូវព័ត៌មានដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស ដើម្បីរួមគ្នាដោះស្រាយ តាមការចាំបាច់។

     គួរបញ្ជាក់ផងដែរថា៖ មណ្ឌលទទួលពលករកំរៀង ត្រូវបានបង្កើតឡើងដោយអង្គការការីតាសស្វីស តាមការស្នើសុំពិសេសនិងកិច្ចសហការយ៉ាងជិតស្និទ ជាមួយ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស។ ហើយមណ្ឌលទទួលពលករនេះ ក៏មានបណ្ណាល័យធនធានមនុស្ស ឯកសារច្បាប់ និងជំនួយសង្រ្គោះបន្ទាន់ដល់ជនចំណាកស្រុក ដែលត្រូវបាននិរទេស ។ មណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីឱ្យក្លាយ ទៅជាមណ្ឌលគំរូនៅថ្នាក់ជាតិ និង ដើម្បីគាំទ្រដល់ជនចំណាកស្រុកស្របច្បាប់តាមព្រំដែនផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner