របាយការណ៍៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ឈប់ការនាំចូលស្មាតហ្វូន យន្តហោះ និងគ្រឿងបន្លាស់រថយន្តរបស់រុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន

វ៉ាស៊ីនតោន៖ កាសែតរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក ចូ បៃដិន ថា មន្ត្រីអាមេរិកនឹងជួបគ្នានៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីវិធានការប្រឆាំងនឹងរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន ក្នុងនោះមានទាំងការហាមឃាត់ការនាំចូលស្មាតហ្វូន យន្តហោះ គ្រឿងបន្លាស់រថយន្ត និងសម្ភារៈសំខាន់ៗដទៃទៀតនៃវិស័យផ្សេងៗគ្នា។

របាយការណ៍បានបញ្ជាក់ថា មន្ត្រីអាមេរិកក៏នឹងធ្វើការពិភាក្សាជាមួយដៃគូសំខាន់ៗនៅអឺរ៉ុប និងអាស៊ី ដែលអាចរងផលប៉ះពាល់ដោយសារតែវិធានការទាំងនេះផងដែរ។ បើតាមរបាយការណ៍ដដែលនេះ សហរដ្ឋអាមេរិកនឹងប្រើប្រាស់វិធានការត្រួតពិនិត្យការនាំចេញជាវិសាមញ្ញ ដើម្បីការពាររុស្ស៊ីពីការនាំចូលបច្ចេកវិទ្យាឧស្សាហកម្ម និងអ្នកប្រើប្រាស់ ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់រុស្ស៊ី ប្រតិបត្តិការឧស្សាហកម្ម និងការធ្វើការងារជាដើម។ របាយការណ៍ដដែលបន្ថែមថា រដ្ឋបាលលោក បៃដិន នឹងប្រើប្រាស់ជាពិសេសនូវយុទ្ធសាស្រ្តដូចគ្នាដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រើ ដើម្បីហាមប្រាមក្រុមហ៊ុនទូរគមនាគមន៍ចិន ហូវៃ ពីការនាំចូលឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួន។ គួរបញ្ជាក់ថា ភាព​តានតឹង​ជុំវិញ​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ​ដោយសារ​ការ​ចោទ​ប្រកាន់​ថា ​មាន​ការដាក់ពង្រាយ​ទាហាន​រុស្ស៊ី​រាប់ម៉ឺននាក់នៅ​ជិត​ព្រំដែន​អ៊ុយក្រែន ​និង​ការ​អះអាង​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពាន។

ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅលើសកម្មភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី។ រុស្ស៊ី​ក៏​បាន​និយាយ​ដែរ​ថា ទីក្រុងម៉ូស្គូមាន​សិទ្ធិ​ផ្លាស់ទីកង​កម្លាំង​ក្នុង​ទឹកដី​ប្រទេសរបស់ខ្លួន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner