សម្តេចតេជោ ណែនាំ ៥ចំណុច ដល់ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីគយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសណែនាំ ៥ចំណុច ដល់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដែលក្នុងនោះរួមមាន៖

ទី១- សម្តេចតេជោ ហ៊ុន សែន បានណែនាំត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជននូវរាល់បទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹងនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន។ការងារនេះគឺជាចំណែកដ៏សំខាន់នៃការពង្រឹងនីតិរដ្ឋនិងការកសាងវប្បធម៌សារពើពន្ធឱ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងសង្គមកម្ពុជា។

ទី២- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពិសេសតាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សព្រមទាំងការពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ជាដើម។

ទី៣- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវបន្តពង្រឹងនិងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានាដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និង ពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។

ទី៤- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញសំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងដោះស្រាយរាល់ផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺនេះ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបណ្តាវិធានការដែលមានចែងនៅក្នុងយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ព្រមទាំងវិធានការជាក់ស្តែងទាំងឡាយដែលមានចែងនៅក្នុងឯកសារ “ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ដែលរាជរដ្ឋាភិបាលទើបបានអនុម័តដាក់ឱ្យអនុវត្តថ្មីៗនេះ។

ទី៥- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ។ការងារនេះមានសារៈសំខាន់ណាស់,ទាំងនៅក្នុងការរួមចំណែកបង្កើនចំណូលជូនរដ្ឋ ទាំងក្នុងការធានានូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ធុរកិច្ច និងទាំងក្នុងការលើកស្ទួយអនុលោមភាពនិងវប្បធម៌សារពើពន្ធនៅកម្ពុជា។ ជាការពិត ការលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចវេះពន្ធគឺជាការងារលំបាកដែលអាចត្រូវការពេលយូរក្នុងការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែន ដីនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមផ្តល់កិច្ចសហការនិងគាំទ្រពេញទំហឹងដល់ស្ថាប័នគយស្របតាមស្មារតីនៃលិខិតបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្ការនិងការបង្ក្រាបអំពើររត់គេចពន្ធ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner