កងកម្លាំងស៊ូដង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករប្រឆាំងរដ្ឋប្រហារ

កង​កម្លាំង​សន្តិសុខ​ស៊ូដង់​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋ​ធានី​ខាទុំ​កាល​ពី​ថ្ងៃ​សៅរ៍ ​ខណៈ​ដែល​បាតុករ​ស៊ូដង់​រាប់​ម៉ឺន​នាក់​​ដង្ហែរ​ក្បួន​ទូទាំង​​ប្រទេស​ដើម្បី​​តវ៉ាប្រឆាំងនឹង​​ក្រុម​យោធាដែល​ធ្វើ​រដ្ឋ​ប្រហារ​​​កាល​​ពី​​ខែ​​តុលាកន្លងទៅ​នេះ​​។​​

ក្រុម​​បាតុករ​ចង់​ឱ្យ​យោធា​ដក​ខ្លួន​ មិន​ឱ្យ​ជាប់​ពាក់​ព័ន្ធ​នឹង​តួនាទី​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​​ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ Abdallah Hamdok ​ដែល​ត្រូវ​បាន​ដក​ដំណែង​ក្នុង​ថ្ងៃ​ធ្វើ​រដ្ឋ​ប្រហារ​ ត្រឡប់​មក​កាន់​ដំណែង​ដូច​ដើម​កាល​ពី​​​​ខែ​​វិច្ឆិកាថ្មីៗ​នេះ​វិញ​ ​ក្រោម​​កិច្ច​ព្រម​ព្រៀង​មួយ​ហើយ​ក្ដី​។​ ​ក្រុម​អ្នក​តវ៉ា​​ទាម​ទារ​ឱ្យ​ទាហាន​ត្រឡប់​ទៅ​បន្ទាយ​របស់​ខ្លួន​វិញ​ និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​គ្រប់​គ្រង​បែប​ស៊ីវិល​។​ ​

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ SUNA ​​រាយ​ការណ៍​ថា​ ក្រុម​បាតុករ​បាន​ដើរ​តាម​ដង​ផ្លូវ​ ដោយ​សូម្បី​តែ​អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ​នៅ​ទូទាំង​រាជ​ធានី​ ដោយ​ដាក់​ពង្រាយ​កង​ទ័ព​ និង​បិទ​ស្ពាន​ទាំង​អស់​នៅ​លើ​ទន្លេ​នីល​ដែល​ភ្ជាប់​ពី​រដ្ឋ​ធានី​ខាទុំ​ និង​ក្រុង​ Omdurman ​ដែល​នៅ​ត្រើយម្ខា​ង​ក្ដី​។​

គណៈកម្មាធិការ​វេជ្ជប​ណ្ឌិត​ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​គាំទ្រល​ទ្ធិ​ប្រជាធិបតេយ្យ​រាយ​ការ​ណ៍​ថា​ កង​កម្លាំង​សន្តិសុខ​ថែម​ទាំង​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ដោយ​វាយ​ប្រហារ​ក្រុម​គ្រូពេទ្យ​ ក៏​ដូច​ជា​អ្នក​របួស​ដទៃ​ទៀត​។​​ តាម​របាយការណ៍​របស់​គណៈកម្មការ​ដដែល​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១៧៨ ​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​។​

អាជ្ញាធរ​បាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ចូល​ទៅ​ជិត​តំបន់​អធិបតេយ្យភាព​ និង​​យុទ្ធសាស្ត្រ​នៅ​កណ្តាល​រដ្ឋ​ធានី​ខាទុំ​ ដែល​មាន​អគារ​រដ្ឋបាល​សំខាន់​ៗ​របស់​ប្រទេស​។​​ SUNA ស្រង់​សម្ដី​របស់​គណៈកម្មាធិការ​សម្រប​សម្រួល​សន្តិសុខ​ថា​ ​​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​ និង​ទីតាំង​យុទ្ធសាស្ត្រ​​ រួមទាំង​ការ​ឈ្លាត​ចេញពី[បាតុកម្ម]​អហិង្សា ​គឺ​ជា​ការ​បំពាន​ច្បាប់​»។ ​

កាល​​ពី​​ចុង​​សប្តាហ៍​​មុន​ កម្លាំង​​សន្តិសុខ​​បាន​​បំបែក​​ក្រុម​​បាតុករ​​យ៉ាង​​ហិង្សា​​​នៅ​​ពេល​​ដែល​​ពួក​គេ​​ប៉ុនប៉ង​​ធ្វើ​​បាតុកម្ម​​នៅ​​ជិត​​វិមាន​​ប្រធានា​ធិបតី​ ដែល​បណ្ដាល​ឱ្យ​យ៉ាង​​ហោច​​ណាស់​​បាតុករ​​បី​​នាក់​​​ស្លាប់​ និង​​ជាង​ ៣០០​ នាក់​​​​រង​​របួស​​​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner