សម្តេចតេជោ ហ៊ុន សែន ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer)ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី

ភ្នំពេញ៖ ក្នុងពិធីប្រគល់ ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩(Pfizer)ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ជូនរាជរដ្ឋភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មេរោគកូវីដ១៩ បំលែងថ្មី អូមីក្រុង មិនហូរចូលដល់សហគមន៍នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បើទោះបីពិភពលោក កំពុងប្រឈមដោយមេរោគកូវីដ អូមីក្រុង តែកម្ពុជានៅបន្តបើកប្រទេសឡើងវិញដំណើរការសង្គមធម្មតា ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ សម្តេច បញ្ជាក់ថា ថ្ងៃនេះមានកូវីដ១៩ មាន១៥ករណី សុទ្ធតែនាំចូល។ រហូតមកដល់ពេលនេះ កម្ពុជា មានការរកឃើញ អូមីក្រុង ៣១ករណី តែបានជាសះស្បើយ ៣ករណីហើយ។ ដោយសារតែកម្ពុជា បានគ្រប់ដណ្តប់ដោយការចាក់វ៉ាក់សាំង និងគោរពនូវគោលការណ៍សុខាភិបាលបានល្អ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញសង្ឃឹមថា មេរោគកូវីដ១៩ អូមីក្រុង មិនហូរចូលដល់សហគមន៍នោះទេ។

សម្តេចតេជោ ក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើករណីមេរោគ អូមីក្រុង តែកុំភ័យស្លន់ស្លោ ដោយយើងត្រូវរួមគ្នា ដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគបំប្លែងថ្មី អូមីក្រុង នេះ កុំឱ្យឆ្លងទៅក្នុងសហគមន៍។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅលើពិភពលោកនេះ មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួន អូមីក្រុង នេះ នៅតាមបណ្តាប្រទេសជាច្រើនរួចមកហើយ ក៏ប៉ុន្តែជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ មិនសាហាវដូចជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី Delta នោះទេ គឺអាចព្យាបាលបាន ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសកម្ពុជា ពេលនេះគឺសុទ្ធសឹងតែនាំចូលតាមច្រកព្រលានយន្តហោះទាំងនៅភ្នំពេញ និងនៅសៀមរាប ដូច្នេះ យើងកំពុងគ្រប់គ្រងនូវស្ថានការណ៍នេះ មិនទាន់ឱ្យធ្លាយចូលទៅក្នុងសហគមន៍ សូមប ងប្អូនជនរួមជាតិប្រុងប្រយ័ត្ន អំពីការឆ្លង អូមីក្រុងចូលទៅក្នុងសហគមន៍ ព្រោះវាមានកម្រិតនៃការឆ្លងឆាប់រហ័សលឿនជាង Delta អាល់ហ្វា។ សម្តេច បញ្ជាក់បន្ថែមថា ការកើនឡើងវិញនូវការឆ្លងចាប់ពី៤ ករណី ៥ករណីឡើងរហូតដល់១៥ករណី ដែលនឹងប្រកាសនៅថ្ងៃស្អែកនេះ សុទ្ធតែជាករណីឆ្លងនាំចូល ហើយជាករណី អូមីក្រុង ដែលកំពុងតែធ្វើការត្រួតត្រាបាន ហើយសង្ឃឹមថា អូមីក្រុង នឹងមិនហ៊ាចូលទៅក្នុងសហគមន៍ ដូចជា Delta និង អាល់ហ្វា នោះទេ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះ សម្ដេចបានដោះស្រាយករណីដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ។
សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឱ្យមានការចូលប្រឡង ក៏ប៉ុន្តែ សម្ដេចសូមស្នើកុំឲ្យវិទ្យាល័យបាក់ទូក ដែលមុននេះ គ្រោងនឹងប្រឡងនៅមណ្ឌលបាក់ទូក មានការភ័យស្លន់ស្លោ យើងមិនយកសិស្ស ដែលមានមេរោគនេះ ដែលបានចេញទៅប្រកួតកីឡា ដែលមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជននិងកីឡា ទៅធ្វើការប្រឡងនៅមណ្ឌលប្រឡងបាក់ទូកនោះទេ ប៉ុន្តែយើងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង ដោយមានគ្រូពេទ្យ ដោយមានសាស្រ្តាចារ្យរបស់យើង ចូលទៅក្នុងនោះ ធ្វើការពិនិត្យការប្រឡង។
សម្ដេចថា នេះគឺជាព័ត៌មានដែលសម្ដេច សូមផ្ញើជូនចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាប ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner