អនុប្រធានទី១ សូហ្វតិន្នីស លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី បង្កើនការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនប្រជែង ព្រឹត្តិការណ៍អេស៊ានហ្គេម នៅចិន

ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកជាតិ ឆ្នាំ២០២១ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ ដែលដំណើរការប្រកួតរយៈ៥ បានបញ្ចប់ហើយ ដោយក្លិបកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប៩គ្រឿង លើ៩វិញ្ញាសា ខណៈក្លិបអគ្គនគរបាលជាតិ ឈរលេខ២ ដណ្តើមបានមេដាយប្រាក់៣គ្រឿង ។


លោក ជា សែនវិសុទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះ មានសមាគម ក្លិប ចូលរួមចំនួន៧ លើ៩វិញ្ញាសា សរុបកីឡាករ កីឡាការិនីចូលរួមចំនួន៦៩នាក់ ក្នុងនោះកីឡាការិនី ២៣នាក់ ។ អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ថ្ងៃ តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កីឡាករ កីឡាការិនីមានការកើនឡើងសមត្ថភាព ដោយពុំមានធ្លាក់ចុះនោះឡើយ គឺរក្សាបានសិទ្ធផលល្អប្រសើរ ដោយសារតែសហព័ន្ធបានរៀបចំកម្មវិធីហ្វឹកហាត់ត្រឹមត្រូវ ក្នុងជំរុំបិទខ្ទប់តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលសហព័ន្ធបានជួលពីសណ្ឋាគារសូហ្វីតែល ក្នុងបរិបទការពារជំងឺកូវីដ-១៩ ។


ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធ បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីសូហ្វតិន្នីសដែលឈ្នះជ័យលាភីទាំងអស់ ឲ្យបន្តប្រឹងប្រែងបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ទោះបីមិនបានចូលរួមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមយ៉ាងណាក្តី តែត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាអេស៊ាន នាខែកក្តដា ឆ្នាំ២០២២ នៅចិន ដើម្បីដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតអន្តរជាតិកម្រិតអាស៊ីមួយនេះ ។

ឯកឧត្តម អនុប្រធាន បានពន្យល់ថា ប្រសិនបើកីឡាករ កីឡាការិនីសូហ្វតិន្នីយើងអាចប្រជែងដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិមួយនេះ វានឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនៈភាពលើកឆាកអន្តរជាតិ នឹងក្លាយជាវិរៈកីឡាករ កីឡាការិនី ដូចវិរៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមី ដែលឈ្នះមេដាយពីការប្រកួតកីឡាអេស៊ានហ្គេម នៅប្រទេសកូរ៉េ ។ ដូច្នេះ ឯកឧត្តម ជា ប៊ុនហេង ក៏បានស្នើរ ដល់កីឡាករ កីឡាការិនី ដែលពុំទទួលបានជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់ ដើម្បីដណ្តើមជ័យលាភី នៅឆ្នាំក្រោយទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner