អង្គការសង្គ្រោះកុមារបាត់បុគ្គលិក ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅរដ្ឋភាគខាងកើតមីយ៉ាន់ម៉ា

អង្គការ​សង្គ្រោះ​កុមារ (Save the Children) បញ្ជាក់​ថា​មាន​បុគ្គលិក​បាត់​ខ្លួន​ចំនួន ២នាក់ អំឡុង​ពេល​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​រដ្ឋ​កាយ៉ា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​យប់​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន។

ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ភាគី​យោធា​បាន​សម្លាប់​មនុស្ស​ប្រមាណ ៣០នាក់ ដោយ​សាកសព​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​សភាព​ផេះផង់ នៅ​ព្រឹក​បន្ទាប់​ថ្ងៃ​សៅរ៍។ សាកសព​ទាំង​នេះ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ ស្ត្រី និង​កុមារ ហើយ​ក្រុម​សិទ្ធិមនុស្ស​ការ៉ែននី ក៏​ដូច​ជា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ការ៉ែននី​បាន​អះអាង​ថា សាកសព​ទាំង​នេះ​ជា​ជន​ស៊ីវិល ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ដែរ បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ​ចំនួន ២នាក់ ដែល​ត្រលប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​ធ្វើ​ការ​មនុស្សធម៌​នៅ​តំបន់​ក្បែរ​ខាង ក៏​បាន​ស្ថិត​ក្នុង​ហេតុការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ផង​ដែរ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ឯកជន​របស់​ពួក​គេ​ទាំង​ ២ ត្រូវ​បាន​រង​ការ​វាយប្រហារ ហើយ​ដុត​កម្ទេច។

សារព័ត៌មាន​យោធា​មីយ៉ាន់ម៉ា​ក៏​បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ ដោយ​អះអាង​ថា រថយន្ត​៧គ្រឿង ដែល​មាន​ដឹក​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ការ៉ែននី និង​ក្រុម​ប្រដាប់​អាវុធ​ក្រុម​ប្រឆាំង​បាន​បដិសេធ​មិន​ឈប់​តាម​បញ្ជា​របស់​ខ្លួន។ ជា​ការ​ឆ្លើយតប​ខ្លួន​បាន​ធ្វើ​ការ​បាញ់​រះ និង​ដុត​កម្ទេច​រថយន្ត​តាម​ក្រោយ តែ​សារព័ត៌មាន​យោធា​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នោះ​ទេ៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner