នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាសញ្ញាបត្រទុតិយភូមិ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញជាច្រើននាក់ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលរាជធានីភ្នំពេញ គេឃើញបានដាក់ពង្រាយការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បី នាំមកនូវសុខសុវត្ថិភាពរបៀបរយល្អ មានភាពស្ងប់ស្ងាត់និងតម្លាភាព។

បើយោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា ឱ្យដឹងថា៖ រាជធានីភ្នំពេញ មានមណ្ឌលប្រឡង២៨មណ្ឌល ស្មើ៨៤០បន្ទប់ ។ការប្រឡងនៅថ្ងៃដំបូងនេះគឺគេសង្កេតឃើញបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។

បើយោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា ឱ្យដឹងទៀតថា៖ការប្រឡងសញ្ញាបត្រទុតិយភូមិសិក្សា(បាក់ឌុប)នៅឆ្នាំនេះផងដែរគឺមានការពង្រឹងម៉ឺងម៉ាត់ដូចឆ្នាំកន្លងមកទាំងសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជនថែមទាំងមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺថ្ងៃទី២៧និង២៨ ខែធ្នូ ឆ្នាំ២០២១ដោយ អនុវត្តតាមវិធានក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner