ឥណ្ឌូនេស៊ីបានបញ្ជាក់ថា អាមេរិកពិតជាបញ្ចុះបញ្ចូលឱ្យខ្លួនទទួលស្គាល់អ៊ីស្រាអែល

ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ពិត​ជា​បាន​បញ្ចុះបញ្ចូល​ខ្លួន​ឱ្យ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីស្រាអែល​មែន អំឡុង​ពេល​ដែល​លោក​អាន់តូនី ប្លីនកែន រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​ហ្សាការតា​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

លោក Teuku Faizasyah អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ប្រាប់​សារព័ត៌មាន​នីកេ (Nikkei Asian Review) ​ថា បញ្ហា​ទំនាក់ទំនង​ឥណ្ឌូនេស៊ី និង​អ៊ីស្រាអែល​ពិត​ជា​ស្ថិត​ក្នុង​ប្រធានបទ​នៃ​កិច្ចពិភាក្សា​រវាង​លោក ប្លីនកែន និង​អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស រ៉េតណូ ម៉ារស៊ូឌី មែន។

យ៉ាងណាមិញ លោក​បាន​សង្កត់​ធ្ងន់​ថា ជំហរ​របស់​ឥណ្ឌូនេស៊ី​គឺ​នៅ​តែ​ដដែល​ពោល​គឺ «ឥណ្ឌូនេស៊ី​នឹង​បន្ត​ជួយ​ប្រជាជន​ប៉ាឡេស្ទីន ដើម្បី​តស៊ូ​ស្វែងរក​យុត្តិធម៌ និង​ឯករាជ្យ»។

ដំណឹង​នេះ​ត្រូវ​បាន​បែកធ្លាយ​ដំបូង​នៅ​សារព័ត៌មាន​អាមេរិក Axios។

ឥណ្ឌូនេស៊ី​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ ​ដែល​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល​នោះ​ទេ ដោយសារ​តែ​ខ្លួន​ប្រកាស​គាំទ្រ​អធិបតេយ្យភាព​ប៉ាឡេស្ទីន។ នេះ​ក៏​ព្រោះ​តែ​មហាជន​ភាគ​ច្រើន​នៅ​ឥណ្ឌូនេស៊ី​ជា​ឥស្លាមសាសនិក៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner