ACU រកឃើញឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ លក់ដីព្រៃលិចទឹកតំបន់៣ បានលុយជាង៥១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែធ្នូថា ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន៣៨ទីតាំង មានទំហំជិត១០០០ ហិកតា (៩៥២,០២ហិកតា (ឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ហិកតា)។ ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន៨លើក បានលុយជាង៥១ម៉ឺនដុល្លារ។

ករណីវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានគរបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលជាប់បទល្មើស (១) បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (២) ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃលិចទឹក (៣) បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំណែកឯឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់។

អង្គភាពប្រឆាំង អំពើពុករលួយបាននាំខ្លួនឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ព័ន្ធនឹងករណីរំលលោភព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ រួមទាំងមន្ត្រីយោធា មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ សរុបចំនួន៣នាក់ ត្រូវបានរកឃើញពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចំនួន២.០៥៨,៥០ហិកតា។
យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាបមានដូចជា
១. លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា
៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា
៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា
៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា
១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា
១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា
១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner