ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយចិន-តៃវ៉ាន់ បង្កឱ្យភាពតានតឹងក្នុងប្រទេសក្រីក្រនៅសមុទ្រប៉ាស៊ីហ្វិក

ភ្លាមៗ​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ប្រជុំ​កោះ​សាឡូម៉ូន​កាល​ពី​ឆ្នាំ ២០១៩ អ្នក​នយោបាយ​បក្ស​ប្រឆាំង​លោក​ភីធ័រ គីនីឡូរី​ជូនញ័រ​ អះអាង​ថា​លោក​បាន​ទទួល​សំណើ​ដ៏​មិន​ប្រក្រតី​មួយ​។

លោក​និយាយ​ថា​មាន​មនុស្ស​មក​រក​លោក​ ហើយ​ស្នើ​ឱ្យ​លោក​ចេញ «មតិ​វិជ្ជមាន​មួយ​ចំនួន​អំពី​ប្រទេស​ចិន ជា​ថ្នូរ​នឹង​ដី​មួយ​ដំ​»​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ដែល​មក​សួរ​លោក​អំពី​រឿង​នេះ​។

លោក​គីនីឡូរី បាន​លើកឡើង​ថា​ ហេតុផល​ពី​ក្រោយ​សំណើ​នេះ​នឹង​អាច​មើល​ឃើញ​នា​ពេល​ឆាប់​ៗ​នេះ​។ មិន​យូរ​ប៉ុន្មាន​នាយករដ្ឋមន្ត្រី​បួន​អាណត្តិ​របស់​កោះ​សាឡូម៉ូន​ម៉ាណាសេ សូហ្កាវ៉ា​ បាន​ផ្លាស់​ប្ដូរ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​កោះ​តៃវ៉ាន់ ទៅ​ចិន​ដីគោក​វិញ​ ដោយ​កាត់​ផ្ដាច់​ទំនាក់ទំនង​ ៣៦ ឆ្នាំ​រវាង​កោះ​ទាំង​ពីរ​។

ប្រជុំ​កោះ​សាឡូម៉ូន​ គឺ​ចំណោម​ប្រទេស​តូច ប៉ុន្តែ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ចិន-តៃវ៉ាន់​ជុំវិញ​ចំនួន​នៃ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​។

ខណៈ​ពេល​ដែល​ការ​ប្រកួត​ប្រជែង​ដដែល​នេះ​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត -ដោយ​ថ្មីៗ​នេះ ប្រទេស​នីការ៉ាហ្គា​បាន​ផ្លាស់​ប្ដូរ​មក​ទទួល​ស្គាល់​ចិន​ដី​គោក​វិញ- ការ​ប្រកួត​ប្រជែង​នៅ​តំបន់​ប៉ាស៊ីហ្វិក​ឥឡូវ​នេះ​បាន​លាយឡំ​ច្របល់​ជាមួយ​ជម្លោះ​ផ្ទៃ​ក្នុង​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ ហើយ​ក្នុង​ករណី​ខ្លះ បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​។

នៅ​ប្រជុំ​កោះ​សាឡូម៉ូន​ ប្រទេស​អូស្ត្រាលី និង​ប្រទេស​ជិត​ខាង​ដទៃ​ទៀត​បាន​បញ្ជូន​ទាហាន​ទៅ​ជួយ​រក្សា​សណ្ដាប់​ធ្នាប់​ បន្ទាប់​មនុស្ស ៣ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​កុបកម្ម​ និង​ការ​បង្ក​អគ្គីភ័យ​ដោយ​ចេតនា​កាល​ពី​ខែ​មុន​។ ភាព​ចលាចល​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​បាតុកម្ម​ដឹក​នាំ​ដោយ​លោក​ដានីយ៉ែល ស៊ូដានី​ អភិបាល​នៃ​កោះ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​សូឡាម៉ូន​ គឺ​កោះ​ម៉ាលីតា​។

លោក​ស៊ូដានី​បាន​លើកឡើង​ថា​លោក​បាន​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​ស្គាល់​ចិន​ដី​គោក ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​បាតុកម្ម​នេះ​មាន​ឫសគល់​នៅ​ក្នុង​ជម្លោះ​រវាង​ជនជាតិ​នីមួយ​នៃ​ប្រជុំ​កោះ​សាឡូម៉ុន​ និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍ ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្នុង​ការ​តម្រង់​ទិស​យុទ្ធសាស្ត្រ​របស់​ប្រទេស​សាឡូម៉ុន​ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​។ ខណៈ​ពេល​ដែល​អូស្ត្រាលី​ បញ្ជាក់​ថា ភាគ​ច្រើន​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នឹង​ត្រូវ​ដក​ចេញ ប្រទេស​ចិន​បាន​ប្រកាស​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​រក្សា​សណ្ដាប់​ធ្នាប់​។ លោ​ជូវ លីជៀន​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា​ក្រុម​ប្រឹក្សា​ប៉ូលិស និង​ឧបករណ៍​បច្ចេកទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​។

លោក​និយាយ​ថា​៖ «​ពួកគេ​នឹង​ទៅ​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប៉ូលិស​មូលដ្ឋាន​»​។

ប្រទេស​ជា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន​ ១០​បាន​ទទួល​ស្គាល់​ចិន​ដី​គោក ហើយ​ត្រឹម​តែ​បួន​ប៉ុណ្ណោះ​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។ ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង​ទាំង​ពីរ​បាន​ផ្តល់​រង្វាន់ ដូចជា​ការ​បង្កើន​ជំនួយ​ដល់​ប្រទេស​ទាំង​នេះ​ ជា​ថ្នូរ​ភក្ដីភាព​ការ​ទូត​។

ភាព​តានតឹង​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ការ​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​រវាង​ចិន​និង​អាមេរិក​ដែល​គាំទ្រ​តៃវ៉ាន់​។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​បង្កើន​ចំណាប់​អារម្មណ៍​របស់​ប្រទេស​ចិន​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ដែល​ប្រទេស​ជា​កោះ​តូច​ៗ​នៅ​តំបន់​នេះ​រួម​គ្នា​គ្រប់គ្រង​រហូត​ទៅ​ដល់​ ២៨% នៃ​ដែន​ទឹក​អធិបតេយ្យភាព​ក្នុង​ពិភពលោក​ ដែល​រួមមាន​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជា​ច្រើន​។ កោះ​នៅ​តំបន់​នេះ​ក៏​ជា​សមរភូមិ​ដ៏​សំខាន់​មួយ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​។

ប្រទេស​ចិន​បាន​បង្កើន​ជំនួយ​នៅ​ក្នុង​តំបន់​នេះ ដែល​ឈាន​ដល់​ ១៤៥ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៨​។ សហរដ្ឋអាមេរិក​មាន​ការ​ព្រួយបារម្ភ​ថា​ក្រុង​ប៉េកាំង​អាច​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​នៅ​តំបន់​នេះ​ សម្រាប់​គោលបំណង​យោធា​។

យ៉ាង​ណា​មិញ​ ខណៈ​ពេល​ដែល​និន្នាការ​ប្រឆាំង​ចិន​បាន​កើន​ឡើង​នៅ​ក្នុង​ប្រជុំ​កោះ​សាឡូម៉ុន​ ប្រជុំ​កោះ​នេះ​មាន​ប្រវត្តិសាស្ត្រ​ជម្លោះ​ជនជាតិ​បង្ក​ដោយ​កាន់​តែ​លំបាក​ដោយ​សារ​កង្វះ​ការងារ​។ បាតុករ​កាល​ពី​ខែ​មុន​បាន​បង្ហាញ​កំហឹង​ចំពោះ​ការ​ពង្រីក​របស់​ចិន​ទៅ​ក្នុង​វិស័យ​កាប់​ឈើ និង​ជីក​រ៉ែ និង​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ពិសេស​ទៅ​លើ​អាជីវកម្ម​របស់​ជនជាតិ​ចិន​។

ប្រភព​ការទូត​បាន​ឱ្យ​ដឹង​ថា​លោក​នាយករដ្ឋមន្ត្រី​សូហ្កាវ៉ា​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​ប្ដូរ​ការ​ទទួល​ស្គាល់​ពី​តៃវ៉ាន់​ ទៅ​ចិន​ដី​គោក​ តាម​ការ​ទាមទារ​របស់​សមាជិក​សភា​សាឡូម៉ុន​មួយ​ក្រុម​ ជា​ថ្នូរ​នឹង​ទទួល​ការ​គាំទ្រ​ពី​ពួកគេ​។ គេ​មិន​ដឹង​ហេតុ​អ្វី​បាន​ជា​សមាជិក​សភា​មួយ​ក្រុម​នេះ​ចង់​ផ្លាស់​ប្ដូរ​ការ​ទទួល​ស្គាល់​ ប៉ុន្តែ​គេ​អាច​ក្រឡេក​មើល​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ផ្លាស់​ប្ដូរ​ការ​ទទួល ហើយ​ទទួល​ការ​វិនិយោគ​ជា​ច្រើន​ពី​ប្រទេស​ចិន​។

លោក​សូហ្កាវ៉ា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ទទួល​ប្រាក់​សំណូក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​ទទួល​ស្គាល់​នេះ ហើយ​កាល​ពី​សប្ដាហ៍​មុន​លោក​បាន​ជៀស​វាង​ការ​បោះឆ្នោត​ទម្លាក់​ពី​អំណាច​ដោយ​សភា​កោះ​សាឡូម៉ុន​។ លោក​បាន​និយាយ​ថា​ព្រឹត្តិការណ៍​ទាំង​នេះ​គឺ​ជា​«ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​ដែល​បង្ក​ឡើង​ដោយ​ភ្នាក់ងារ​របស់​តៃវ៉ាន់​»​។

កោះ​ម៉ាលីតា​ បាន​ប្រឆាំង​ការ​ទទួល​ស្គាល់​ចិន​ដី​គោក​ ហើយ​បាន​ប្រកាស​រៀប​ចំ​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រជុំ​កោះ​សាឡូម៉ុន​ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​លើកឡើង​ថា​ការ​បោះឆ្នោត​នេះ​ទំនង​នឹង​មិន​ជោគជ័យ​ទេ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner