សម្តេចប៉ាបនិយាយថា ការធ្លាក់ចុះអត្រាកំណើតរបស់អ៊ីតាលីគឺជាសោកនាដកម្មមួយ

សម្តេច​​ប៉ាប​​ហ្រ្វង់ស័រ​​ សម្តែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​កំណើត​របស់​ប្រទេស​អ៊ីតាលី​ ដោយ​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ធ្លាក់​ចុះ​នេះ​តំណាង​ឱ្យ​ការ​គំរាម​កំហែង​ដល់​អនាគត​របស់​ប្រទេស​។​

ការិយាល័យ​​ស្ថិតិ​ជាតិ​អ៊ីតាលី​ (ISTAT) និយាយ​នៅ​ខែ​នេះ​ថា​ ចំនួន​កំណើត​នៅ​អ៊ីតាលី​កាល​ពី​ឆ្នាំ​មុន​​ឈាន​ដល់​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ការ​បង្រួប​បង្រួម​ជាតិ​ក្នុង​ឆ្នាំ​ ១៨៦១ ​ដោយ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ១២ ​ឆ្នាំ​ជាប់​ៗ​គ្នា​។​

សម្តេចប៉ាប​​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​នៅ​មុខ​វិហារ​ St Peter’s Basilica ​ថា​៖​ «​រដូវរងា​ប្រជាសាស្រ្ត​គឺ​ជា​ការ​ព្រួយ​បារម្ភ​ពិត​ប្រាកដ​ ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​»​។​​ លោក​បន្ត​ថា​៖​ «​វា​ហាក់​បី​ដូច​ជា​មនុស្ស​ជា​ច្រើន​​បាត់​បង់​ការ​ចង់​បាន​កូន​។​ គូស្នេហ៍​ជា​ច្រើន​ចូល​ចិត្ត​នៅ​មិន​ទាន់​មាន​កូន​ ឬ​ចង់​មាន​កូន​តែ​មួយ​។​ វា​ជា​សោកនាដកម្ម​មួយ​ ដែល​កើត​ឡើង​ប្រឆាំង​នឹង​គ្រួសារ​​ ប្រទេស​ និង​អនាគត​របស់​យើង​»​។​

​ការិយាល័យ​ស្ថិតិ​ ISTAT រៀបរាប់​ថា ​អ៊ីតាលី​មាន​កំណើត​ថ្មី​ចំនួន​ ៤០៤ ៨៩២ ក្នុង​ឆ្នាំ​២០២០ ​​ហើយ​វា​ធ្លាក់​ចុះ​ ១៥ ១៩២ ​ប្រៀប​ធៀប​នឹ​ង​ឆ្នាំ​ ២០១៩ ​ប៉ុន្តែ​មាន​អ្នក​ស្លាប់​រហូត​ដល់​ ៧៤៦ ១៤៦ ​នាក់​ ​ខណៈ​ប្រទេស​នេះ​មាន​ប្រជាជន​​ជាង​ ៥៩,៥ ​លាន​នាក់​។​ ការិយាល័យ​ដដែល​និយាយ​​​ថា​​ ​ជំងឺ​រាតត្បាត​កូវីដ​១៩​ ក៏​ជា​កត្តា​នៃ​ការ​ថយ​ចុះ។​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner