ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត កែប អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានដឹកនាំមន្ត្រីជំនាញ អញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឆ្នាំសិក្សា ២០២០-២០២១ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងពេលបើកវិញ្ញាសារនោះក៏មានការ ចូលរួម ពីសំណាក គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ ព្រមទាំង អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងការចូលរួមសង្កេតការណ៍ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឆ្នាំសិក្សា ២០២០-២០២១នេះ ខេត្តកែប មានមណ្ឌលប្រឡងចំនួន ០២ មណ្ឌល ស្មើនឹង ១៣បន្ទប់ មានសិស្សសរុប ៣០៩នាក់ ស្រី ១៦២នាក់ ក្នុងនោះស្វ័យរិន ១០នាក់ ស្រី ៤នាក់ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រ ០១ មណ្ឌល គឺមណ្ឌលបឋមសិក្សាស្បូវ មាន ២បន្ទប់ បេក្ខជនសរុប ៤៥នាក់ ស្រី ២៣នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គម ០១ មណ្ឌល គឺមណ្ឌលវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស មាន ១១បន្ទប់ បេក្ខជនសរុប ២៦៤នាក់ ស្វ័យ រិន ១០នាក់ផងដែរ ដោយឡែកគណៈមេប្រយោគទាំងពីរមណ្ឌល សរុប ៥២នាក់ ស្រី ១៨នាក់ ។

នៅក្នុងមណ្ឌលប្រឡងទាំងពីរនេះ គេសង្កេតឃើញមានវត្តមាន កំលាំងនៃស្នងការដ្ឋាននគរបាលខេត្ត កងកំលាំងនៃបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត និងក្រុមយុវជន ស.ស.យ.ក ខេត្ត ប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណមណ្ឌលផងដែរ ។ ដើម្បីធានាកុំអោយមានការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងមណ្ឌលប្រឡង អនុគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រខេត្ត បានត្រៀមឧបករណ៍តេស្តរហ័ស សម្រាប់ធ្វើតេស្តបេក្ខជន ដោយធ្វើការពិនិត្យកំដៅ បាញ់អាល់កុល មុនចូលប្រឡង និងបានបិតស្ទិកគ័រ បញ្ជាក់សុខភាព នៅលើសាលាកបត្រឯកតជន របស់បេក្ខជន និងរៀបចំអោយមានការរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវនៅក្នុងពេលដំណើការប្រឡងផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្សតាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ ឲ្យបាននូវគោលការណ៍ណែនាំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា បទបញ្ញត្តិ និងបទញ្ជាផ្ទៃក្នុង នានាដើម្បីធានា ឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ ដោយអនុវត្តតាមពាក្យស្លោក “ចេះគឺជាប់”។

ក្រៅពីនេះប្អូនៗដែលជាបេក្ខជនប្រឡង ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើវិញ្ញាសារដោយប្រុងប្រយ័ត្ន ជៀសការលួចចម្លង ដែលអាចនឹងត្រូវបញ្ឈប់ការប្រឡង និងធ្លាក់ដោយស្វ័យប្រវត្ត ពិសេស ត្រូវគោរពវិន័យម៉ោងពេលវេលាទៀងទាត់ ការធ្វើដំណើរទៅប្រឡងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលនេះថ្ងៃដ៏សំខាន់ ក្នុងរយៈពេល១២ឆ្នាំ ដែលយើងខិតខំរៀនសូត្រ ឯកឧត្តម ក៏សូមជូនពរប្អូនៗទាំងអស់ទទួលបាន ជោគជ័យ ក្នុងការប្រឡងគ្រប់ៗគ្នា ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner