ដំណើរការប្រឡងបាក់ឌុប នៅខេត្តកំពតប្រព្រឹត្តិទៅល្អប្រសើរ និងគ្មានសិស្សណាម្នាក់វិជ្ជមានកូវីដ១៩ទេ
នៅព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ២០២១ ឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងកងកម្លាំង ជុំវិញខេត្តបានអញ្ជើញ បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត ។ ទិដ្ឋភាពជារួមដំណើរការប្រឡង មានលក្ខណៈល្អប្រសើរ ពិសេសមិនមានសិស្សណាម្នាក់វិជ្ជមានកូវីដ១៩នោះទេ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក តាក់ ហាប់ បានប្រាប់ឲ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។ មានមណ្ឌលប្រឡងនៅក្នុងក្រុង ស្រុកចំនួន ៣ គឺនៅក្នុងនោះក្រុងកំពតមានចំនួន៤មណ្ឌល ស្រុកអង្គរជ័យ ចំនួន ៣មណ្ឌល និងស្រុកទឹកឈូចំនួន ៣មណ្ឌល ដែលមានបេក្ខជនដាក់ពាក្យប្រឡងមានចំនួន៥.០៣០នាក់។ក្រោយពិនិត្យរួចគ្មានសិស្សណាម្នាក់វិជ្ជមានកូវីដ១៩ទេ ។
ក្រុមការងារនិស្សិតត្រួតពិនិត្យបេក្ខជនចូលប្រឡងមកពីរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា សិស្សានុសិស្សដែលជាបេក្ខជនចូលរួមប្រឡងមានកិច្ចសហការល្អ ទាក់ទងនឹងការបង្ការទប់ស្កាត់កូវីដ១៩និងការត្រៀមលក្ខណៈក្នុងការបង្ហាញសមត្ថភាពពិតរបស់ខ្លួន ដោយមិនបានលាក់លួចដាក់ឧបករណ៍ឬឯកសារហាមឃាត់ទេ។
ក្នុងឱកាសបើកវិញ្ញាសារនោះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿនផ្តាំផ្ញើ ដល់បេក្ខជនប្រឡងទាំងអស់សូមតាំងស្មារតីបញ្ចេញឲ្យអស់នូវសមត្ថភាពពិតរបស់ខ្លួនដែលបានសិក្សាកន្លងមក ដើម្បីទទួលបានពិន្ទុល្អ បង្ករលទ្ធភាពអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបានងាយស្រួល ។ ពិសេសត្រូវរួមគ្នាយកចំណេះវិជ្ជាទាំងអស់នេះ ទៅបម្រើប្រយោជន៍សង្គម និងប្រទេសជាតិនៅថ្ងៃខាងមុខ ដើម្បីជាកិច្ចតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងបំណង់បណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានសក្ដានុពលពីទីក្រុងរហូតដល់តំបន់ជនបទ ៕