លោក ចូ បៃដិន ប្តេជ្ញាដោះស្រាយការខ្វះខាតឧបករណ៍ធ្វើតេស្តរក Covid-19 ខណៈករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង កើនឡើងខ្លាំង
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សន្យាជំនះលើបញ្ហាកង្វះខាតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ស្របពេលដែលវីរុសបំប្លែងថ្មី អូមីក្រុង កំពុងតែបង្កការរាំងស្ទះនៅតាមមន្ទីរពេទ្យនានា និងផែនការធ្វើដំណើរកម្សាន្តឆ្លងឆ្នាំត្រូវបង្អាក់ជាបណ្តើរៗ។
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា នៅក្នុងរយៈពេល ៧ថ្ងៃមកនេះ ករណីឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ទៅ ៥៥ភាគរយ ហើយភាគច្រើនបំផុតបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង។ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩ និងអភិបាលរដ្ឋនានារបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា ការមើលឃើញអំពីភាពលំបាកសម្រាប់មនុស្សចំនួន ក្នុងការទទួលបានការធ្វើតេស្តនៅចុងសប្តាហ៍នេះ ពិតជាបង្ហាញថា យើងមានការងារបន្ថែមទៀតដែលត្រូវធ្វើ… ច្បាស់ណាស់ ឧបករណ៍ធ្វើតេស្តគឺមិនគ្រប់គ្រាន់ឡើយ។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកកំពុងជំរុញការផលិតឧបករណ៍ធ្វើតេស្តនៅក្នុងស្រុក ហើយនឹងធ្វើឲ្យវាកាន់តែប្រសើរឡើង ក្នុងការប្រើប្រាស់ស្របជាមួយកម្មវិធីឆ្លាតវៃរបស់ក្រុមហ៊ុន Google ដើម្បីសម្រួលឲ្យប្រជាជនងាយរកកន្លែងធ្វើតេស្តដែលនៅជិតបំផុត៕ ប្រភព៖ Reuters