ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក បានលើកឡើងថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ

អត្ថបទដោយ៖
AMS OneMinute

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Qin Gang បានលើកឡើងក្នុងជំនួបជាមួយអ្នកកាសែតធំៗនៅអាមេរិកថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ ដោយសារតែចិនមិនមែនជាសហភាពសូវៀត។

លោកបានបញ្ជាក់ជំហររបស់ចិនថា ចិនត្រូវការគោរពគ្នាទៅវិញ ចិនចង់បានសន្តិភាពប្រកបដោយសន្តិសហវិជ្ជមាន ហើយចិនចង់បានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប៉ុន្តែចិនកំពុងប្រឈមមុខនឹងការទិតៀនជារៀងរាល់ថ្ងៃ ក៏ដូចជាខ្សែបន្ទាត់មនោគមវិជ្ជា ដែលបែងចែកពិភពលោក ព្រមទាំងគំនិតក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ជាពិសេសលើកិច្ចការតៃវ៉ាន់។

ឯកអគ្គរដ្ឋទូតចិនរូបនេះយល់ឃើញថា បញ្ហាសង្គ្រាមត្រជាក់ជំនាន់ថ្មីនេះកើតឡើងដោយសារតែអាមេរិកប្រដូចចិនទៅនឹងអតីតសហភាពសូវៀត តែចិនមិនមែនជាសហភាពសូវៀត ហើយអាមេរិកពេលនេះក៏មិនមែនជាអាមេរិក ៣០ឆ្នាំមុនដែរ។

លោក Gang បានលើកហេតុផលចំនួន ៣ ដោយទី១ ចិនមិនមែនជាសហភាពសូវៀត ទី២ ចិនបានរៀនសូត្រពីការដួលរលំរបស់សូវៀត ហើយទី៣គឺ គណបក្សកុម្មុយនិស្តចិនបានយកឈ្នះបេះដូង និងចិត្តរបស់ប្រជាជនចិនចំនួន ១,៤ពាន់លាននាក់។

ប្រភព៖ SCMP

ads banner