សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យផ្ទេរអនីតិជនទាំងអស់ពីពន្ធនាគារនានាមកមណ្ឌលយុវនីតិសម្បទានៅស្រុកកណ្ដាលស្ទឹង
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យក្រសួងពាក់ព័ន្ធត្រូវប្រញាប់រៀបចំប្រកាសអន្តរក្រសួងមួយ ដើម្បីគ្រប់គ្រងមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្ទេរអនីតិជនទាំងអស់ពីពន្ធនាគារនានាមកមណ្ឌលយុវនីតិសម្បទានេះ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកទី២៨ ខែធ្នូ ឆ្នាំ២០២១។
![](https://asset.ams.com.kh/central/media/photo_2021-12-28_16-27-39-1024x682.jpg)
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា គិតមកដល់ពេលនេះ តាមរបាយការណ៍អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួនអនីតិជនកំពុងជាប់ឃុំមានចំនួន ១៤២២នាក់ ដោយអ្នកខ្លះស្ថិតក្នុងភាពជាជនត្រូវចោទ ខ្លះជាជនជាប់ចោទ ខ្លះជាពិរុទ្ធជន និងខ្លះទៀតជាទណ្ឌិត។ ពួកគេភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសលួចមានស្ថានទម្ងន់ទោសឬប្លន់ លួច មនុស្សឃាត រំលោភ និងបទល្មើសផ្សេៗ។ ក្នុងចំណោមអនីតិជនកំពុងជាប់ឃុំនោះ មានអនីតិជនចំនួន ៥០នាក់ ត្រូវបានផ្ទេរឱ្យមកមណ្ឌលយុវនីតិសម្បទានៅស្រុកកណ្តាលស្ទឹង ដើម្បីដំណើរការគ្រប់គ្រងសាកល្បង។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំក្រសួងពាក់ព័ន្ធត្រូវប្រញាប់រៀបចំប្រកាសអន្តរក្រសួងមួយ ដើម្បីគ្រប់គ្រងមណ្ឌលនេះ និងផ្ទេរអនីតិជនទាំងអស់ពីពន្ធនាគារនានាមកមណ្ឌលយុវនីតិសម្បទានេះ។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទានេះ គឺសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថាជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា។ មណ្ឌលនេះគឺជាកន្លែងដែលអនីតិជនប្រព្រឹត្តខុសច្បាប់ ត្រូវរៀបចំឱ្យមកទទួលការអប់រំកែប្រែខ្លួនក្លាយជាយុវជនល្អក្នុងសង្គមជាតិវិញ ដែលការងារនេះ គឺសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដោយផ្អែកតាមច្បាប់ជាតិ និងវិធានអន្តរជាតិ ។
![](https://asset.ams.com.kh/central/media/photo_2021-12-28_16-27-38-1024x682.jpg)
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា មណ្ឌលយុវនីតិសម្បទានេះ នឹងអាចដើរតួនាទីរួមចំណែកជួយស្ដារនីតិសម្បទា ជួយកសាងធនធានមនុស្សរបស់ជាតិ។ សម្ដេចក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមគ្នាខិតខំធ្វើយ៉ាងណាឱ្យមណ្ឌលនេះអាចបន្តអភិវឌ្ឍន៍រីកចម្រើនតាមផែនការ និងទទួលបានជោគជ័យ។
សម្ដេចក្រឡាហោមក៏បានរម្លឹកអំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២១នេះ ដោយបានសង្កត់ធ្ងន់អំពីហានិភ័យនៃការនាំចូលសារធាតុផ្សំផ្សេងៗមកសំយោគផលិតជាគ្រឿងញៀន។
សម្ដេចបានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីរក្សាកិត្តិយសប្រទេសលើឆាកអន្តរជាតិ ការពារប្រជាពលរដ្ឋកុំឱ្យធ្លាក់ក្នុងអន្លង់គ្រឿងញៀន និងថែរក្សាសន្តិសុខជូនពលរដ្ឋ៕ ដោយៈ ពលជ័យ
![](https://asset.ams.com.kh/central/media/photo_2021-12-28_16-27-39-2-1024x682.jpg)