ជប៉ុនត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា, នេះបើតាមលោកទូតជប៉ុនប្រចាំកម្ពុជា
ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ធ្នូនេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានជម្រាបជូនសម្ដេចថា ជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ នេះបើតាមហ្វេសប៊ុក សម្ដេចតេជោ ។
ក្នុងជំនួបនេះដែរ លោកឯកអគ្គរាជទូតជប៉ុនបានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនដែលក្នុងនោះមានលើវិស័យសុខាភិបាលដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខា នៅពេលខាងមុខនេះ ។
ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា «ឆ្នាំ២០២២ គឺជាខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ» ។
ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀមផ្ដល់នូវកិច្ចសហប្រតិបត្តិការ លើការគាំទ្រដល់កម្ពុជាធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យ ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ ។
ជាមួយគ្នានោះផងដែរ លោក Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោ លើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា នារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជា ការគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ។
ទាក់ទិននឹងការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ៕